លោក ហ៊ុន សែន ទៅ​ចិន​ចំពេល​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​តុលា បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​កម្ពុជា ទៅ​កាន់​ទីក្រុង​ម៉ាកាវ (Macao) ប្រទេស​ចិន ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​មួយ​ចំនួន​នៅ​ទី​នោះ ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ទី​១៧ ខែ​តុលា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឲ្យ​ដឹង​ថា នៅ​ប្រទេស​ចិន លោក ហ៊ុន សែន នឹង​ចូល​រួម​ប្រជុំ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​សកល​ម៉ាកាវ ឆ្នាំ​២០១៥ សន្និសីទ​ពិសេស​របស់​គណបក្ស​នយោបាយ​នៅ​អាស៊ី ស្តីពី "វិថី​សូត្រ" វេទិកា​ស្តីពី "ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​សកល" និង​ការ​អភិវឌ្ឍ​ឆ្នាំ​២០១៥ ព្រម​ទាំង​វេទិកា "សៀងសាន លើក​ទី​៦"។

គណៈ​ប្រតិភូ​អម​ដំណើរ លោក ហ៊ុន សែន រួម​មាន​ឧបនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន និង​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណី និង​ទូរគមនាគមន៍ លោក ប្រាក់ សុខុន។

​ក្រសួង​ការបរទេស​ឲ្យ​ដឹង​ដែរ​ថា ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​ប្រទេស​ចិន លោក ហ៊ុន សែន នឹង​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​ថ្នាក់ដឹកនាំ​របស់​ប្រទេស​ចិន ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។