គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​ឃុំ​អំពាវនាវ​សុំ​ការ​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ

ក្រុម​គ្រួសារ​សកម្មជន​គណបក្ស​ប្រឆាំង ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ មិន​សប្បាយចិត្ត​ដូច​ក្រុម​គ្រួសារ​គេ​ដទៃ​ទៀត​ដែល​បាន​ជួបជុំ​បងប្អូន ក្រុម​គ្រួសារ​នា​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​ឡើយ។

ក្រុម​គ្រួសារ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​នោះ អំពាវនាវ​ដល់​ព្រះមហាក្សត្រ​ឲ្យ​ព្រះរាជទាន​លើកលែង​ទោស​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ដែល​ជា​អ្នក​ទោស​នយោបាយ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

ភរិយា​លោក អ៊ុក ពេជ្រសំណាង គឺ​អ្នកស្រី ទិត្យ ណារិន្ទ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ថា ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ អ្នកស្រី​មិន​បាន​ជួបជុំ​ក្រុម​គ្រួសារ​នោះ​ទេ ដោយសារ​ស្វាមី​របស់​គាត់​ជាប់​ពន្ធនាគារ និង​កូន​ប្រុស​ច្បង​បាន​ស្លាប់​ចោល បន្សល់​ទុក​នូវ​ចៅ​ប្រុស​កំព្រា​ម្នាក់។

អ្នកស្រី ទិត្យ ណារិន្ទ ទទូច​សុំ​ព្រះមហាក្សត្រ និង​រដ្ឋាភិបាល​លើកទោស​ដល់​ស្វាមី​របស់​អ្នកស្រី​វិញ ពិសេស​អ្នកស្រី​ចង់​ឲ្យ​លោក អ៊ុក ពេជ្រសំណាង បាន​មក​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​កូន​របស់​គាត់​គម្រប់ ១០០​ថ្ងៃ នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ខាង​មុខ៖ «»។

លោក អ៊ុក ពេជ្រសំណាង មាន​កូន ៤​នាក់ នៅ​ក្នុង​បន្ទុក។ លោក​ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ហើយ​បន្ទាប់​ពី​ចាប់​ខ្លួន​បាន​ប៉ុន្មាន​ម៉ោង កូន​ប្រុស​ច្បង​របស់​លោក​បាន​ស្លាប់ ដោយ​លោក​មិន​បាន​ជួប​មុខ​កូន​ប្រុស​ចុង​ក្រោយ​នោះ​ឡើយ។

អ្នកស្រី ទិត្យ ណារិន្ទ រៀបរាប់​ទាំង​ក្ដុកក្ដួល​ក្នុង​ចិត្ត​ថា ពេល​ភ្ជុំ​បិណ្ឌ​នេះ អ្នកស្រី​ហាក់​ដូចជា​បាត់​អ្វីៗ​ទាំង​អស់ ព្រោះ​តែ​ស្វាមី​ជាប់​ពន្ធនាគារ រី​ឯ​កូន​ប្រុស​ច្បង​លា​ចាក​លោក​គ្មាន​ថ្ងៃ​វិល​វិញ។ អ្នកស្រី​បញ្ជាក់​ថា ក្នុង ១​ខែ គាត់​ត្រូវ​ទៅ​សួរ​សុខទុក្ខ​ប្ដី​គាត់​ចំនួន ៣​ដង ប៉ុន្តែ​ខាង​ឆ្មាំ​គុក​មិន​អនុញ្ញាត​ឲ្យ​គាត់​បាន​ជួប​មុខ​លោក អ៊ុក ពេជ្រសំណាង ដោយ​ផ្ទាល់​នោះ​ឡើយ៖ «»។

ឆ្លើយ​តប​នឹង​ករណី​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា អ្នក​ទោស​មាន​ប្រភេទ​ខុសៗ​គ្នា ដូច្នេះ​បាន​ជា​ឆ្មាំ​គុក​មិន​អនុញ្ញាត​ឲ្យ​ជួប​ផ្ទាល់​នោះ។ លោក​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ក្រុម​គ្រួសារ​សកម្មជន​គណបក្ស​ប្រឆាំង​ណា​ម្នាក់ ដាក់​លិខិត​ស្នើ​សុំ​ការ​លើក​លែង​ទោស​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។ តែ​លោក​បន្ថែម​ថា ករណី​សកម្មជន​គណបក្ស​ប្រឆាំង​នេះ​មិន​ទាន់​មាន​សាលក្រម​ស្ថាពរ​នៅ​ឡើយ​ទេ គឺ​ស្ថិត​នៅ​ក្នុង​ដំណើរការ​ក្ដី ដូច្នេះ​ការ​សុំ​ព្រះរាជទាន​ទោស​ក៏​មិន​អាច​បាន​ដែរ៖ «»។

តុលាការ​ក្រុង​ភ្នំពេញ បាន​សើរើ​សំណុំ​រឿង​ចាស់​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៥​នាក់ ក្រោម​បទ​ចោទ​ផ្សេងៗ​គ្នា ទាក់ទង​អំពើ​ហិង្សា​នៅ​ស្ពាននាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤។

ក្នុង​ជំនួប​រវាង​លោក ស ខេង អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៩ ខែ​តុលា នៅ​វិមាន​រដ្ឋសភា លោក សម រង្ស៊ី ស្នើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​លោក ស ខេង ឲ្យ​មាន​ការ​លើកលែង​ទោស​សកម្មជន​របស់​ខ្លួន​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​ឆ្លើយ​តប​ថា ករណី​នេះ​ទុក​ឲ្យ​ច្បាប់​ជា​អ្នក​ដោះស្រាយ ព្រោះ​ថា វប្បធម៌​សន្ទនា​ក្ដី ការ​ដោះលែង​សកម្មជន​គណបក្ស​ប្រឆាំង​ក្ដី ត្រូវ​ផ្អែកលើ​គោលការណ៍​ច្បាប់។

ភរិយា​លោក អ៊ុក ពេជ្រសំណាង គឺ​អ្នកស្រី ទិត្យ ណារិន្ទ រៀបរាប់​ថា អ្នកស្រី​បាត់​បង្គោល​គ្រួសារ និង​ប្រភព​ចំណូល​ដ៏​សំខាន់​នៅ​ក្នុង​គ្រួសារ ក្រោយ​ពេល​ស្វាមី​គាត់​ជាប់​ពន្ធនាគារ។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ឲ្យ​ដឹង​ថា ជា​គោលការណ៍​ព្រះមហាក្សត្រ​ព្រះរាជទាន​ទោស និង​បន្ធូរបន្ថយ​ទោស​ដល់​អ្នក​ទោស​ក្នុង​មួយ​ឆ្នាំ​មាន​តែ ៣​ដង​ទេ គឺ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី បុណ្យ​ពិសាខបូជា និង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ប្រពៃណី​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។