អង្គការ​ស្ដារ​កម្ពុជា​កំពុង​ពង្រឹង​សមត្ថភាព​តំណាង​សហគមន៍​ព្រៃឈើ​នៅ​ពោធិ៍សាត់

អង្គការ​ស្ដារ​កម្ពុជា (Star Kampuchea) បាន​បញ្ចូល​សហគមន៍​ព្រៃឈើ នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ចំនួន ១៤ ក្នុង​ផែនការ​សកម្មភាព​របស់​ខ្លួន ដើម្បី​ពង្រឹង​សមត្ថភាព​តំណាង និង​ប្រជា​សហគមន៍​ក្នុង​កិច្ច​ការពារ​ព្រៃឈើ។ នាយិកា​ប្រតិបត្តិ​របស់​អង្គការ​នេះ បញ្ជាក់​ថា ក្នុង​ចំណោម​សហគមន៍​ចំនួន ១៤ មាន​សហគមន៍​ចំនួន ១២ បាន​ដំណើរការ​បាន​រលូន។

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ចាត់​ទុក​ការ​បង្កើត​សហគមន៍​ព្រៃឈើ គឺ​អាច​ជួយ​ពង្រឹង​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ជាតិ ព្រោះ​ថា ព្រៃ​សហគមន៍​ទាំង​នោះ​ត្រូវ​បាន​រក្សា​គង់វង្ស និង​ប្រើប្រាស់​ដោយ​ត្រឹមត្រូវ។ ប៉ុន្តែ​ការ​បង្កើត​សហគមន៍​នេះ គឺ​ប្រឈម​បញ្ហា​មួយ​ចំនួន ដូចជា​កើត​មាន​ជម្លោះ​ដីធ្លី និង​ការ​លួច​ចូល​ទន្ទ្រាន​ដី​ព្រៃ។ អង្គការ​ស្ដារ​កម្ពុជា ផ្ដល់​បច្ចេកទេស និង​ថវិកា​ដល់​តំណាង​សហគមន៍ ដើម្បី​ការពារ​ព្រៃឈើ។

នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​ស្ដារ​កម្ពុជា អ្នកស្រី ជេត ចរិយា មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១២ មក ​អង្គការ​អ្នកស្រី​ជួយ​សម្រួល​បច្ចេកទេស ថវិកា និង​លិខិត​បទដ្ឋាន​នានា ក្នុង​ការ​ជំរុញ​ឲ្យ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ចេះ​ចងក្រង និង​បង្កើត​សហគមន៍ ហើយ​ចេះ​ការពារ​ព្រៃឈើ​ក្នុង​សហគមន៍​ដោយ​ខ្លួន​ឯង។ អ្នកស្រី​ថា គម្រោង​នេះ​បង្កើត​នៅ​ខេត្ត​ព្រៃវែង មួយ​សហគមន៍ និង​នៅ​ពោធិ៍សាត់ ចំនួន​១៤៖ «»។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥ អង្គការ​ស្ដារ​កម្ពុជា បាន​បណ្ដុះបណ្ដាល​តំណាង​សហគមន៍​ព្រៃឈើ​មក​ពី​តំបន់​ផ្សេងៗ​​គ្នា​ក្នុង​ស្រុក​ក្រគរ ប្រមាណ ១០០​នាក់ អំពី​នីតិ​វិធី​បង្កើត​សហគមន៍ និង​ដោះស្រាយ​បញ្ហា​ដីធ្លី។ មន្ត្រី​អង្គការ​ស្ដារ​កម្ពុជា បង្ហាញ​ថា ផ្ទៃ​ដី​ព្រៃ​សហគមន៍​នៅ​ស្រុក​ក្រគរ មាន ១.៤០០​ហិកតារ និង​សហគមន៍​មួយ​នៅ​ព្រៃវែង មាន​ទំហំ ៥០០​ហិកតារ ដែល​អង្គការ​ស្ដារ​កម្ពុជា កំពុង​ធ្វើ​ការ​ជាមួយ។

ទាក់ទង​បញ្ហា​នេះ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​ក្រគរ លោក ប៉ុល ចាន់ថា ឲ្យ​ដឹង​ថា សកម្មភាព​លួច​ចូល​ទន្ទ្រាន​ដី​ព្រៃ ឬ​ជម្លោះ​ដីធ្លី​បាន​កើត​ឡើង​ក្រោយ​តំបន់​ទាំង​នោះ​ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ចូល​ជា​ព្រៃ​សហគមន៍​តាម​ការ​ស្នើ​សុំ​របស់​ពលរដ្ឋ។ លោក​ថា នៅ​ក្នុង​ស្រុក​ក្រគរ មាន​ព្រៃ​សហគមន៍​ជា​ច្រើន​បាន​បង្កើត ក្នុង​នោះ​មាន​សហគមន៍​ពីរ ឬ​បី​ទៀត​កំពុង​មាន​ជម្លោះ​ប្រទាញប្រទង់​ដី​គ្នា​ក្នុង​ប្លង់​ព្រៃ​សហគមន៍​រវាង​ប្រជាពលរដ្ឋ និង​តំណាង​សហគមន៍៖ «»។

ទន្ទឹម​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​លើ​វិស័យ​ព្រៃឈើ និង​សហគមន៍​នេះ ក្រុម​ពលរដ្ឋ​ដែល​ប្រើប្រាស់​ព្រៃ​សហគមន៍​ខ្លះ​ត្អូញត្អែរ​ថា ព្រៃ​សហគមន៍​ភាគ​ច្រើន​រេចរឹល និង​ខ្លះ​មាន​ជនល្មើស​ចូល​ទន្ទ្រាន​យក​ដី ឬ​ឈើ​យក​ទៅ​លក់។ បញ្ហា​ពុំ​មាន​ធនធាន​ព្រៃឈើ​គ្រប់​គ្រាន់​នេះ បាន​ធ្វើ​ឲ្យ​ប្រជា​សហគមន៍​ងាក​ទៅ​ធ្វើ​ការងារ​រោងចក្រ ឬ​ចំណាក​ស្រុក​ទៅ​ធ្វើ​កម្មករ​ក្រៅ​ប្រទេស​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។