អ្នកគ្រូ​ជីវៈ​ម្នាក់​នេះ ដោះ​ខោ​អាវ​ដើម្បី​ពន្យល់​សិស្ស ពី​កាយ​មនុស្ស!

នាង ដេប៊ី ហ៊ីកេន (Debby Heerkens) សាស្ត្រាចារ្យ ផ្នែកជីវៈវិទ្យា នៅក្នុងប្រទេសហូឡង់ បានជ្រើស​រើស​វិធីសាស្ត្រ​ដ៏​ពិសេស​មួយ សម្រាប់ពន្យល់មេរៀន ទៅកាន់កូនសិស្ស។ អ្នកគ្រូបានដោះខោអាវ នៅ​លើ​ដង​ខ្លួន​ចេញ ដើម្បី​បង្ហាញ​ពី​រូប​រាង​កាយ​របស់​នាង ពន្យល់ទៅកាន់កូនសិស្ស។
ឈុតឆាកមួយ ដែលអ្នកគ្រូវ ដេប៊ី បានឡើងលើតុ ហើយដោះខោអាវចេញ ដើម្បីពន្យល់មេរៀនកូនសិស្ស។

ដើម្បីធានាថា កូនសិស្សពិតជាទទួលយកទៅដាក់ក្នុងក្បាល នូវការពន្យល់របស់ខ្លួន អ្នកគ្រូ ដេប៊ី ហ៊ីកេន សាស្ត្រាចារ្យខាងជីវៈវិទ្យា នៅសាលារៀន «Groene Hart Rijnwoude» នៃក្រុង «Hazerswoude» ភាគ​ខាងត្បូងប្រទេសហូឡង់ មានសីល្បវិធីដ៏ពិសេសមួយ៖ នោះគឺស្រាតខោអាវរបស់នាង ចេញពីខ្លួន ដោយ​ទុក​នូវ​ការបិតបាំងខ្លួន ដ៏តិចតួចប៉ុណ្ណោះ នៅចំពោះមុខកូនសិស្សរបស់នាង។

គោលបំណងនៃការស្រាតខោអាវនេះ គឹអ្នកគ្រូយើងចង់ពន្យល់បង្ហាញ ពីរាងកាយ ដងខ្លួនមនុស្ស។ និយាយ​ឲ្យចំទៅ នៅពីក្រោមសម្លៀកបំពាក់របស់អ្នកគ្រូ ដែលទើបនឹងដោះចេញនេះ អ្នកគ្រូបានយកកំណាត់ បាន​កាត់​ដេរ និងមានគូសវាស ជាសាច់ដុំរបស់មនុស្ស ឬពីគ្រឿងក្នុងរបស់មនុស្ស។

សាលារៀន «Groene Hart Rijnwoude» បានដាក់បង្ហោះដោយខ្លួនឯង នូវរូបថតជាច្រើនសន្លឹក ជាពិសេស​វីដេអូរបស់អ្នកគ្រូតែម្ដង នៅលើទំព័រហ្វេសប៊ុករបស់សាលា ដើម្បីលើកតម្កើន ពីវិធីសាស្ត្របង្រៀនមួយនេះ ដែលងាយធ្វើឲ្យសិស្សចាប់បាន។ នៅអមនឹងវីដេអូនេះ គេឃើញមានសរសេរចំណងជើងថា៖ «មុខវិជ្ជា​"ជីវៈវិទ្យា"​នៅសាលា"Groene Hart Rijnwoude" គួរឲ្យសប្បាយរីករាយណាស់»។

នាង ដេប៊ី ហ៊ីកេន បានផ្ដល់កិច្ចសម្ភាស ​ឲ្យទូរទស្សន៍អាមេរិក CNN ថា៖ «ដំបូងឡើយ កូនសិស្សមានអារម្មណ៍​ភ្ញាក់ផ្អើលណាស់ ព្រោះពួកគេគិតភ្លាមថា ខ្ញុំនឹងដោះខោអាវចេញទាំងអស់... តែបន្តិចមក ពួកគេបានឃើញ និង​ដឹងថា ខ្ញុំនៅមានអ្វីពិសេស នៅពីក្រោមខោអាវនេះ»។ អ្នកគ្រូបានថ្លែងទៀតថា សិល្ប៍វិធីរបស់នាង បាន​ទទួល​នូវលទ្ធផល ជាវិជ្ជមាន សម្រាប់ឲ្យកូនសិស្សឆាប់ចាប់បាន ប៉ុន្តែបានអះអាងបន្ថែមថា អ្នកស្រីមិនមែនចេះ​តែ​ប្រើ​វិធីនេះ នៅគ្រប់មេរៀននោះទេ៕