តើ​ការរិះគន់​មាន​ភាពចាំបាច់​ដែរឬទេ សម្រាប់​កំណែទម្រង់សង្គម?

ភ្នំពេញ៖ ការរិះគន់​ពិតជា​មាន​សារៈសំខាន់​ណាស់​ចំពោះ​ការកែលម្អ​កំហុសឆ្គង​របស់​បុគ្គល និង​ស្ថាប័ន ពីព្រោះថា គ្មាន​មនុ​ស្សណា​ម្នាក់ ឬ​ស្ថាប័ន​ណាមួយ​អាច​ជៀស​ផុតពី​ក​ហំ​ហុ​ស​ឆ្គង ឬ​ការខ្វះចន្លោះ​ឡើយ ទោះបី​ដោយ​ចេតនា ឬ​អ​ចេតនា​ក្ដី។ ក៏ប៉ុន្តែ ការរិះគន់​ត្រូវតែ​របៀប​សមស្រប និង​ប្រកបដោយ​គោលបំណង​ល្អ ឬ​ហៅថា​ការរិះគន់​ស្ថាបនា។ ឯ​អ្នក​ត្រូវគេ​រិះគន់​វិញ ក៏​មិនត្រូវ​ត្រូវ​ចាត់ទុក​អ្នក​រិះ​ជាស​ត្រូវ ឬ​ជា​ខ្មាំង​របស់ខ្លួន​ដែរ គួរ​ចាត់ទុក​ពួកគេ​ជា​អ្នក​រួមចំណែក​ក្នុងការ​កែលម្អ​កំហុសឆ្គង​របស់ខ្លួន។

ការរិះគន់ មានន័យថា​ជាការ​ត្រួត​ពិនិត្យមើល​ការងារ​របស់​អ្នកណាម្នាក់ (ឬ​ក្រុម​ណាមួយ) ឬ​ការពិភាក្សា ឬ​ការ​ផ្ដល់យោបល់​លើ​អ្វីមួយ ពោលគឺ​សំដៅយក​ការវាយតម្លៃ​ជា​លាយលក្ខណ៍អក្សរ ឬ​ការផ្សព្វផ្សាយ​អំពី​អ្វីមួយ ជាធម្មតា វា​ជា​ការងារ​ប្រកបដោយ​ប្រឌិត​ញ្ញាណ ដែលមាន​ការផ្ដល់​យោបល់ ឬ​ការវាយតម្លៃ​អំពី​គុណ​ភាពល្អ ឬ​អាក្រក់​របស់​អ្វីមួយ។ នៅក្នុង​សង្គម មានការ​យល់ខុសៗគ្នា​អំពី​សារៈសំខាន់​នៃ​ការរិះគន់​នេះ អ្នកខ្លះ​យល់ថា​វា​មានតម្លៃ​គួរ​ត្រូវបាន​គេ​គាំទ្រ​និង​លើកកម្ពស់​ទាំង​ផ្លូវច្បាប់​និង​សីលធម៌ អ្នក​ខ្លះទៀត​យល់ថា វា​មិនមាន​តម្លៃ​ទេ ផ្ទុយទៅវិញ វា​នាំឱ្យមាន​ជម្លោះ មាន​ភាពច្របូកច្របល់ និង​រាំងស្ទះ​ដល់​ការងារ ជាដើម។

យោងតាម​ពិនិត្យ​អង្កេត និង​ការវិភាគ យើង​បាន​មើលឃើញថា ក្នុងការ​អនុវត្ត​ជាក់ស្តែង ការរិះគន់​មាន​បី​ប្រភេទ គឺ​ការរិះគន់​ស្ថាបនា ការរិះគន់​ឈ្នានីស ឬ​ការរិះគន់​បំផ្លិចបំផ្លាញ និង​ការរិះគន់​ដើម្បី​រិះគន់។

១) ការរិះគន់​ស្ថាបនា គឺជា​ការផ្ដល់​យោបល់ ឬ​ការវាយតម្លៃ​អំពី​គុណ​ភាពល្អ ឬ​អាក្រក់​របស់​អ្វីមួយ ឬ​ការងារ​របស់​អ្នកណាម្នាក់ ឬ​ក្រុម​ណាមួយ ដោយ​ផ្អែកលើ​ការសិក្សា ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ គ្រប់​ជ្រុងជ្រោយ ដើម្បី​ឈានទៅដល់​ការវាយតម្លៃ​អំពី​ចំណុចខ្លាំង ចំណុចខ្សោយ និង​បញ្ហា​ប្រឈម ព្រមទាំង​បង្ហាញ​ពី​ដំណោះស្រាយ​សមស្រប​មួយចំនួន​ចំពោះ​បុគ្គល ឬ​ស្ថាប័ន​ដែល​ត្រូវបាន​គេ​រិះគន់​នោះ។ 

២) ការរិះគន់​ឈ្នានីស ឬ​ការរិះគន់​បំផ្លិចបំផ្លាញ គឺជា​ជាការ​ផ្ដល់យោបល់ ឬ​ការវាយតម្លៃ​អំពី​គុណភាព​របស់​អ្វីមួយ ឬ​ការងារ​របស់​អ្នកណាម្នាក់ ឬ​ក្រុម​ណាមួយ ដោយ​ផ្អែក​តែ​លើ​ផ្នែក​អវិជ្ជមាន និង​ចំណុចខ្សោយ រួមទាំង​មានការ​មួលបង្កាច់ ការ​ប្រឌិត​រឿង ការ​លាប​ពណ៌ និង​ការ​បំផ្លើស​ការណ៍​ពិត ក្នុងន័យ​ច្រណែន ឬ​ចង់​ផ្ដួលរំលំ​ដៃគូ​ប្រជែង​របស់ខ្លួន។ ការរិះគន់​ប្រភេទ​នេះ មិនបាន​បង្ហាញ​ពី​ដំណោះស្រាយ​សមស្រប​ណាមួយ​ចំពោះ​បុគ្គល ឬ​ស្ថាប័ន​ដែល​ត្រូវបាន​គេ​រិះគន់​នោះទេ។

៣) ការរិះគន់​ដើម្បី​រិះគន់ គឺជា​ការផ្ដល់​យោបល់ ឬ​ការវាយតម្លៃ​អំពី​គុណភាព​របស់​អ្វីមួយ ឬ​ការងារ​របស់​អ្នកណាម្នាក់ ឬ​ក្រុម​ណាមួយ ដោយ​ផ្អែកលើ​បុរេនិច្ឆ័យ គ្មាន​ទិន្នន័យ គ្មាន​ព័ត៌មាន គ្មាន​សុភនិច្ឆ័យ និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដោយ​គ្រាន់តែ​ថា​តាម​នឹកឃើញ ថា​តាម​អារម្មណ៍ ឬ​អាច​និយាយបានថា​ជា​ប្រភេទ​នៃ​ការរិះគន់​បែប​ទម្លាប់ ឬ​សភាវគតិ ពោលគឺ​អ្វីមួយ​ត្រូវ​ក៏​រិះគន់ អ្វីមួយ​ខុស​ក៏​រិះគន់​ឱ្យតែ​អ្វី​នោះ​មិន​ស្រប​នឹង​ឆន្ទៈ អារម្មណ៍ ឬ​ទស្សនៈ​របស់ខ្លួន។

ជា​សន្និដ្ឋាន ការរិះគន់​ប្រភេទ​ទី២និង​ទី៣ យើង​មិនគួរ​ទទួលយក​ទេ ពីព្រោះ​វា​មិនបាន​ផ្ដល់​មូលដ្ឋាន​ត្រឹមត្រូវ ច្បាស់លាស់ និង​រឹងមាំ សម្រាប់​ឱ្យ​អ្នក​ត្រូវគេ​រិះគន់​យកទៅ​កែលម្អ​កំហុស ឬ​ចំណុច​ខ្វះចន្លោះ​របស់ខ្លួន​បានទេ ឬ​អាច​និយាយបានថា វា​មិនមាន​ភាពចាំបាច់​ចំពោះ​សង្គម​ឡើយ។

ផ្ទុយទៅវិញ ការរិះគន់​ប្រភេទ​ទី១ មាន​ភាពចាំបាច់​សម្រាប់​កំណែទម្រង់សង្គម ដែល​បុគ្គល ឬ​ស្ថាប័ន​គួរ ឬ​ត្រូវតែ​ទទួលយក ពីព្រោះ​វា​បានផ្ដល់​យោបល់ ឬ​ការវាយតម្លៃ​អំពី​គុណភាព​ពិត តាម​លក្ខណៈ​វិទ្យាសាស្ត្រ ដែល​អ្នក​ត្រូវគេ​រិះគន់​អាច​យកទៅ​ប្រើប្រាស់​ដើម្បី​កែលម្អ​កំហុសឆ្គង ឬ​ចន្លោះប្រហោង​ដែល​ខ្លួន​មាន​កន្លងមក។ ហេតុនេះ បុគ្គល ឬ​ស្ថាប័ន​ដែលមាន​កំហុសឆ្គង ត្រូវតែ​ហ៊ាន​ទទួលយក​ការណ៍​ពិត និង​ទទួលយក​ការរិះគន់​ប្រភេទ​ទី១នេះ ព្រមទាំង​ត្រូវ​ជម្រុះ​ចោល​គំនិត​ដែល​យល់ថា អ្នក​រិះគន់​គឺជា​បន្លាក្នុងកែវភ្នែក អ្នក​រិះគន់​គឺជា​ខ្មាំង ជា​ក្រុមប្រឆាំង និង​ជាស​ត្រូវ​របស់ខ្លួន​ដែល​ត្រូវតែ​កំចាត់​ចោល។ ប៉ុន្តែ អ្នក​រិះគន់ ក៏​មិនត្រូវ​ប្រកាន់​របៀប​រិះគន់​បែប​ទី២និង​ទី៣ដែរ៕

  ដោយ សច្ច​វិទូ
​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?