ពេល​ត្រូវ​ឆ្កែ​ខាំ​ធ្វើ​ដូចម្តេច ?

Sanofi

សត្វ​ឆ្កែ​គឺជា​សត្វស្រុក​ដែល​គេ​ចិញ្ចឹម​សម្រាប់​ឱ្យ​ថែ​ផ្ទះ ការពារ​ផ្ទះ ឬ អាច​ធ្វើជា មិត្ត​របស់​ម្ចាស់ផ្ទះ​នៅពេល​អផ្សុក ប៉ុន្តែ​ក៏​មិន​បញ្ជាក់ថា​វា​មាន​ចរិត​ស្លូតបូត​ដែរ ក្នុងនោះ ក៏មាន​ឆ្កែ​ខ្លះ​កាច ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់អ្នកជិតខាង ឬ អ្នកធ្វើដំណើរ​ឆ្លងកាត់​ផ្ទះ ឬ កន្លែង​ដែល​វា​រស់នៅ ពោលគឺ​បើ​មនុស្ស​ប្លែក​មុខ​វា​អាច​ស្ទុះ​ទៅ​ខាំ​ទាំង​កំរោល​តែម្តង ។ ​ដើម្បី​បង្ការ​ខ្លួន​ពី​ឆ្កែ​ខាំ និង ការពារ​មុខរបួស​ក្រោយពេល​ឆ្កែ​ខាំ អ្នក​ត្រូវ ៖

​រក្សា​សុវត្ថិភាព​ខ្លួនឯង ៖ ប្រសិនជា​ជ្រុលខ្លួន​ចូលដល់​កន្លែង​វា​រស់នៅ ត្រូវ​ផ្តល់ដំណឹង ដល់​ម្ចាស់ ឬ ហៅ​ម្ចាស់ផ្ទះ​ឱ្យ​នាំ​ឆ្កែ​ចេញ ប៉ុន្តែ​ប្រសិន​ម្ចាស់​មិន​នៅ សូមអ្នក​ផ្លាស់ប្តូរ​ទីតាំង ទៅរក​កន្លែង​សុវត្ថិភាព ។ បើ​ករណី​អ្នក​ស្លុត​បណ្តាលឱ្យ​ឆ្កែ​ខាំ​បាន អ្នក​មិនត្រូវ​ព្យាយាម​ព្យាបាល របួស​ភ្លាមៗ​ឡើយ លុះត្រាតែ​ដឹង​ច្បាស់​ថា​អ្នក​នៅ​កន្លែង​សុវត្ថិភាព ឬ ឆ្កែ​មិន​មក​បៀតបៀន អ្នក​ទៀត ។​

​កុំ​ព្យាយាម​ឃាត់ឈាម ៖ ពេល​អ្នកឃើញ​មាន​ឈាម​ហូរ មិន​ត្រូវយក​អ្វី ឬ កំណាត់ កខ្វក់​មក​បិទ ឬ ខ្ទប់​ពីលើ​មុខរបួស​កំពុង​ហូរឈាម​ឡើយ តែបើ​ឈាម​ហូរ​ខ្លាំង​មិន​ឈប់ អ្នក​អាច យក​កន្សែង​ស្អាត​មក​រុំ ឬ បង់​បិទ​ទប់​ឈាម​ជា​បណ្តោះអាសន្ន ។​

​សម្អាត​មុខរបួស ៖ ក្រោយពេល​ឈាម​ឈប់​ហូរ សូម​លាង​សម្អាត​មុខរបួស​ដោយ​សាប៊ូ និង ទឹក​ក្តៅ​ឧណ្ណៗ ។ មិនចាំបាច់​ភ័យខ្លាច​ចំពោះ​ការលាង​សម្អាត​មុខរបួស​ដោយ​សាប៊ូ​ឡើយ ព្រោះ​បើ​យើង​មិនបាន​ប្រើ​សាប៊ូ​លាង​ទេ វា​អាចធ្វើឱ្យ​អ្នក​ឈឺចាប់ និង ក្រហាយ​លើ​មុខរបួស ខ្លាំង​ជាង​មុន ។ ម្យ៉ាង​វា​ក៏​អាច​លាងជម្រះ​មេរោគ​បាន​ខ្លះ​ដែរ ។​

​លាបថ្នាំ​ក្រហម​ពីលើ​មុខរបួស ៖ រុំ​របួស​ជាមួយនឹង​កំណាត់​ស្អាត ឬ បង់​បិទ​ដោយ​អ្នក អាច​បន្តក់ថ្នាំ​ក្រហម​បន្ថែម​លើ​មុខរបួស​ដើម្បី​កុំឱ្យ​មុខរបួស​ប្រែជា​ជាំ​ហើម ។​

​កុំ​ភ្លេច​គ្រូពេទ្យ ៖ ត្រូវ​ទៅ​មន្ទីរពេទ្យ ឬ គ្លី​នី​ក​ឯកជន​ដើម្បី​ចាក់​វ៉ាក់សាំង​សម្លាប់​មេរោគ ឆ្កែ​ខាំ ព្រោះ​ក្នុង​ខ្លួន​សត្វ​ឆ្កែ​មាន​មេរោគ​ជាច្រើន​ដែល​យើង​មិនដឹង មិន​ស្គាល់ ហើយ​មេរោគ ទាំងនោះ​ក៏​អាច​បង្ក​ផលប៉ះពាល់​ដល់​អាយុជីវិត​អ្នកផង​ដែរ ។​​ការព្យាបាល​តាមបែប​បុរាណ​ខ្លះ ដូចជា​បិទ​បាយកក ឬ វិធី​ផ្សេងទៀត​លើ​មុខរបួស មិនបាន​ផ្តល់​ប្រសិទ្ធភាព​ព្យាបាល​ដូច​ចាក់​វ៉ាក់សាំង​កម្ចាត់​មេរោគ​ពី​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ ឡើយ ៕


Related