កូរ៉េ​ខាង​ជើង ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម​​ជា​មួយ​អាមេរិក

អគ្គមគ្គុទេសដ៏មហិមា របស់ប្រទេសកុម្មុយនីស កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអះអាង នៅថ្ងៃសៅរ៍​នេះ​ថា ប្រទេស​របស់​លោក បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រឈមទល់នឹងសង្គ្រោះ ដែលបង្កឡើង​ដោយ​សហរដ្ឋ​អាមេរិក។ ការ​ថ្លែង​របស់​លោក គីម បានធ្វើឡើងនៅក្នុងឱកាស នៃការបង្ហាញសាច់ដុំ និងព្យុះហយាត្រា សម្រាប់ទិវា​រំលឹក​ខួប​ទី៧០ នៃ​កំណើត​បក្ស​កុម្មុយនីស។
កូរ៉េ​ខាង​ជើង ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម​​ជា​មួយ​អាមេរិក
ព្យុះហយាត្រាយោធា ដែលប្រទេសកុម្មុយនីសកូរ៉េខាងជើង តែងសម្ដែងឲ្យឃើញ នៅពេលពិធីបុណ្យជាតិធំៗរបស់ខ្លួន។ (រូបថតAFP)

«ថ្ងៃនេះ បក្សរបស់យើងសូមប្រកាស ដោយម្មឺងម៉ាត់ថា កងកម្លាំងប្រដាប់អាវុធ​«បដិវត្តន៍»​របស់យើង មាន​សមត្ថភាពតបតរ នឹងសង្គ្រាមគ្រប់ប្រភេទ បង្កឡើងដោយសហរដ្ឋអាមេរិក ហើយយើងបាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុងការការពារប្រជាជន និងផ្ទៃមេឃពណ៌ខៀវ នៃទឹកដីមាតុភូមិរបស់យើង។» នេះជាអ្វី ដែលគេបាន​ស្ដាប់ឮ ពីការប្រកាសរបស់លោក គីម ជុងអ៊ុន អគ្គមគ្គុទេសវ័យក្មេងដ៏មហិមា របស់ប្រទេសកុម្មុយនីស កូរ៉េ​ខាងជើង ដែលជាប្រទេសមួយ ក្នុងចំណោមប្រទេសកុម្មុយនីស នៅចុងក្រោយគេបង្អស់។

ប្រទេសកូរ៉េខាងជើង ព្រមានពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសង្គ្រាមនេះ និងបានចោទប្រកាន់ សហរដ្ឋ​អាមេរិក ថា​ញុះញង់ឲ្យមានសង្គ្រាម។

នៅក្នុងរយៈកាលកន្លងមក ទីក្រុងព្យុងយ៉ាងបានធ្វើការសាកល្បង អាវុធនុយក្លេអ៊ែររបស់ខ្លួន ចំនួនបី​លើក​រួចមកហើយ៖ កាលពីខែតុលា ឆ្នាំ២០០៦ ខែឧសភា ឆ្នាំ២០០៩ និងខែកុម្ភៈ ឆ្នាំ២០១៣។ ប្រទេសកុម្មុយនីស បានព្រមានថា នឹងធ្វើការសាកល្បង ជាលើកទីបួន នៅក្នុងគម្រាងផលិតអាវុធនុយក្លេអ៊ែរ និងកាំជ្រួចរបស់​ខ្លួន បើទោះជាប្រទេសមួយនេះ រងនូវទណ្ឌកម្មខ្លាំងក្លា ពីសហគមន៍អន្តរជាតិក៏ដោយ។

មេដឹកនាំវ័យក្មេង លោក គីម ជុងអ៊ុន បានថ្លែងមួយភាគធំ នៅក្នុងសុន្ទរកថារបស់លោក ដើម្បីធ្វើការឧទ្ទិស ទៅ​ដល់ប្រជាជនកូរ៉េខាងជើង ទាំង២៤លាន និងចំពោះបក្សពលករកូរ៉េ ដែលបានកាន់អំណាច តាំងពី​ឆ្នាំ​១៩៤៥​មក ក្រោមការដឹកនាំ របស់ត្រកូល «គីម» រាប់ពីជំនាន់«ជីតា» រហូតមកដល់«ចៅ»។ លោក គីម ជុងអ៊ុន បាន​ថ្លែង​បន្តថា៖ «បក្សពលករកូរ៉េ ជាបក្សមិនអាចបំបែកបាន ដែលសាងនូវអ្វីៗទាំងអស់ ជាមួយប្រជាជន»៕