ទុក្ខ​ស្រី​យកប្តី​ឥត​ខ្លាន់​ស្លា

Sanofi

​វា​ពិតណាស់​ស្ត្រី​ជាទូទៅ​រមែងតែងតែ​ចង់បាន​ប្តី​ប្រកប ដោយ​ក្តីមេត្តា ចេះ​ស្រ​ឡា​ញ្ញ់​គ្រួសារ ស្មោះត្រង់​នឹង​ប្រពន្ធ​មួយ​ទល់នឹង មួយ ហើយ​រស់នៅ​ជាមួយគ្នា​រហូត​ចាស់ព្រឹទ្ធចាស់ព្រេង ។ ដូចជា​ប្អូន ស្រី ចិន្តា ដោយសារតែ​គ្រួសារ​មាន​ជីវភាព​ក្រីក្រ ហើយ​កម្រិត​នៃ​ការ សិក្សា​ក៏​ទាប ធ្វើឱ្យ​ប្អូនស្រី​ខ្វះ​ការពិចារណា​ជឿ​លើ​ពាក្យលួងលោម របស់​ប្រុស​ព្រាន នាង​ក៏​សុខចិត្ត​ប្រគល់​រូប​កាយ​ឱ្យទៅ​ប្រុស​ព្រាន​គ្មាន ស្តាយស្រណោះ​អ្វី​បន្តិច​ឡើយ ដោយ​នាង​រំពឹងថា​ជីវិត​របស់​នាង ប្រាកដជា​បាន​សេចក្តីសុខ និង មាន​សុភមង្គល ។ ទីបំផុត​ជីវិត​របស់ នាង​បាន​ជួប​រឿង​សោកសៅ ហើយក៏​វេច​បង្វេច​វិល​មករក​ឪពុកម្តាយ នៅឯ​ស្រុកកំណើត​វិញ​ជាមួយនឹង​ផ្ទៃពោះ​ជិត​គ្រប់​ខែ ។​ទោះបីជា​តំណក់ឈាម​ក្នុង​ផ្ទៃ​ដែល​នាង​ខំ​ស្ពាយ​តាំងពី​ជាយ ដែន​ថៃ​មកកាន់​ស្រុកកំណើត​ដែល​ស្ថិតនៅ​ក្នុងភូមិ​ពងទឹក ឃុំ​ក្រាំង យ៉ង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង វិញ​ទាំង​ក្តី​ឈឺចាប់​នោះ រហូតដល់ ពេលនេះ​មាន​វ័យ​ជាង​ពីរ​ឆ្នាំ​ហើយ តែ​គេ​មិនបាន​ដឹងថា​ឪពុក​របស់ខ្លួន នៅឯណា មានឈ្មោះ​អ្វី​នោះទេ ។ រឿងរ៉ាវ​ស្នេហ៍​អតីតកាល​របស់​នាង​ដំបូង​គឺ​ផ្តើមចេញពី​ពាក្យពេចន៍​ផ្អែម ល្អែ​ម​ដូច​ទឹកឃ្មុំ​ខែចេត្រ តែ​ក្រោយ មក​បានប្រែក្លាយ​មកជា​ល្វីង​ជូរចត់ វិញ ។ បើទោះបីជា​ពេលវេលា​បាន កន្លងផុតទៅ​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកហើយ​ក្តី ប៉ុន្តែ​អនុស្សាវរីយ៍​ដ៏ ជូរចត់​ទាំងនោះ​នៅតែ​ដិតដាម​ជាប់​ក្នុង​ជីវិត​របស់​ប្អូនស្រី ចិន្តា ដដែល ។​

​ទឹកមុខ​ស្រទន់ រូបសម្បត្តិ ស្រស់​សោភា​មិន​ចា​ញ្ញ់​ក្រមុំៗ​ក្នុង ភូមិ​នោះ ប្អូនស្រី ចិន្តា អាយុ​ទើប តែ ២០ ឆ្នាំ បាន​លើក​តំណក់ឈាម ដែល​គ្មាន​ឪពុក​មក​បង្ហាញ​មហាជន ហើយ​ពោល​រៀបរាប់​ពី​ដំណើរ​ខ្សែជីវិត​របស់ខ្លួន​ទាំង​ទឹកភ្នែក​រលីង​-​រលោង​ថា​’​ពេលនេះ​ផ្លូវចិត្ត​របស់ខ្ញុំ បាន​រសាយ​ហើយ តែ​នៅឡើយ​ផ្លូវ កាយ​វេទនា​យ៉ាងខ្លាំង​ជាមួយ​កូន ប្រុស​ម្នាក់នេះ ។ ខ្ញុំ​ជា​កូនច្បង​ក្នុង ចំណោម​បងប្អូន ៥ នាក់ (​ស្រី ៣ ប្រុស ២ ) ដោយសារតែ​គ្រួសារ ជួប​បញ្ហា​ខ្វះខាត នាង​ខ្ញុំ​មិនបាន សិក្សា​ជ្រៅជ្រះ​នោះទេ ម្យ៉ាង​ក្នុង នាម​ជា​កូនច្បង​ត្រូវ​ជួយ​រក​ចំណូល​ឪពុកម្តាយ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួ​-​សារ ដូច្នេះ​នាង​ខ្ញុំ​ត្រូវ​បោះបង់​ការ សិក្សា​ត្រឹម​ថ្នាក់​ទី ៤ ។ បន្ទាប់ពី ឈប់រៀន​មិនបាន​ប៉ុន្មាន​ខែ​ផង នាង ខ្ញុំ​ត្រូវ​ចេញដំណើរ​ទៅកាន់​ក្រុង​ប៉ោយ ប៉ែត​ជាយដែន​ថៃ​ដើម្បី​ទៅ​ស៊ីឈ្នួល លក់​បាយ​លាងចាន​ឆ្នាំង​ឱ្យ​បងប្អូន ទៅ​ទីនោះ ដោយបាន​ទទួល​ប្រាក់ កម្រៃ ក្នុង​មួយខែ ៨ ម៉ឺន​រៀល ។ នៅក្នុង​ហាង​បាយ​ដែលមាន​ភ្ញៀ​វ ចម្រុះ​មកពី​គ្រប់ទិសទី ធ្វើការ​នៅ​ទី នោះ​មិនបាន ៥ ខែ​ផង បុរស​វ័យ ចំណាស់​ម្នាក់​អាយុ​ប្រហែលជា ៥៣ ឆ្នាំ ក៏បាន​ចាប់អារម្មណ៍​មកលើ​រូប នាង​ខ្ញុំ ដែល​បុរស​រូបនោះ​ជា​ភ្ញៀវ ម្នាក់​ឧស្សាហ៍​ចេញ​ចូលមក​ទទួល​- ទាន​អាហារ​នៅក្នុង​ហាង​នោះ ។ នៅពេល​ចេញចូល​ក្នុង​ហាង​នោះ ញ្ញឹកញ្ញាប់ បានធ្វើឱ្យ​ខ្ញុំ និង បុរស នោះបាន​ស្គាល់គ្នា ហើយក៏​ចេះតែ និយាយ​ឡែបខាយ​ដាក់គ្នា រហូត​គេ បាន​សុំ​លេខ​ទូរស័ព្ទ​ពី​នាង​ខ្ញុំ ។ ចាប់ តាំងពី​បាន​លេខ​ទូរស័ព្ទ​ពី​នាង​ខ្ញុំ បុរស នោះ​ចេះតែ​ទូរស័ព្ទ​មក​និយាយ​លេង ជាមួយ​នាង​ខ្ញុំ​ឥតឈប់ឈរ មាន​ថ្ងៃ ខ្លះ​រកតែ​ពេល​សម្រាក​មិនបាន ហើយ គាត់​តែងតែ​ប្រាប់​នាង​ខ្ញុំ​ថា គាត់​ជា បុរស​ពោះម៉ាយ​បាន​លែងលះ​ប្រពន្ធ​រួចហើយ ព្រម​ស្រ​ឡា​ញ្ញ់​គាត់​ទៅ គាត់ នឹង​ថ្នាក់ថ្នម​ចិញ្ចឹម​មិនឱ្យ​នាង​ខ្ញុំ​ពិបាក ឡើយ ។ នៅពេល​គាត់​អង្វរ​ខ្ញុំ​ញ្ញឹក ញ្ញាប់ ម្យ៉ាងទៀត​ដោយ​ឃើញ​គាត់ តែងតែ​ធ្វើអំពើ​ល្អ​មកលើ​ខ្ញុំ​ជាច្រើន ផង​នោះ ធ្វើឱ្យ​ខ្ញុំ​បាក់ចិត្ត​ស្រ​ឡា​ញ្ញ់ គាត់​ដោយ​មិន​ប្រកាន់​ថា​គាត់​មាន វ័យ​ច្រើន​ឡើយ ។​

ដោយសារតែ​ការជឿជាក់ និង ទុកចិត្ត​ថា បុរស​នោះ​អាច​ផ្តល់​ក្តី សង្ឃឹម អាច​ចិញ្ចឹម​ខ្ញុំ​បាន ខ្ញុំ​ក៏​សុខ ចិត្ត​លះបង់​ខ្លួនប្រាណ​ឱ្យ​បុរស​វ័យ ចំណាស់​នោះ ដោយ​មិន​មានការ ស្តាយស្រណោះ​អ្វី​បន្តិច​ឡើយ ។ បន្ទាប់មក​ខ្ញុំ​បាន​ទៅ​រស់នៅ​ជាមួយ បុរស​នោះ​ដូចជា​ប្តី​ប្រពន្ធ តែ​នាង​ខ្ញុំ មិនបាន​សែនព្រេន​អី​នោះទេ រហូត ដល់​នាង​ខ្ញុំ​មាន​ផ្ទៃពោះ ៣ ខែ បុរស ជា​ប្តី​ឥត​ខាន់ស្លា​នោះ​ក៏​ចាប់​ផ្តើមធ្វើ បាប​ផ្លូវចិត្ត​ខ្ញុំ​ជាខ្លាំង ។ ពេល​កំពុង តែ​រស់នៅ​ជាមួយគ្នា ថ្ងៃមួយ​នៅ កន្លែងធ្វើការ​ស្រាប់តែ​កូន និង ប្រ​-​ពន្ធ​របស់​បុរស​នោះមក​លេង ប្តី​ឥត ខាន់ស្លា​នោះ​ឱ្យ​ខ្ញុំ​រត់​ពួន ហើយ​ខ្ញុំ​ក៏ មិនដឹងថា​កូន និង ស្ត្រី​ម្នាក់​នោះ ជា​ប្រពន្ធ​របស់​ប្តី​ឥត​ខាន់ស្លា​របស់ខ្ញុំ ដែរ ។ លុះដល់​ពេល​គេ​ត្រឡប់​ទៅ វិញ​អស់ ទើប​ខ្ញុំ​ស៊ើប​ដឹងថា​ជា​ប្រពន្ធ និង កូន​របស់​បុរស​ជា​ប្តី​ឥត​ខាន់ស្លា នោះ ។

​ចាប់តាំងពី​ពេលនោះ​មក​នាង​ខ្ញុំ​ត្រូវបាន​បុរស​ជា​ប្តី​ធ្វើបាប មើល ងាយ និង ចោទប្រកាន់ថា នាង​ខ្ញុំ មាន​សហាយស្មន់​ជាមួយ​ប្រុស ផ្សេង​ទៀតផង ។ លើសពីនេះ​ទៅ ទៀត​នោះ​បុរស​ជា​ប្តី​ឥត​ខាន់ស្លា នោះបាន​និយាយថា​’​កូន​នេះ​មិន មែន​ជា​កូន​របស់គាត់​ទេ គឺ​ចោទ ថា នាង​ខ្ញុំ​ទៅ​ខូចខិល​ជាមួយ​ប្រុស សហាយ​ផ្សេង ។ បើទោះបីជា បែបនេះ​ក្តី តែ​ខ្ញុំ​ចេះតែ​ស៊ូទ្រាំ​ទាំង ទឹកភ្នែក ។ ការដែល​គាត់​ចោទ ប្រកាន់​មកលើ​នាង​ខ្ញុំ​នេះ​គឺ​វា​ខុស ស្រឡះ ហើយ​ការ​ចោទ​របស់គាត់ មកលើ​នាង​ខ្ញុំ​នេះ​គ្រាន់តែ​ជាការ យក​លេស ដើម្បី​ដោះដៃ​គេចវេះ មិន​ទទួលស្គាល់​កូន​តែប៉ុណ្ណោះ​” ។

ឈប់​ទ្រឹង​បន្តិច នាង​បាន និយាយ​បន្តទៀតថា ‘​ចាប់តាំងពី ពេល​នោះមក​បុរស​ជា​ប្តី​វ័យ​ចំណាស់​ឥត​ខាន់ស្លា​នោះបាន​បណ្តេញ​នាង ខ្ញុំ​ចេញ​លែង​ឱ្យនៅ​ជាមួយ​គាត់​ទៀត សូម្បីតែ​ប្រាក់កាស​ក៏​លែងឱ្យ​ដែរ ។ ពេលនោះ​ខ្ញុំ​បាន​វេច​បង្វេច​ចុះចេញ ទាំង​ទឹកភ្នែក​ហូរ​រហាម ។ ដោយ មិនដឹង​ទៅ​ពឹង​អ្នកណា​ព្រោះ​ប្រាក់​-​កាស​ក៏​គ្មាន​ផង​នោះ នាង​ខ្ញុំ​បាន វេច​បង្វេច​ទាំង​ពោះធំ ដើរ​ដី​រាប់ គីឡូម៉ែត្រ​សំដៅ​មកកាន់​ហាង​ដែលជា​កន្លែង​នាង​ខ្ញុំ​ធ្វើការ​កាលពី​ពេលមុន ។ គ្រាន់តែ​មកដល់​កន្លែង​ធ្វើការ ចាស់​ភ្លាម មិត្ត​ធ្លាប់​ធ្វើការ​ជាមួយ គ្នា​ឃើញ​អាណិត ឱ្យ​ស្នាក់នៅ បណ្តោះអាសន្ន​ក្នុង​បន្ទប់​ជួល​ជា​-​មួយ​គ្នា ។ រហូតដល់​ពោះ​កាន់តែ​ធំ បាន ៧ ខែ ដោយ​គ្មាន​ទីពឹង និង ជិត​ដល់​ថ្ងៃ​សម្រាលកូន​ផង​នោះ នាង​ខ្ញុំ​បាន​វិល​ត្រឡប់មក​ស្រុក​កំ​-​ណើ​ត​វិញ ។ ពេលនោះ​មិត្ត​ដែល ខ្ញុំ​ស្នាក់នៅ​ជាមួយ​ម្ចាស់​ហាង បាន រៃអង្គាសប្រាក់​គ្នា​បាន​ចំនួន ១០ ម៉ឺន រៀល ឱ្យ​នាង​ខ្ញុំ​ជិះ​រថយន្ត​មក​ស្រុក​វិញ កុំ​អី​មិនដឹង​ជា​ទៅ​កើតកូន​ឯណា​នោះ ទេ ។​

ពេល​ចូល​មកដល់​ស្រុកកំណើត​វិញ​ជាធម្មតា​ទេ​អ្នក​នៅក្នុង​ស្រុកភូមិ គេ​ឃើញ​នាង​ខ្ញុំ​មាន​ផ្ទៃពោះ​គ្មាន​ប្តី បែបនេះ ម្នាក់ៗ​នាំគ្នា​និយាយ​ឌឺដង សើចចំអក​ឡកឡាយ នាង​ខ្ញុំ​មិន តូចចិត្ត​ទេ​ធ្វើ​ម្តេច​កម្ម​ពៀរ​នាង​ខ្ញុំ​បែបនេះ ។ មិនតែប៉ុណ្ណោះ​នាង​ខ្ញុំ​ក៏ បាន​លើកដៃ​សំពះអង្វរ​ឪពុកម្តាយ និង ជីដូន​នាង​ខ្ញុំ​ថា កូន​ខុស​ហើយ ឱ្យ​កូន​សូមទោស ហើយ​ពួកគាត់​ក៏ មិន​ថា​អី​ដែរ ដោយនិយាយ​ថា​តាម កម្ម​ពៀរ​ទៅ​កូន ។ រស់​នៅឯ​ស្រុក ជាមួយ​ម្តាយ​ឪពុក​មិនបាន​ប៉ុន្មាន​ខែ នាង​ខ្ញុំ​បាន​សម្រាល​កូនប្រុស​ជា​តំ​-​ណ​ក់​ឈាម​របស់​បុរស​វ័យ​ចំណាស់​ឥត​ខាន់ស្លា​ដែល​មិន​ទទួលស្គាល់ ឈាម​ខ្លួនឯង ។ រហូតដល់​ពេលនេះ កូនប្រុស​នាង​ខ្ញុំ​មាន​អាយុ​ពីរ​ខួប​ជាង ហើយ ហើយ​ឪពុក​របស់គេ​មិនដែល ទូរស័ព្ទ​មកលេង ឬ សួរនាំ​អ្វី​បន្តិច ឡើយ​” ។​

​នាង​បញ្ជាក់ថា​’​សព្វថ្ងៃ​ខ្ញុំ​រស់ នៅ​ជាមួយ​ជីដូន និង កូនប្រុស​ម្នាក់ នេះ ដោយ​ដើរ​ស៊ីឈ្នួល​បោក​ខោ អាវ​ឱ្យ​អ្នកភូមិ​យកប្រាក់​មក​ចិញ្ចឹម កូន និង ជីដូន ។ ដោយឡែក ឪពុកម្តាយ​របស់​នាង​ខ្ញុំ​ចេញទៅ​ធ្វើ ការងារ​សំណង់​នៅឯ​ភ្នំពេញ និង បានផ្តល់​ប្រាក់​ខ្លះ​ឱ្យ​នាង​ខ្ញុំ​ចិញ្ចឹម​កូន ដែរ​” ។​លោក ហ៊​ន នាង ជា​ប្រធាន ភូមិ​បានឱ្យដឹងថា គាត់​ក៏​មិនដឹង រឿងនេះ​ច្បាស់​ដែរ ដោយសារតែ ជា​រឿង​ផ្ទាល់​ខ្លួនគេ តែ​គាត់​ដឹងថា នាង​វិល​មក​ស្រុក​វិញ​ជាមួយ​ពោះធំ​ជិត​គ្រប់​ខែ ហើយ​មិនដឹងថា​ប្តី​នាង នៅឯណា​នោះទេ តែ​ពេលនេះ​កូន ប្រុស​របស់​នាង​មាន​អាយុ​ពីរ​ខួប​ជាង​ហើយ​នៅតែ​មិនឃើញ​ឪពុក​ក្មេង នេះ​ទៀត ។ រហូតមកដល់​ពេលនេះ រយៈពេល​បី​ឆ្នាំ​ហើយ ចាប់តាំងពី នាង​វិលត្រឡប់​មកកាន់​ស្រុកកំណើត​វិញ ៕ ​រ័ត្ន​
​  

Related