ផ្អើលពស់ថ្លាន់មានបារមី

Sanofi

មានរឿងរ៉ាវអប្បិយជំនឿដ៏ភ្ញ្ញាក់ផ្អើលមួយបានកើតឡើងនៅ ក្នុងភូមិអាលច ឃុំអាលច ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមាន ប្រជាពលរដ្ឋមកពីទីជិតឆ្ងាយបាននាំគ្នាផ្អើលទៅមើលសត្វពស់ថ្លាន់ដ៏ធំមួយ និង កូនតូចៗរបស់វាចំនួនពីរក្បាលទៀត ដែលមានអ្នក ខ្លះមានជំនឿថាពស់ថ្លាន់នេះមានបារមីកាន់ និង ថែរក្សា ហើយ ក៏បាននាំគ្នាអុជទៀនធូបសុំសេចក្តីសុខសប្បាយដល់ក្រុមគ្រួសារ របស់ពួកគេរៀងៗខ្លួន ។

លោក ក្រាង ឡុត ដែលជាម្ចាស់ពស់ ថ្លាន់នេះបានរៀបរាប់ពីដំណើរដើមទងដែលនាំ ឱ្យជួប និង ឃើញសត្វពស់ទាំងនេះថា’ជារៀង រាល់ព្រឹកខ្ញុំតែងតែងើបពីព្រលឹមស្រាងៗ ដោយ មានបង្វេចបាយ និង ទឹកដូចសព្វដង ចេញដំណើរ ទៅព្រៃដើម្បីស៊ីឈ្នួលដឹកជញ្ជូនឈើឱ្យក្រុមហ៊ុនឯកជនមួយកន្លែងនៅក្នុងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានចម្ងាយជា ច្រើនគីឡូម៉ែត្រពីផ្ទះ ។ មុនចេញដំណើរមួយថ្ងៃ ខ្ញុំបានសុបិនឃើញស្ត្រីមេម៉ាយកូនពីរតាមស្រឡាញ្ញ់ និង រត់តាមពីក្រោយជាមួយកូនស្រីតូចៗពីរនាក់ នៅក្នុងពេលសុបិននោះដែរ ស្ត្រី និង កូនទាំងពីរ នាក់នោះបានលើកដៃសំពះអង្វរសុំឱ្យនាំពួកគេទៅ លេងស្រុកភូមិ និង វត្តផង ។ នៅពេលភ្ញាក់ដឹង ខ្លួនឡើងខ្ញុំក៏បានចេញដំណើរពីផ្ទះយ៉ាងប្រញ្ញាប់ ប្រញ្ញាល់ទៅធ្វើការដូចសព្វដងដើម្បីឱ្យទាន់ម៉ោង ធ្វើការ តែចៃដន្យពេលធ្វើដំណើរបានពាក់កណ្តាល ផ្លូវស្រាប់តែឃើញគុម្ពោតព្រៃមានដំបូកមួយមាន ភ្លើងឆេះជុំវិញ មានរន្ធចំហធំមួយ ធ្វើឱ្យរូបខ្ញុំមិន អស់ចិត្តក៏ទៅមើល ស្រាប់តែឃើញពស់ថ្លាន់ញ្ញីមួយ ក្បាលទម្ងន់ ៤១ គីឡូក្រាម និង កូនរបស់វាតូចៗ ចំនួនពីរក្បាលទៀតមានទម្ងន់ ៨ គីឡូក្រាម ។ ខ្ញុំ គិតថាសត្វពស់នោះគឺពិតដូចជាការសុបិនរបស់ខ្ញុំ កាលពីយប់ពិតមែន ។ បន្ទាប់ពីបានឃើញសត្វពស់ ទាំងនេះហើយ ខ្ញុំក៏បានប្រាប់ទៅញ្ញាតិមិត្ត និង នាំពស់មកដាក់ផ្ទះ ហើយក៏បានរកគ្រូហោរាមើល ដោយលោកគ្រូបានទស្សន៍ទាយថា ពស់ថ្លាន់នេះ ជាពស់មានបារមីកាន់ សូមកុំប៉ះពាល់វា គួរធ្វើទៅតាមបណ្តាំគេទៅដើម្បីសុំ សេចក្តីសុខក្នុងភូមិ” ។

លោក ក្រាង ឡុត បានរៀបរាប់បន្តទៀតថា’បន្ទាប់ពីគ្រូបានទស្សន៍ទាយ រួច ខ្ញុំក៏បាននាំយកពស់ថ្លាន់បីក្បាលនេះទៅប្រគេនព្រះគ្រូចៅអធិការវត្តគិរីរុក្ខា វនារាម ហៅ វត្តអាលច ដែលស្ថិតនៅក្នុងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះតែម្តង ។ បន្ទាប់មកព័ត៌មាននេះក៏ល្បីដល់អ្នកភូមិ និង ល្បីខ្ទរខ្ទារ ដល់ប្រជាពលរដ្ឋនៅទូទៅទាំងខេត្តក្រចេះ បានធ្វើឱ្យមានការភ្ញ្ញាក់ផ្អើល ហើយ ក៏បានដឹកគ្នាទាំងរថយន្តៗដើម្បីមកមើលពស់ថ្លាន់ដែលមានបារមីកាន់នោះជា ហូរហែ និង រហូតធ្វើឱ្យវត្តដែលក្រីក្រនៅសង្កាត់មាត់ញកមួយ នេះបានទទួលបច្ច័យជាហូរហែសម្រាប់កសាងវត្ត។

ចាប់ពីពេលនោះមកគេសង្កេតឃើញមានប្រជាពលរដ្ឋ រាប់រយនាក់ក្នុងមួយថ្ងៃៗបានសម្រុកទៅមើលពស់ថ្លាន់មានបារមីកាន់នោះ ហើយអ្នកមានជំនឿមួយចំនួនបានហៅពស់ថ្លាន់មេ នោះថា ‘លោកយាយៗ”ដោយពួកគេបាននាំគ្នាទៅអុជធូប បន់ស្រន់សុំសិរីសួស្តី ហើយអ្នកខ្លះទៀតបាននាំគ្នាសុំទឹកមន្ត ពីពស់ថ្លាន់នោះដើម្បីសុំសេចក្តីសុខ និង បញ្ចៀសជំងឺបៀតបៀន ទាំងឡាយ” ។

អ្នកស្រី ដន សារាយ អាយុ ២៨ ឆ្នាំ ដែលបានទៅអុជ ធូបបួងសួងសុំសេចក្តីសុខនោះដែរមានប្រសាសន៍ថា ‘យើងខ្ញុំ មកនេះដើម្បីអុជធូបបួងសួងសុំឱ្យលោកយាយ” ជួយដល់ក្រុម គ្រួសាររបស់ខ្ញុំឱ្យជួបតែសេចក្តីសុខ និង សុំកុំឱ្យកូនចៅនៅក្នុង ស្រុកភូមិមានជំងឺឈឺថ្កាត់អ្វីឱ្យសោះ ។ តាមពិតរឿងនេះគួរ ឱ្យរន្ធត់មែន ព្រោះធ្វើឱ្យអ្នកទៅមើលបានព្រឺសម្បុរនៅពេលបានឃើញ ពស់ថ្លាន់នេះ ។ តាមពិតទៅចាប់តាំងពីមានពស់ថ្លាន់មកនៅក្នុងវត្តនេះ តាំងពីពេលណាគឺប្រជាពលរដ្ឋនៅក្នុងស្រុកភូមិនេះមានសេចក្តីសុខ គ្រប់ៗគ្នា ហើយវត្តអារាមក៏មានការរីកចម្រើនជាបន្តបន្ទាប់” ។

ចំណែកព្រះគ្រូចៅអធិការវត្តគិរីរុក្ខាវនារាម ហៅ វត្តអាលច ព្រះ នាម ជុំ វាសនា បានមានថេរដីកាថា’តាមពិតទៅវាជារឿងដ៏ភ្ញ្ញាក់ផ្អើល មួយដែលធ្វើឱ្យបងប្អូន និង ពុទ្ធបរិស័ទមកចោមរោមមើលសត្វពស់ នេះ មិនតែប៉ុណ្ណោះពួកគាត់បាននាំគ្នាចូលបច្ច័យសម្រាប់ផ្គត់ផ្គង់សត្វ និង ដើម្បីជួយកសាងព្រះវិហារបន្តទៀត ។ អាត្មាគិតថា វត្តកំពុងតែ សាងសង់ រឿងសុបិននិមិត្តបានសត្វពស់នោះជាហេតុធ្វើឱ្យបានថវិកា កសាងវត្តបន្តទៀត ។ អាត្មាយល់ថាសត្វពស់នេះជាមង្គល ជាសត្វមាន បារមីនាំលាភសំណាងដល់វត្ត ។ ទាក់ទងនឹងរឿងរ៉ាវអប្បិយជំនឿនេះ គឺមានតាំងពីបរមបុរាណម្ល៉េះ ព្រោះកាលពីសម័យកាលព្រះបាទ ជយ-វរ្ម័ន ទី ៧ ក៏ព្រះអង្គមានជំនឿបែបនេះដែរ មិនថាតែសម័យនេះទេ ។ ពស់ថ្លាន់នេះពិតជាមានបារមីកាន់ពិតមែន ទើបធ្វើឱ្យមានការភ្ញ្ញាក់ផ្អើល ហើយនាំមកនូវសេចក្តីសុខដល់ប្រជាពលរដ្ឋជិតឆ្ងាយ ” ៕ លី សុខណា

 

 

 

Related