ហេតុ​អ្វី​យុវតី​មួយ​ចំនួន​ជ្រើស​រើស​ ការ​ស្លៀក​សំពត់​ខ្មៅ​ ជំនួស​សំពត់​ហូល​ផាមួង​ ទៅ​វត្ត?​


ហេតុ​អ្វី​យុវតី​មួយ​ចំនួន​ជ្រើស​រើស​ ការ​ស្លៀក​សំពត់​ខ្មៅ​ ជំនួស​សំពត់​ហូល​ផាមួង​ ទៅ​វត្ត?​

គេ​ច្រើន​ឃើញ​យុវតី​ មួយ​ចំនួន​ ពាក់​អាវ​ស ស្លៀក​សំពត់​ខ្មៅ​ ដែល​ខ្លះ​ជា​សំពត់​វ៉ាល់​ ខ្លះ​ជា​សំពត់​បត់​ ជំនួស​អាវ​ប៉ាក់​ និង សំពត់​ហូល​ផាមួង​ពេល​ ដែល​ពួក​គេ​ទៅ​វត្តអារាម​ ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ និង ពិធី​បុណ្យ​ផ្សេងៗ។

 

តើ​មាន​មួល​ហេតុ​អ្វី​ខ្លះ​នៅ​ពី​ក្រោយ​ការ​ជ្រើស​រើស​ ការ​ស្លៀក​ពាក់​បែប​នេះ?
១​. វត្ត​នៅ​ឆ្ងាយ

 

យុវតី លាង មុន្នី​ពេជ្រ ជា​សិស្ស​នៅ​ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​នាង​ជ្រើស​រើស​ ស្លៀក​សំពត់​ខ្មៅ​​ទៅ​វត្ត​ជំនួស​ហូល​ផាមួង​ គឺ​ដោយ​សារ វត្ត​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​​ បើ​ស្លៀក​សំពត់​ហូល​អាច​ប្រឡាក់​ធូលី​ដី​។ ពេជ្រ​បាន​បន្ត​ទៀត​ថា រដូវ​ភ្ជុំ​ខែ​វស្សា​ មាន​ភ្លៀង​ធ្លាក់​ដែល​អាច​មាន​ផុក​ ពេល​ជិះ​ម៉ូតូ​អាច​ធ្វើ​ឱ្យ​ទឹក​ ឬ ផុក​ខ្ទាត​ប្រឡាក់​សំពត់​ហូល​ផាមួង។ ដូច្នេះ​​ មាន​តែ​សំពត់​ខ្មៅ​ទេ ទើប​ងាយ​ស្រួល។

 

បន្ថែម​ពី​លើ​នេះ​ផង​ដែរ​យុវតី​ខាង​លើ​ដដែល​អះ​អាង​ថា នាង​ក៏​​មាន​អាវ​ប៉ាក់​សំពត់​ហូល​ផាមួង​ ដែរ តែ​នាង​ស្លៀក​សម្រាប់​តែ​ពេល​ ជិះ​ឡាន មេឃ​គ្មាន​​ភ្លៀង​ និង​ ទៅ​វត្ត​ជិតៗ​ប៉ុណ្ណោះ។
 

២. តម្លៃ​សំពត់​ខ្មៅ ​និង ​ហូល​ផាមួង​ខុស​គ្នា

 

ណា ម៉ូនិច​ ជា​សិស្ស​នៃ​វិទ្យាល័យ​ច្បារ​អំពៅ​បាន​ប្រាប់​ ឱ្យ​ដឹង​ថា តម្លៃ​សំពត់​ហូល​ផាមួង​ថ្លៃ ជាង​តម្លៃ​នៃ​សំពត់​ខ្មៅ​ឆ្ងាយ​ណាស់។ ម៉ូនិច​លើក​ឡើង​ថា « សំពត់​ហូល​ខ្លះ មួយ​ក្បិន មួយ​រយ​ជាង​ឯណោះ​ ឯ​សំពត់​ខ្មៅ​តែ​ បួន ប្រាំ​ដុល្លារ​អី​ក៏​ស្លៀក​បាន​ដែរ!» ។ សម្រាប់​អ្នក​ដែល​គ្មាន​ប្រាក់​គ្មាន​លទ្ធភាព​​ទិញ​សំពត់​ហូល​ផាមួង​ មក​កាត់​ស្លៀក​ទេ ដូច្នេះ​សំពត់​ខ្មៅ​ គឺ​សាមញ្ញ​បំផុត។ «ខ្ញុំ​គិត​ថា មិន​ទាស់​ខុស​អី​ទេ សំខាន់​កុំ​ឱ្យ​តែ​ស្រីៗ​ស្លៀក​ខ្លី​ ឬ ស្លៀក​ខោ​ចូល​វត្ត​បាន​ហើយ! បើ​ត្រឹម​សំពត់​បត់​ខ្មៅ ឬ ភ្លីស្សេ​ វែង​​ៗ​អី ខ្ញុំ​គិត​ថា​មិន​អី​ទេ!»។ ម៉ូនិច​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ។​

 

ហេតុ​អ្វី​យុវតី​មួយ​ចំនួន​ជ្រើស​រើស​ ការ​ស្លៀក​សំពត់​ខ្មៅ​ ជំនួស​សំពត់​ហូល​ផាមួង​ ទៅ​វត្ត?​

(រូបតំណាង) 

 

៣. ហូល​ផាមួង​ពិបាក​ថែ

 

«​ស្រី​ៗ​ ពិបាក​ណាស់​រឿង​ស្លៀក​ពាក់​អត់​ដូច​ប្រុស​ទេ គេ​ស្រួល! ស្រី​ៗ​ទៅ​វត្ត​ត្រូវ​​​ ស្លៀក​ហូល​ផាមួង!» នេះ​ជា​ការ​លើក​ឡើង​របស់​ កញ្ញា​ ឡេង វ៉ាន់​ថន​។ កញ្ញា​បាន​បន្ថែម​ទៀត​ថា កញ្ញា​មិន​ឯកភាព​ថា ស្លៀក​សំពត​​ខ្មៅ ពាក់​អាវស​ ល្អ​ជាង​ស្លៀក​អាវ​ប៉ាក់​ហូល​ផាមួង​ទេ​ តែ​​​ហូល​ផាមួង​ពិបាក​ថែ​ទាំ ដោយ​កញ្ញា​មិន​អាច​បោក​គក់​ដោយ​ខ្លួន​ឯង​បាន​ទេ ត្រូវ​យក​ទៅ​ហាង​ដែល​មាន​វិធីសាស្ត្រ​បោកអ៊ុត​ ហូល​ផាមួង​មិន​ឱ្យ​ខូច​គុណភាព។

 

«បោក​ម្ដង​​អស់ ជិត​​ដប់​ដុល្លារ! បើ​ហ៊ាន​​តែ​ប្រឡាក់​ស្ដាយ​របស់​ណាស់!» កញ្ញា​បាន​លើក​ឡើង​បែប​នេះ​ បន្ទាប់​ពី​បង្ហាញ​ចំណាប់​អារម្មណ៍​ថា ការ​ស្លៀក​សំពត់​ខ្មៅ​​ទៅ​វត្ត​មិន​មាន​អី​ខុស​ឆ្គង​​នោះ​ទេ ឱ្យ​តែ​មាន​ចិត្ត​ជ្រះ​ថ្លា​ ក្នុង​ការ​ធ្វើ​បុណ្យ ប៉ុន្តែ ​ក៏​មិន​ត្រូវ​ស្លៀក​ខើច​លើ​ខើច​ក្រោម​ដែរ។

 

ចុះ​ចំណែក​ប្រិយមិត្ត​វិញ​យល់​ដូច​ពួក​គាត់​អត់?
 

អត្ថបទ៖ ណេង ណេង