អាជីព​​ពេទ្យ​ មិន​មែន​ជា​​ជំនួញ​​ឡើយ​

ប្រជាពលរដ្ឋ​ខ្មែរ​បាន​បាត់បង់​ជំនឿ​ទៅលើ​សេវា​សុខភាព​របស់​ប្រទេស​កម្ពុជា​របស់ខ្លួន។ នេះ​ជា​បញ្ហា​ដ៏​គួរ​ឲ្យ​អាណិតអាសូរ​មួយ​របស់​កម្ពុជា។ ការបាត់បង់​ជំនឿ​លើ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា អាច​បណ្តាលមកពី ក្រុម​បុគ្គលិក​សុខាភិបាល​ខ្មែរ​មួយចំនួន នៅ​យល់ឃើញថា ការផ្តល់សេវា​សុខភាព ឬ​មុខរបរ​ពេទ្យ​នេះ គឺជា​ជំនួញ។ តាមពិត អាជីព​នេះ មាន​ភាព​ពាក់ព័ន្ធ​ខ្លាំង​ទៅនឹង​ស្មារតី​មនុស្សធម៌ ច្រើនជាង​ស្មារតី​ជំនួញ ដែលគេ​ត្រូវ​តែ​គិត​អំពីផលចំណេញ​ពី​គូរ​ភាគីនោះ។ ហើយ​ថា​ទស្សនៈ​ដែលថា វិជ្ជាជីវៈ​ពេទ្យ មិនមែនជាជំនួញ​នេះ​ គឺជា​អ្វីដែល​វេជ្ជបណ្ឌិត​ក្នុង​ប្រទេស​ជឿនលឿន និង​ប្រទេស​ដែលមាន​ប្រព័ន្ធ​អប់រំ​រីកចម្រើនបាន​យល់ដឹង​យ៉ាង​ច្បាស់ ហើយ​ក៏​បាន​អនុវត្ត​ជាក់ស្តែង​ដែរ។​

ជាការ​ពិត មិនមែន​បុគ្គលិក​សុខាភិបាល គ្រូពេទ្យ និង​វេជ្ជបណ្ឌិត​ខ្មែរ​ទាំងអស់ សុទ្ធតែ​គ្មាន​សមត្ថភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្សោយ នោះទេ។ វា​ក៏មានដែរ គ្រូពេទ្យ​ដែល​ពូកែ និង​ផ្តល់​សេវា​សុខភាព​ត្រឹមត្រូវ។ ប៉ុន្តែ ក្រុម​ចុង​ក្រោយនេះ មាន​ចំនួន​តិចតួច​នៅឡើយ ដែល​មិនអាច​ធ្វើអោយ​ពលរដ្ឋ​ខ្មែរ មើលឃើញ​យ៉ាង​ទូលាយ ហើយ​គ្របដណ្តប់​លុប​លើ​ក្រុមគ្រូពេទ្យ​ដែល​គ្មាន​ក្រមសីលធម៌​នោះទេ។

រូបភាព​អសកម្ម​មួយចំនួន ហើយ​ដែល​កើតឡើងដដែលៗនៅ​ប្រទេស​កម្ពុជា ដោយ​គ្មាន​ការកែលម្អ ឲ្យ​ប្រសើរឡើង​នោះ មានដូចជា៖
- វេជ្ជបណ្ឌិត​មួយចំនួន បានផ្តល់​គ្រាប់​ថ្នាំ​ទទេ ដោយ​គ្មាន​ប្រអប់ គ្មាន​ឈ្មោះ​ថ្នាំ​ទៅ​ឲ្យ​អ្នកជំងឺ ក្នុង​គោលបំណង មិន​ឲ្យ​អ្នកជំងឺ​ស្គាល់​ប្រភេទ​ថ្នាំ។ ធ្វើ​យ៉ាងនេះ ពីព្រោះ​វេជ្ជបណ្ឌិត​ទាំងនោះ ចង់​ឲ្យ​អ្នកជំងឺ​មករក​ខ្លួន​ទៀត នៅពេល​ឈឺ​លើក​ក្រោយ។ វេជ្ជបណ្ឌិត​ទាំងនោះ​គិតថា ប្រសិនបើ​អ្នកជំងឺ ឈឺ​លើក​ក្រោយ​ទៀត ហើយ​ពួកគេ​ស្គាល់​ថ្នាំ​ហើយ​នោះ ពួកគេ​នឹងមិន​មករក​ពេទ្យ​ទៀតឡើយ។
- គ្រូពេទ្យ​ខ្លះទៀត ដើម្បី​ទទួលបាន​លុយ​ពី​អ្នកជំងឺ តែងតែ​ជំរុញ​ឲ្យ​អ្នកជំងឺ ទទួលយក​សេវាផ្សេងៗ ពិសេស ថត​ស្កេ​ន ពិនិត្យ​ឈាម និង​សេវា​ជាច្រើន​ទៀត ដែល​ពេលខ្លះ​វា​មិន​ទាក់ទង​នឹង​ប្រភេទ​ជំងឺ ឬក៏​ពេលខ្លះ គេ​អាច​ចៀសវាង​បាន។
- ពេលខ្លះទៀត ជំងឺ​ដែល​អាច​ត្រូវបាន​ព្យាបាល​បាន​ដោយ​វិធីងាយៗ ដូចជា​ការផ្តល់​ឲ្យ​នូវ​ថ្នាំ​គ្រាប់ ដែលមាន​តម្លៃថោក​នោះ គ្រូពេទ្យ​នៅតាម​បន្ទប់​ព្យាបាល​ឯកជន​មួយចំនួន បែរជា​តម្រូវ​ឲ្យ​អ្នកជំងឺ​សំរាក​ព្យាបាល ដាក់​សេរ៉ូម ដើម្បី​គេ​អាច​ទទួលបាន​ថ្លៃ​សំរាក​ព្យាបាល។ ក្នុងករណីនេះ ពួកគេ​ទទួលបាន​ទាំង​ថ្លៃ​សេវា​ព្យាបាល និង​ទាំង​ថ្លៃ​បន្ទប់​សំរាក​ជាដើម។

ក្រុមគ្រូពេទ្យ​ទាំងនេះ​មិនបាន​ខ្វល់​ពី​ភាពក្រីក្រ ឬ​ការចំណាយ​ថវិកា​របស់​អ្នកជំងឺ និង​អ្នកទទួល​សេវា​ព្យាបាល​ឡើយ។ បានន័យថា ពួកគេ​មិនបាន​ទុក​ស្មារតី​មនុស្សធម៌​ដែល​ត្រូវមាន​ជាប់​នឹង​វិជ្ជាជីវៈ​នេះ​ពី​ធម្មជាតិ​នោះឡើយ។ ឬក៏​វេជ្ជបណ្ឌិត​ទាំងនោះ មិនបាន​ដឹង​អំពី​មេរៀន​នេះ? វា​ពិតជា​មានការ​លំបាក​ណា​ស់ ក្នុងការ​ទាញយក​ការជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ត្រឡប់មកវិញ នៅពេលដែល​ជំនឿ​ចិត្ត​នេះ ត្រូវ​ប្តូរ​ជាមួយនឹង​អាយុជីវិត​របស់​ពួកគេ​នោះ។

ទោះយ៉ាងណា​ក៏ដោយ គ្មាន​ការចាប់ផ្តើម​ណាមួយ ដែល​យឺត​ពេលនោះ​ឡើយ។ ការធ្វើអោយ​បុគ្គលិក​ក្នុង​ផ្នែក​សុខាភិបាល​ផ្លាស់ប្តូរ​ទស្សនៈ ផ្លាស់ប្តូរ​គំនិត ពី​ការធ្វើ​ជំនួញ​សុទ្ធសាធ​ក្នុង​វិស័យ​សុខមាលភាព ដោយ​ផ្តល់​តម្លៃ​ផ្នែក​មនុស្សធម៌​ឲ្យ​បាន​ច្រើនជាង​នោះ នោះ​យូរ ឬ​ឆាប់ វិស័យ​សេវា​សុខភាព​កម្ពុជា អាច​ទទួលបាន​ការកោតសរសើ​រ​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?