រង​​ទឹក​អាស៊ីត ធ្វើ​ឲ្យ​ខ្ទេច​មុខ​និង​ខ្វាក់​ភ្នែក ព្រោះ… ច្រឡំ​មនុស្ស


បុរសជាតិអង់គ្លេសមួយរូប ត្រូវបានតុលាការផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទបាន​ជះ​ទឹក​អាស៊ីត ទៅ​លើ​បុរស​ម្នាក់​ទៀត។ ជនជាប់ចោទ បានគិតថា ជនរងគ្រោះបានបំពានផ្នែកផ្លូវភេទ ទៅលើសាច់ញាតិ​របស់​ខ្លួន​ម្នាក់... តែ​តាម​ការ​ពិត វាជាការយល់ច្រឡំ ដែលបានបង្កកំហុសមួយ យ៉ាងធំ។
រង​​ទឹក​អាស៊ីត ធ្វើ​ឲ្យ​ខ្ទេច​មុខ​និង​ខ្វាក់​ភ្នែក ព្រោះ... ច្រឡំ​មនុស្ស

រូបខាងឆ្វេង និងខាងលើ៖ លោក អេនឌ្រៀស និងគ្រួសារប្ដីប្រពន្ធ រួមនឹងកូនប្រុសតូចរបស់លោក។ ខាងក្រោម៖ លោក អេនឌ្រៀស ពេលរងរបួស។ (រូបថតទ្វីសធើរ)

ជនជាប់ចោទ លោក ដេវីដ ហ្វីលីព (David Phillips) ត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពី​បទ​បានបង្ករបួសស្នាម នៅលើបុរសម្នាក់​ដោយទឹកអាស៊ីត។ ជនជាប់ចោទ បានទទួលស្គាល់ថា បានបង្ក​និង​រៀប​ចំ​គម្រោងការទុកជាមុន នូវការស្រោចទឹកអាស៊ីតនេះ ដោយសារខ្លួនបានជឿជាក់ថា បុរសជាជនរងគ្រោះ បាន​បំពាន​ខាងផ្លូវភេទ ទៅលើសាច់ញាតិខ្លួនម្នាក់។ ប៉ុន្តែ លោក ដេវីដ ហ្វីលីព បានយល់ច្រឡំ ទៅលើ​អត្ត​សញ្ញាណ របស់អ្នកប្រព្រឹត្តិ។

លោក អេនឌ្រៀស គ្រីស្តូហ្វើរូស (Andreas Christopheros) ដែលជាជនរងគ្រោះ បានឆេះដាក់មុខ រលះរលួយ និងបានខ្វាក់ភ្នែកមួយចំហៀង។ លោកត្រូវបានវាយប្រហារ ដោយទឹកអាស៊ីត កាលពីខែធ្នូឆ្នាំទៅម៉ិញ នៅ​ក្នុង​គេហដ្ឋានរបស់លោក នាក្រុង «Truro» ស្ថិតក្នុងភាគខាងត្បូង នៃចក្រភពអង់គ្លេស។ កាលណោះ លោក អេនឌ្រៀស នៅក្នុងផ្ទះរបស់លោក ដូចធម្មតា ហើយបានចេញ មកបើកទ្វាឲ្យលោក ដេវីដ ហ្វីលីព។ រំពេចនោះ លោក ដេវីដ បានស្រែកឡើងថា៖ «អានេះ (ទឹកអាស៊ីត) គឺសម្រាប់អ្នកឯង» មុននឹងជះទឹកអាស៊ីតស៊ុលហ្វ័រីច ដ៏ខាប់ ទៅលើជនរងគ្រោះ។

កម្លាំងរបស់ទឹកអាស៊ីតសុទ្ធ និងខាប់ មានកម្លាំងខ្លាំងណាស់ រហូតដល់អាវដែលលោក អេនឌ្រៀស ពាក់ បាន​ពុកផុយខ្ទេចម៉ត់ ហើយក្ដាកម្រាលនៅក្នុងផ្ទះ ត្រូវបានស៊ីរូង និងមានស្នាមខូចខាតជាប់រហូត។ នេះបើ​តាម​សេចក្ដី​រាយការណ៍បន្ថែម របស់ស្ថានីយ៍ទូរទស្សន៍ ប៊ីប៊ីស៊ី (BBC)។

កូនខ្លួនឯងមើល ភ័យនឹងឪពុកខ្លួន...

លោក អេនឌ្រៀស បានបង្ហាញខ្លួន នៅក្នុងសវនាការ ក្នុងថានៈជាជនរងគ្រោះ ដោយមានពាក់មុខ ធ្វើពីជាតិ ស៊ីលីកូន និងវែនតាខ្មៅ។ លោកបានថ្លែង នៅចំពោះចៅក្រមថា លោកបានរងនូវការវះកាត់ ទៅលើរាង​កាយ​មួយចំនួន ដែលបានរលេះរលួយ និងពិការ។ លោកនឹងត្រូវខូចមុខ ហើយមើលមិនច្បាស់ រហូតអស់​មួយ​ជីវិត។ លោកថែមទាំង បានបញ្ជាក់ទៀតថា កូនប្រុសដែលនៅតូចរបស់លោក លែងមើលលោកស្គាល់ ថា​ជា​ឪពុក និងមានការភ័យភិត នឹងឃើញមុខលោក។

» គ្រួសារលោក អេនឌ្រៀស និងជនជាប់ជោទ៖

រង​​ទឹក​អាស៊ីត ធ្វើ​ឲ្យ​ខ្ទេច​មុខ​និង​ខ្វាក់​ភ្នែក ព្រោះ... ច្រឡំ​មនុស្ស

ជនជាប់ចោទ ដែលបានទទួលស្គាល់ ពីគម្រោងការដ៏អាក្រក់របស់ខ្លួន នឹងត្រូវរស់នៅរហូតចុងបញ្ចប់នៃជីវិត ក្នុងពន្ធនាគារ។ នៅពេលចេញពីតុលាការ លោក ដេវីដ ហ្វីលីព បានទៅសម្ដែងការសោកស្ដាយ របស់ខ្លួន នៅ​ចំពោះ​ជនរងគ្រោះ។ សម្រាប់មន្ត្រីអាជ្ញាធរ ដែលទទួលបន្ទុកស៊ើបអង្កេតករណីនេះ បានឲ្យដឹងថា៖ «វា​ជា​រឿង​ដែលតក់ស្លុតរកទីបំផុតគ្មាន ដោយសារតែទង្វើល្មើស បានធ្វើឲ្យរបួស និងបានផ្លាស់ប្ដូរជីវិត របស់បុរសម្នាក់ ដែលមិនដឹងរឿងអីទាល់តែសោះ»៕

សដងសដ