សម្តេច​ហ៊ុនសែន និង​ភរិយា ចូលរួម​ទទួលទាន​អាហារ​ពេល​ល្ងាច ជាមួយ​ប្រធាន​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក ម៉ា​កាវ ឆ្នាំ​២០១៥

ភ្នំពេញ: សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានទទួល​ការអញ្ជើញ​ទទួលទាន​អាហារ​ពេល​ល្ងាច​រៀបចំ​ដោយ​លោក Ho Hau Wah អនុ​ប្រធានសភា​ក្រុមប្រឹក្សា​នយោបាយ​ប្រជាជន​ចិន និង​ជា​ប្រធាន​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក ម៉ា​កាវ ឆ្នាំ​២០១៥
​កាលពី​រាត្រី​ថ្ងៃទី​១១​តុលា​។

​ថ្លែង​ក្នុង​ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​នោះ លោក Ho Hau Wah មានប្រសាសន៍ថា នេះ​គឺជា​មហា​កិត្តិយស​ខ្លាំងណាស់ សម្រាប់​ម៉ា​កាវ ដែល​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​មក​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក ម៉ា​កាវ ឆ្នាំ​២០១៥​។ ម៉ា​កាវ អាច​ដើរតួនាទី​ជា​ស្ពាន ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា ពិសេស​លើ​ការពង្រឹង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​ម៉ា​កាវ​។

​លោក Ho Hua Wah ធ្លាប់បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចំនួន​ពីរលើក​រួចមកហើយ នៅក្នុង​ប្រទេស​កម្ពុ​ជាកា​លពី​ពេលកន្លងមក ហើយ​តាមរយៈ​ជំនួប​ពិភាក្សា នៅថ្ងៃនេះ នឹង​ជួយ​ជំរុញ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ម៉ា​កាវ កាន់​តែមាន​ភាពជិតស្និទ្ធ​ទ្វេ​ឡើង​ថែមទៀត​។​

​ឆ្លើយតប​វិញ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ដោយសារតែ​វេទិកា​ដ៏​មាន​សារៈសំខាន់​នេះហើយ ដែល​បានធ្វើ​ឲ្យ​រូប​សម្តេច និង​គណៈប្រតិភូ​មក​បំ​ពេញ​ទស្សនកិច្ច​ការងារ ជា​លើកដំបូង​នៅ​ទីក្រុង​ម៉ា​កាវ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ឯកភាព​ជាមួយនឹង​អ្វីដែល​លោក​ប្រធាន Ho Hua Wah បានលើកឡើង ពិសេស​ពី​សក្តានុពល ដែលមាន​រវាង​កម្ពុជា និង​ម៉ា​កាវ​។ វត្តមាន​របស់​សម្តេច​តេ​ជោ និង​គណៈប្រតិភូ​កម្ពុជា នៅ​ទីក្រុង​ម៉ា​កាវ នៅពេលនេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ម៉ា​កាវ រវាង​កម្ពុជា​ជាមួយនឹង​ប្រទេស​ចិន ទី​២ ដើម្បី​ជា​ឱកាស​នៃ​ការចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក​ម៉ា​កាវ ដែល​នោះ គឺជា​ព្រឹត្តិការ​ណ៏​សំខាន់​មួយ និង​ទី​៣ គឺ​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ម៉ា​កាវ ឲ្យ​កាន់​តែមាន​ទំហំ​ធំ​ឡើង​ថែមទៀត ជាពិសេស​ការជំរុញ​ពាណិជ្ជកម្ម​ពី​កម្ពុជា មកកាន់​ម៉ា​កាវ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សម្តេច​នឹង​លើក​បញ្ហា​នោះ ក្នុងជំនួប​ជាមួយនឹង​លោក ស៊ី ជិន​ពីង ប្រធានាធិបតី ស​.​ប​. ចិន ដែល​នឹង​ធ្វើឡើង នៅ​រសៀល​ថ្ងៃទី​១៥​តុលា នាទី​ក្រុង​ប៉េកាំង ជាពិសេស​ការបង្កើន​នូវ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា ចូលទៅ​កាន់​ទីផ្សារ​រប​ស់​ប្រទេស​ចិន នៅក្នុង​ក្របខណ្ឌ​ផ្លូវ​សូត្រ ក្នុងនោះ ម៉ា​កាវ​អាច​ដើរតួនាទី​ជា​ប្រវត្តិសាស្ត្រ ក្នុងការ​គាំទ្រ​គោលនយោបាយ​របស់លោក ស៊ី ជិន​ពីង​។

​ក្នុងជំនួប​ពិភាក្សាគ្នា​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​លោក​ប្រធាន ជួយ​ជំរុញ​អ្នកវិនិយោគ​ពី​ម៉ា​កាវ មក​បណ្តាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា ពីព្រោះ​ម៉ា​កាវ​មាន​ក្រុមហ៊ុន​ជាច្រើន ដែល​អាចមក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា ពិសេស​ការលើក​ត​ម្កើ​ន​លើ​វិស័យ​ទេសចរណ៍ តាមរយៈ​ជំរុញ​ឲ្យ​មានការ​ហោះហើរ​ត្រង់​ពី​ម៉ា​កាវ មកកាន់​រាជធានី​ភ្នំពេញ ឬ​ខេត្តសៀមរាប​។​

​ជាការ​ឆ្លើយតប លោក Ho Hau Wah មានប្រសាសន៍​ឯកភាព​ទាំងស្រុង ទៅនឹង​ប្រសាសន៍​លើកឡើង​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។

​លោក​នឹង​ណែនាំ​ឲ្យ​មន្ត្រី​សាលាក្រុង​ម៉ា​កាវ ធ្វើការ​ស្រាវជ្រាវ ដើម្បី​អនុវត្ត​ជាក់ស្តែង​ទៅលើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទាំងបី​នោះ ដើម្បី​ឲ្យ​មានដំណើរ​ការ​ទៅមុខ​។​

​លោក​បាន​មានប្រសាសន៍​បន្តថា ជា​ទស្សនៈ​ផ្ទាល់​របស់លោក លោក​នឹង​ខិតខំ​ជំរុញ​ធ្វើ​យ៉ាង​ពង្រឹង​ទំនាក់ទំនង​រវាង​ម៉ា​កាវ និង​កម្ពុជា ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ហើយ​នៅ​ឆ្នាំ​២០១៦ ខាងមុខ លោក​នឹង​ដឹកនាំ​គណៈប្រតិភូ​ពី​ម៉ា​កាវ ដើម្បី​ពិនិត្យ​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​ទក​៕​

សម្តេច​ហ៊ុនសែន និង​ភរិយា ចូលរួម​ទទួលទាន​អាហារ​ពេល​ល្ងាច ជាមួយ​ប្រធាន​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក ម៉ា​កាវ ឆ្នាំ​២០១៥

សម្តេច​ហ៊ុនសែន និង​ភរិយា ចូលរួម​ទទួលទាន​អាហារ​ពេល​ល្ងាច ជាមួយ​ប្រធាន​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក ម៉ា​កាវ ឆ្នាំ​២០១៥

សម្តេច​ហ៊ុនសែន និង​ភរិយា ចូលរួម​ទទួលទាន​អាហារ​ពេល​ល្ងាច ជាមួយ​ប្រធាន​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក ម៉ា​កាវ ឆ្នាំ​២០១៥

សម្តេច​ហ៊ុនសែន និង​ភរិយា ចូលរួម​ទទួលទាន​អាហារ​ពេល​ល្ងាច ជាមួយ​ប្រធាន​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក ម៉ា​កាវ ឆ្នាំ​២០១៥