សម្តេច​ហ៊ុនសែន ផ្ញើ​សារ​ពី​ចិន ជូន​ជនរួមជាតិ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

ភ្នំពេញ: សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារ​ជូនពរ ប្រគេន​ថ្វាយ​ព្រះសង្ឃ និង​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស រួមទាំង​កងទ័ព​រក្សា​សន្តិភាព​កម្ពុជា ដែល​កំពុង​បំពេញបេសកកម្ម​ជាមួយ​អង្គការសហប្រជាជាតិ (UN) នៅ​បរទេស នៅក្នុង​ឱកាស​
​បុណ្យ​ភ្ជុំបិណ្ឌ ថ្ងៃទី​១២​តុលា​នេះ​។ សម្តេច និង​ភរិយា កំពុង​ស្ថិតនៅ​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន ដើម្បី​ចូលរួម​កិច្ចប្រជុំ រហូតដល់​ថ្ងៃទី​១៧​តុលា ទើប​សម្តេច និង​ភរិយា វិល​ត្រលប់​មកកាន់​មាតុប្រទេស​។​

​ក្នុង​ខ្លី​ប​វិ​ដេ​អូ​រយៈពេល ៥ នាទី និង ១៤ វិនាទី ថត​ក្នុង​បន្ទប់​សណ្ឋាគារ នៅ​ទាបភ្លឺ​ថ្ងៃ​ចន្ទ ទី​១២​តុលា​នេះ សម្តេច​តេ​ជោ ហ៊ុនសែន បាន​សម្តែង​ការសោកស្តាយ ដែល​សម្តេច និង​ភរិយា មិនអាច​នៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។ សម្តេច​ក៏បាន​បញ្ជាក់ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​សម្តេច មិនបាន​នៅ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។ កាលពី​ថ្ងៃបុណ្យ​ភ្ជុំ ឆ្នាំ​២០១២ ថ្ងៃទី​១៥​តុលា សម្តេច និង​ភរិយា ក៏បាន​ធ្វើដំណើរ​ទៅ​ដង្ហែ​ព្រះមហាក្សត្រ ទៅកាន់​ទីក្រុង​ប៉េកាំង ជាបន្ទាន់ ដើម្បី​ដង្ហែ​ព្រះ​បរមសព​សម្តេចព្រះ នរោត្តម សីហនុ ទៅកាន់​មាតុប្រទេស​វិញ​។​

​សម្តេច​ហ៊ុនសែន បាន​បន្តថា ទោះបីជា​សម្តេច មិនបាន​ទៅ​វត្ត​ចូលរួម​បុណ្យ​ភ្ជុំបិណ្ឌ ក៏ប៉ុន្តែ​បងប្អូន និង​ក្រុមគ្រួសារ​សម្តេច បាន​ទៅ​វត្ត​ធ្វើបុណ្យ ក្នុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​។ សម្តេច​ក៏​សុំ​អធ្យាស្រ័យ ដែល​ឆ្នាំនេះ សម្តេច​មិនបាន​ទៅធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ នៅ​វត្ត​វាំង​ចាស់​។​

​សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​ថ្លែងអំណរគុណ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​សមត្ថកិច្ច ដែល​ខិតខំ​ការពារ​សន្តិសុខ និង​សម្រួល​ចរាចរណ៍ សណ្តាប់ធ្នាប់​ដល់​ប្រជាពលរដ្ឋ ធ្វើដំណើរ​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​។ សម្តេច​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​តាមផ្លូវ ត្រូវគោរព​ច្បាប់​ចរាចរណ៍ និង​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ជាយថាហេតុ​។​

​សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​បន្ត​អំពាវនាវ​ដល់​ក្រុមហ៊ុន​ឡានក្រុង និង​ឡាន​ឈ្នួល កុំ​ឲ្យ​ឡើងថ្លៃ ហើយ​បើ​ឡើងថ្លៃ​រួចមក ក៏​កុំ​បន្ត​ឡើង​ហួសហេតុ​ទៀត នៅពេល​ដឹក​អ្នកដំណើរ មកពី​តាម​បណ្តា​ខេត្ត​នានា ចូលមក​កាន់​រាជធានី​ភ្នំពេញ​វិញ ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។​

​ជាមួយគ្នា​នោះ សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​ប្រគេន​ពរ​ដល់​ព្រះសង្ឃ និង​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​ជូនពរ​ដល់​កងកម្លាំង​ប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់​ប្រទេស ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។

​ក្នុងនោះ សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​ជូនពរ​ជាពិសេស​ជូន​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ក្នុងនាម​ជា​កងទ័ព​រក្សា​សន្តិភាព​កម្ពុជា ដែល​កំពុង​បំពេញបេសកកម្ម​ជាមួយ​អង្គការសហប្រជាជាតិ (UN) នៅ​បរទេស នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​៕​

សម្តេច​ហ៊ុនសែន ផ្ញើ​សារ​ពី​ចិន ជូន​ជនរួមជាតិ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​