តារា​ស្រី​ល្បី Selena Gomez សារភាពថា នាង​មាន​ជំងឺ​ស្បែក Lupus

តារា​ស្រី​ល្បី Selena Gomez សារភាពថា នាង​មាន​ជំងឺ​ស្បែក Lupus

​ថ្មីៗ​នេះ តារា​ស្រី​ល្បី នាង Selena Gomez បាន​សារភាព​ថា នាង​បាន​កើត​ជំងឺ​ស្បែក​ម្យ៉ាង (Lupus) ដែល​ជា​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ ដែល​ធ្វើឲ្យ​នាង​ឈឺ​សន្លាក់ ឡើង​កន្ទួល​ក្រហម អស់កម្លាំង និង​ខូចខាត​សរីរាង្គ​ទៀតផង​។ នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង ទស្សនាវដ្ដី Billboard តារា​ស្រី​អាយុ​ទើបតែ ២៣ ឆ្នាំ​រូប​នេះ​បង្ហើប​ប្រាប់ឲ្យដឹង​ថា នាង​បាន​កើត​ជំងឺ​នេះ កាលពី​ឆ្នាំមុន​។​

“​ខ្ញុំ​ត្រូវ​ទទួល​ការព្យាបាល ដោយ​ប្រើ​ថ្នាំ​គីមី​។ ខ្ញុំ​ស្ទើរតែ​មាន ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ទៅហើយ​។ ដូច្នេះហើយ ទើប​ខ្ញុំ​បាត់​មុខ​មួយរយៈ​។ ខ្ញុំ​ចង់​នៅ​ម្នាក់ឯង រហូតដល់​ពេល​ខ្ញុំ​អាច​សម្រួល​អារម្មណ៍ និង​មាន​សុខភាព​ល្អ​ឡើង​វិញ​បាន​” នេះ​ជា​សំដី​របស់ Selena​។​

 

​គេហទំព័រ WebMD បាន​សាកសួរ​ទៅ​វេជ្ជបណ្ឌិត Howard Smith អ្នកជំនាញ​ខាង​ជំងឺ​សន្លាក់ នៅ​គ្លីនិក Cleveland ដ៏​ល្បី​ក្នុង​រដ្ឋ Ohio អំពី​ជំងឺ​ស្បែក Lupus និង​ការព្យាបាល​ដោយ​ថ្នាំ​គីមី ដូចខាងក្រោម​នេះ ៖

WebMD: Lupus គឺ​ជា​ជំងឺ​អ្វី​ទៅ​?
Smith: ជា​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ ដែល​ធ្វើឲ្យ​រាងកា​យរបស់​យើង វាយប្រហារ​ទៅលើ​ខ្លួនឯង​។ មនុស្ស​ស្រី​ជាច្រើន បាន​កើត​ជំងឺ​នេះ​។ ម្នាក់​ក្នុងចំណោម ជនជាតិ​អា​មេ​រិច​កាត់​អាហ្វ្រិ​ច ២៥០ នាក់ គឺ​កើតមាន​ជំងឺ​នេះ​ហើយ​។​
WebMD: តើ​មាន​សរីរាង្គ​មួយចំនួន នឹង​ទទួលរង​ការវាយប្រហារ​នេះ​មែន​ទេ​?
Smith: មាន​ហើយ គ្រប់​សរីរាង្គ​ទាំងអស់​នឹង​ជួប​បញ្ហា ប៉ុន្តែ វា​ច្រើន​កើត​លើ​សន្លាក់ និង​ស្បែក​។​
WebMD: Gomez នាង​និយាយថា នាង​ស្ទើរតែ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ថា​តើ​វា​ទាក់ទង​គ្នា​ដូច​ម្តេចទៅ​?
Smith: ស្ត្រី​មួយ​ចំនួន ដែល​កើត​ជំងឺ​នេះ នឹង​ជួប​បញ្ហា​ឈាម​ឆាប់​កក (​មាន​ប្រហែលជា ១០ ភាគរយ​)​។ មនុស្ស​ស្រី​ប្រភេទ​នោះ នឹង​ជួប​បញ្ហា​ច្រើន​ពេល​មាន​ផ្ទៃពោះ និង​ជំងឺស្ត្រូក​នេះឯង​។​

WebMD: យើង​គិត​អំពី ការព្យាបាល​ថ្នាំ​គីមី​វិញ​ម្តង​។ វា​ច្រើន​ប្រើ​លើ​ជំងឺមហារីក ចុះ​ហេតុអ្វី​គេ​ត្រូវ​ប្រើ​វា ក្នុងករណីនេះ​?
Smith: ពេលខ្លះ ថ្នាំ​តែមួយ អាច​ព្យាបាល​ជំងឺ​បាន​ច្រើន​មុខ​។ សម្រាប់​ជំងឺ​នេះ ប្រព័ន្ធ​ការពារ​កាយ​យើង លែង​មាន​ដំណើរការ​ដូច​មុន​ហើយ វា​នឹង​កម្ទេច​ខ្លួនឯង ហើយ​វា​គឺ​ដូចគ្នា នឹង​ជំងឺ​មហារីក​ដែរ ហើយ​ការព្យាបាល​ដោយ​ថ្នាំ​គីមី អាច​ទប់ស្កាត់​បញ្ហា​នេះ​បាន​។​
WebMD: តើ​លោក​គិត​ថា​តើ ស្ថានភាព​របស់ Gomez ពិត​ជា​ធ្ងន់ធ្ងរ​ណាស់​មែន​ទេ ទើប​ឈាន​ដល់​ការប្រើ​ថ្នាំ​គីមី​ដូច្នេះ​?
Smith: ការព្យាបាល​ដោយ​ថ្នាំ​គីមី ជាទូទៅ សាក​សម​សម្រាប់​អ្នកជំងឺ​ធ្ងន់ធ្ងរ​។ អ្នកជំងឺ​ភាគច្រើន ដែល​មាន​ជំងឺ Lupus នេះ គឺ​ត្រូវ​ប្រើ​ថ្នាំ ប្រឆាំង​ការ​រលាក​មិនមែន​ស្តេ​រ៉ូ​អ៊ីត និង​ថ្នាំ​ផ្សេង​ទៀត​ឈ្មោះ Hydroxychloroquine​។ អ្នក​កើត​ជំងឺ​នេះ ក៏​មាន​កម្រិត​ស្រាល និង​ធ្ងន់ធ្ងរ​ផងដែរ ដែល​ត្រូវ​ប្រើ និង​មិន​ត្រូវការ​ថ្នាំ​គីមី​នេះ ហើយ​អ្នកខ្លះ ក៏​អាច​រស់នៅ​បាន​ធម្មតា​ផងដែរ​។​
WebMD: គោលដៅ​នៃ​ការព្យាបាល គឺជា​អ្វី​?
Smith: យើង​មិន​គិត​អំពី ការព្យាបាល​នោះ​ទេ​។ អនាគត ប្រហែលជា​អាច ប៉ុន្តែ មិនមែន​ឥឡូវ​នេះ​នោះ​ទេ​។ គោលដៅ​នៃ​ការព្យាបាល​គឺ ការគ្រប់គ្រង និង​ទប់ស្កាត់ ដើម្បី​កុំឲ្យ​អ្នកជំងឺ មាន​សញ្ញា រោគសញ្ញា ឬ​បញ្ហា​នានា​។​
WebMD: កត្តា​ប្រឈមមុខ​វិញ​?
Smith: ស្ត្រី​ដែល​មាន​អាយុ​ចាប់ពី ១៨ ទៅ ៤៥ ឆ្នាំ អាច​នឹង​ប្រឈមមុខ​ខ្លាំង ហើយ​កត្តា​អ័រម៉ូន ដើរតួ​សំខាន់ ក្នុង​បញ្ហា​នេះ​។​
WebMD: បើ​គ្មាន​ការព្យាបាល តើ​អនាគត​ពួកគេ នឹង​ទៅជា​យ៉ាងណា​?
Smith: ខ្ញុំ​គិតថា អ្វីៗ​អាច​នឹង​កើតឡើង ដូចដែល​គេ​កំពុងតែ​សិក្សា​ទៅលើ​ថ្នាំ ចំនួន ២៧ មុខ សម្រាប់​ជំងឺ​នេះ​ផង​ដែរ​៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។