ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ខេត្ត​ស្ទឹងត្រែង​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ

ទាញ​យក​កម្មវីធី

ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​ស្ទឹងត្រែង និង​ជនជាតិ​ភាគ​តិច​ឡាវ មាន​ជំនឿ និង​ប្រពៃណី​ដូច​ខ្មែរ ដូចជា​បុណ្យ​កឋិន បុណ្យ​ចេញ​វស្សា និង​បុណ្យ​ភ្ជុំ​បិណ្ឌ ជាដើម។ ក្នុង​រយៈពេល​នៃ​ពិធី​កាន់​បិណ្ឌ​នេះ គេ​សង្កេត​ឃើញ​ជនជាតិ​ដើម​ភាគ​តិច និង​ជនជាតិ​ឡាវ ជាច្រើន បាន​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ហើយ​ពួក​គេ​ចាត់​ទុក​ពិធី​បុណ្យ​នេះ បង្កប់​ខ្លឹមសារ​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​ជ្រាលជ្រៅ។ ដោយឡែក​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ក្បាលរមាស ស្រុក​សេសាន បាន​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ជាង ៣០​ឆ្នាំ​មក​ហើយ។

ភូមិ​ក្បាលរមាស ឃុំ​ក្បាលរមាស ស្រុក​សេសាន គឺ​ជា​វត្ត​នៅ​ទី​ជនបទ​ដាច់​ស្រយាល​មួយ ដែល​ឋិត​នៅ​តំបន់​ព្រៃ​ចម្ងាយ​ជាង ៧០​គីឡូ​ម៉ែត្រ ភាគ​ខាង​ត្បូង​ឆៀង​ខាង​កើត​ពី​ទី​រួម​ខេត្ត​ស្ទឹងត្រែង។ ពលរដ្ឋ​រស់នៅ​ទីនោះ​ភាគ​ច្រើន ជា​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង បាន​ប្រារព្ធ​ពិធី​កាន់​បិណ្ឌ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ខ្មែរ ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ ហើយ​អ្នក​ភូមិ​បាន​ចែក​វេន​គ្នា​ធ្វើ​ចង្ហាន់​នាំ​យក​នំ​ចំណី​ផ្កា​ភ្ញី ទៀន​ធូប​ទៅ​ប្រគេន​ព្រះសង្ឃ តាម​ជំនឿ និង​រាប់បាត្រ​បោះ​បាយ​បិណ្ឌ។

អាចារ្យ​វត្ត​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង លោក កឹម ឌឿង ចាប់​បារម្ភ​ថា ក្នុង​រយៈពេល​ជាង ៣​ទសវត្សរ៍​កន្លង​មក​នេះ អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ព្នង បាន​ប្ដូរ​ប្រពៃណី​ខ្លះៗ​ប្រកាន់​ភ្ជាប់​ទំនៀមទម្លាប់​ប្រពៃណី​ដូច​ខ្មែរ ដូចជា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ជាដើម។ តែ​យ៉ាង​ណា ពួក​គេ​ក៏​មិន​អាច​បោះ​បង់​ប្រពៃណី វប្បធម៌​របស់​ជនជាតិ​ដើម​ភាគ​តិច​របស់​ពួក​គេ​ដែរ។ លើស​ពី​នេះ អ្នក​ភូមិ​តែង​និយម​និយាយ​ភាសា​ជនជាតិ​ដើម​ភាគ​តិច​ព្នង ភាសា​ឡាវ និង​ភាសា​ខ្មែរ​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។ លោក​ថា នៅ​ភូមិ​ក្បាលរមាស វត្ត​ព្រះពុទ្ធ​សាសនា​តែ​មួយ​គត់​ដែល​អ្នក​ភូមិ​នាំ​គ្នា​បង្កើត​ឡើង ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​សាសនា​នានា ដូច​សាសនា​ព្រះពុទ្ធ។ ចាប់​ពី​ថ្ងៃ​កាន់​បិណ្ឌ​ទី​១ រហូត​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ អ្នក​ភូមិ​បាន​ចែក​វេន​គ្នា​ធ្វើ​ចង្ហាន់​នាំ​យក​នំ​ចំណី​ផ្កា​ភ្ញី ទៀន​ធូប​ទៅ​ប្រគេន​ព្រះសង្ឃ​តាម​ជំនឿ និង​រាប់បាត្រ​បោះ​បាយ​បិណ្ឌ ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​បុព្វការី​ជន​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត ហើយ​មិន​ទាន់​បាន​ទៅ​ចាប់​ជាតិ​សោយ​សុខ​នៅ​ឋានសួគ៌ ឲ្យ​មក​ទទួល​យក​ចំណី​អាហារ​តាម​រយៈ​ព្រះសង្ឃ ដែល​បាន​បង្សុកូល​បញ្ជូន​ទៅ​ដល់​ដួង​ព្រលឹង​បុព្វការី​ជន​ទាំង​នោះ ឆាប់​បាន​ចាប់​ជាតិ​ទៅ​កាន់​សុគតិភព។ ម្យ៉ាង​វិញ​ទៀត ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​ព្នង ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ពួក​គេ​តែង​នាំ​គ្នា​សម្អាត​ទីកន្លែង​គោរព​បូជា​អារក្ស​អ្នកតា ដើម្បី​សែន​ព្រេន មាន​មាន់​ស្ងោរ ផ្កា និង​នំ​ចំណី ជាដើម៖ «ការ​បោះ​បាយ​បិណ្ឌ ចាស់ៗ​អត់​មាន​ចូលរួម​ទេ។ ប្រសិន​ជា​មាន​ប្រពៃណី​សែន​ព្រេន ចាស់ៗ​គេ​មក​ជួប​ជុំ​ហើយ។ រយៈពេល​សែន​ដូនតា​ហ្នឹង គេ​សែន​ស្រូវ​គេ​ដែល​មាន​បាយ​ថ្មី អង្គរ​ស្រូវ​ថ្មី​អំបុក គេ​ជូន​ដូនតា​គេ​ដូច​គ្នា»

លោក អាចារ្យ កឹម ឌឿង កត់​សម្គាល់​ថា កាល​ពី​ទសវត្សរ៍​ទី​៨០ ភូមិ​ក្បាលរមាស នៅ​មិន​ទាន់​មាន​វត្ត​អារាម គេ​ឃើញ​មាន​ដើម​ពោធិ៍​យ៉ាង​ធំ​មួយ​ដើម។ អ្នក​ភូមិ​ចាត់​ទុក​ថា ដើម​ពោធិ៍​នោះ​ពូកែ​ស័ក្តិសិទ្ធិ និង​តែង​តែ​បន់​ស្រន់​ពេល​មាន​ទុក្ខ​ធុរៈ​ផ្សេងៗ។ លោក​បន្ត​ថា មាន​ផ្ទះ​ពលរដ្ឋ ១​គ្រួសារ​នៅ​ក្បែរ​ដើម​ពោធិ៍​នោះ កើត​ជំងឺ​ខុស​ប្រក្រតី​ទាំង​ពីរ​នាក់​បង​ប្អូន ទើប​អ្នក​ភូមិ​សែន​ព្រេន ថ្វាយ​អ្នកតា​ដើម​ពោធិ៍ នៅ​តែ​មិន​អាច​ជា​សះ​ស្បើយ។ អ្នក​ភូមិ​ស្វែងរក​គ្រូ​ទាយ ដើម្បី​ប្រមើល​មើល​ពី​ហេតុផល​ដែល​បណ្ដាល​ឲ្យ​បុរស​ពីរ​នាក់​បង​ប្អូន​ខុស​ប្រក្រតី ដោយ​មិន​ដឹង​មូលហេតុ ហើយ​គ្រូ​ទាយ​ឲ្យ​អ្នក​ភូមិ​បង្កើត​វត្ត​អារាម​ក្នុង​ភូមិ ដើម្បី​ធ្វើ​បុណ្យ មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា ទើប​បុរស​ទាំង​ពីរ​នាក់​បង​ប្អូន​ជា​សះ​ស្បើយ។ ចំណែក​អ្នក​ភូមិ​ក៏​កសាង​វត្ត​អារាម​ឈ្មោះ​ថា វត្ត​ពោធិ៍សារាម ហៅ​វត្ត​ក្បាលរមាស៖ «បារមី​ភូមិ​ចាស់​គេ​ជំនាន់​ណា យើង​អត់​ដឹង គឺ​មនុស្ស​ពីរ​នាក់​បង​ប្អូន​កើត​ឆ្កួត ដល់​កើត​ឆ្កួត​ឲ្យ​គ្រូ​គេ​មើល​គេ​ថា បារមី​ដើម​ពោធិ៍​ហ្នឹង​ទេ ទាល់​តែ​និមន្ត​លោក​មក​សូត្រ​មន្ត​បាន​ជា។ និមន្ត​លោក​និមន្ត​អាចារ្យ គេ​ចេះ​សូត្រ​មន្ត​សូត្រ​អី​ហ្នឹង ហើយ​មនុស្ស​ហ្នឹង​អាច​ជា»

ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង លោក ស្រុន ស្រៀន ឲ្យ​ដឹង​ថា វត្ត​ពោធិ៍សារាម ហៅ​វត្ត​ក្បាលរមាស មាន​ព្រះសង្ឃ​គង់​នៅ​ចំនួន ២​អង្គ ហើយ​ព្រះសង្ឃ​ទាំង​ពីរ​អង្គ​នោះ គឺ​ជា​ជនជាតិ​ដើម​ភាគ​តិច​ព្នង។ លោក​ថា មាន​ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន​ជា​ចាស់​ទុំ មាន​វ័យ​ចាប់​ពី ៥៥​ឆ្នាំ​ឡើង​ទៅ ភាគ​ច្រើន​ពុំ​ចេះ​និយាយ​ភាសា​ខ្មែរ និង​ពុំ​មាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា​ឡើយ ដោយឡែក​អ្នក​ភូមិ​ដែល​មាន​វ័យ​ក្រោម ៥៥​ឆ្នាំ ភាគ​ច្រើន​បាន​ប្ដូរ​ឥរិយាបថ​កាន់​ប្រពៃណី​ដូច​ខ្មែរ​ទាំង​ស្រុង៖ «កាល​ពី​មុន​ជនជាតិ​ដើម​ភាគ​តិច គាត់​អត់​មាន​វត្ត​ដូច​ខ្មែរ​ហ្នឹង​ទេ។ ដល់​ឥឡូវ គាត់​ចេះ​ដឹង មាន​វត្ត​គាត់​និមន្ត​លោក​មក ក្នុង​ភូមិ​គាត់​ចាប់​ផ្ដើម​ដូច​ខ្មែរ​ធម្មតា»

មិន​ត្រឹម​តែ​មាន​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ក្បាលរមាស ប៉ុណ្ណោះ​ទេ ចំណែក​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ និង​ពលរដ្ឋ​ជនជាតិ​ភាគ​តិច​ឡាវ នៅ​ខេត្ត​ស្ទឹងត្រែង ក៏​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ដែរ។ ពួក​គេ​មាន​ជំនឿ និង​ប្រពៃណី​ដូច​ខ្មែរ ដូចជា​បុណ្យ​ចូល​ឆ្នាំ បុណ្យ​កឋិន បុណ្យ​ចេញ​ព្រះវស្សា និង​បុណ្យ​ភ្ជុំ​បិណ្ឌ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។