វត្ត​មួយ​ចំនួន​ដែល​លោក​នាយក​រដ្ឋមន្ត្រី​តែង​ចូល​ចិត្ត​ធ្វើ​បុណ្យ​ក្នុង​ពិធី​កាន់​បិណ្ឌ

ទាញ​យក​កម្មវីធី

វត្ត​អារាម​មួយ​ចំនួន​ក្នុង​ចំណោម​វត្ត​ជាង ៤​ពាន់​វត្ត​នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​ទី​ពេញ​និយម​បំផុត ក្នុង​ការ​ធ្វើ​បុណ្យ​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ជាពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ នៅ​ពេល​វត្ត​ដែល​មាន​អ្នក​ធំ​ចូល​ធ្វើ​បុណ្យ​ទាន គឺ​តែង​អភិវឌ្ឍ​លឿន និង​សម្បូរ​ហូរហៀរ បើ​ប្រៀបធៀប​វត្ត​ដទៃ​ទៀត។

អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា កាល​ណា​អ្នក​នយោបាយ​ផ្ដោត​សំខាន់​ទៅ​លើ​តែ​វត្ត​ដែល​រីក​ចម្រើន​រួច​ទៅ​ហើយ​នោះ គឺ​ជា​ការ​បែង​ចែក​មិន​ស្មើ​គ្នា​ចំពោះ​ការ​ផ្ដល់​ទាន ឬ​ធ្វើ​បុណ្យ​ចំពោះ​បុគ្គល។

អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា ថ្វី​បើ​លោក​នាយក​រដ្ឋមន្ត្រី​តែង​ធ្វើ​បុណ្យ​នៅ​តាម​ទី​វត្ត​អារាម​ក៏​ពិត​មែន ប៉ុន្តែ​មិន​មែន​បាន​ន័យ​ថា លោក​អាច​ទៅ​គ្រប់​វត្ត​នោះ​ទេ មាន​វត្ត​មួយ​ចំនួន​ដែល​ប្រមុខ​រដ្ឋាភិបាល តែង​ធ្វើ​បុណ្យ​ទាន​ទាំង​ពិធី​បុណ្យ​សំខាន់ៗ ឬ​បុណ្យ​ធម្មតា។

លោក ប៉ូ សំណាង ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម កត់​សម្គាល់​ឃើញ​ថា ប្រជាពលរដ្ឋ​តែង​និយម​តាម​គ្នា ជាពិសេស​នៅ​ពេល​ណា​ដែល​មន្ត្រី​រដ្ឋាភិបាល ឬ​ឥស្សរជន​ជាន់​ខ្ពស់​ចូល​វត្ត​ណា​ហើយ គឺ​អ្នក​ហែហម​អម​ដំណើរ តែង​ចូល​វត្ត​នោះ​ជា​ញឹកញាប់​ដែរ។ លោក​បន្ត​ថា «វត្ត​ណា​ដែល​មន្ត្រី​ឥស្សរជន​ចូល ម្ហូប​ដល់​ក។ ម្ហូប គឺ​ថា​ពោរពាស​តែ​ម្ដង ស្ទើរ​តែ​កន្លែង​ហ្នឹង​ដូច​ថា​ជន​ពេក​ទៅ​អាច​ទៅ​ណា​ទៅ​ណី»

គេ​សង្កេត​ឃើញ​ថា មាន​ទី​អារាម​មួយ​ចំនួន​ដែល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន តែង​ចូល​ធ្វើ​បុណ្យ​ដូចជា​វត្ត​លង្កា នៅ​ចំ​កណ្ដាល​ទីក្រុង​ភ្នំពេញ វត្ត​ចំពុះក្អែក ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ និង​វត្ត​វាំងចាស់ ស្រុក​ឧត្តុង្គ ក្នុង​ខេត្ត​កំពង់ស្ពឺ ជាដើម។

វត្ត​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​ចូល​ចិត្ត​ធ្វើ​បុណ្យ គឺ​ពុំ​មាន​អ្នក​ដែល​ដឹង​ពី​ប្រវត្តិ​ប៉ុន្មាន​ឡើយ តាំង​ពី​ដើម​មក​ដល់​បច្ចុប្បន្ន ថា​មាន​ទាក់ទង​លក្ខណៈ​សម្បត្តិ​ពិសេស​បែប​ណា ក្រៅ​ពី​វត្ត​វាំងចាស់ នោះ? ដោយឡែក​វត្ត​ចំពុះក្អែក ក៏​ជា​កម្មវត្ថុ​ដ៏​សំខាន់​ដែល លោក ហ៊ុន សែន តែង​ចូល​ចិត្ត​ធ្វើ​បុណ្យ​ពុំ​ដែល​លោះ​ពេល​ដែរ។ ឈ្មោះ​វត្ត​នេះ​ក៏​ពុំ​មាន​អ្នក​ដឹង​ពី​ប្រវត្តិ​ពិស្ដារ ថា​អ្វី​ពិសេស​ជាង​គេ​នោះ​ដែរ គឺ​ដឹង​បាន​ត្រឹម​ទំនុក​បទ​ចម្រៀង​មួយ​បទ​របស់ លោក ស៊ិន ស៊ីសាមុត ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៧០ ប៉ុណ្ណោះ។

ថ្វី​បើ​ប្រមុខ​រដ្ឋាភិបាល​តែង​ធ្វើ​បុណ្យ​គ្រប់​ទី​តំបន់ និង​ស្ទើរ​គ្រប់​ច្រកល្ហក រួម​ទាំង​កសាង​សាលា​រៀន មន្ទីរពេទ្យ ស្រះ​ទឹក និង​សមិទ្ធផល​ដទៃ​ទៀត​ក្ដី ក៏​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ព្រមាន​មុន​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ ថា លោក​នឹង​ឈប់​ធ្វើ​បុណ្យ ព្រម​ទាំង​បញ្ឈប់​ការ​សាងសង់​អ្វី​ទាំងអស់ ប្រសិន​បើ​លោក​ពិត​ជា​ចាញ់​ឆ្នោត​ក្នុង​អាណត្តិ​ទី​ប្រាំ​មែន​នោះ។

ពាក្យ​គំរាម​ឈប់​ធ្វើ​បុណ្យ​ទាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ដែល​លោក​ចុះ​បើក​ការដ្ឋាន​សាងសង់ និង​ពង្រីក​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ ពី​ខេត្ត​កំពង់ចាម ដល់​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៣។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា ប្រសិន​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ចាញ់​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ខាង​មុខ លោក​នឹង​ឈប់​ធ្វើ​បុណ្យ​ទាន​តាម​ព្រះពុទ្ធ​សាសនា​ទៀត​ហើយ។ លោក​បន្ត​ថា រាល់​គម្រោង​បុណ្យ​ទាំងអស់ នឹង​ត្រូវ​ដក​ចោល ហើយ​សូម្បី​ម៉ាស៊ីន​បូម​ទឹក​ក៏​ដក​ចេញ ទុក​ឲ្យ​ស្រូវ​ប្រាំង​ក្រៀម​ស្វិត​ទាំងអស់ ប្រសិន​គណបក្ស​កាន់​អំណាច​របស់​លោក​ចាញ់​ឆ្នោត៖ «ចាញ់​ឆ្នោត​ហើយ ចាំ​តែ​ធ្វើ​បុណ្យ​កឋិន​ឲ្យ​តេជគុណ​តើ! និយាយ​ឲ្យ​វា​ត្រង់ៗ​ជាមួយ​គ្នា។ គ្មាន​អ្នក​ណា​មាន​ទឹក​ចិត្ត​ធ្វើ​កឋិន​អី​ទៀត បើ​ចាញ់​ឆ្នោត​ហើយ ធ្វើ​បុណ្យ​ចង់​ងាប់ អា​ពួក​វា​អត់​ធ្វើ​សោះ បែរ​ជា​ឈ្នះ​ឆ្នោត! អើ! ទៅ​ពឹង​អ្នក​ហ្នឹង​ទៅ ឲ្យ​ហែ​កឋិន​ទៅ​វ៉ី! ឃើញ​ពួក​ហ្នឹង​ហែ​កឋិន​ពី​អង្កាល់?»

កាន់​បិណ្ឌ​នាយក​រដ្ឋមន្ត្រី ៦២០
ទិដ្ឋភាព​ពិធី​កាន់​បិណ្ឌ​វេន​ទី​៩ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វត្ត​មុនី​សុវណ្ណ ហៅ​វត្ត​ចំពុះ​ក្អែក ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Morm Moniroth

លោក ប៉ូ សំណាង ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌ និង​សីលធម៌​សង្គម យល់​ឃើញ​ថា ថ្វី​បើ​លោក​នាយក​រដ្ឋមន្ត្រី​ប្រកាស​បែប​នេះ​ក៏ដោយ​ចុះ ក៏​លោក​មាន​ជំនឿ​ថា វា​ពិត​ជា​ពិបាក​ណាស់​ថា អាច​ឈប់​ទៅ​បាន ព្រោះ​មនុស្ស​ម្នាក់ៗ គឺ​ពោរពេញ​ទៅ​ដោយ​ជំនឿ។ លោក​បន្ត​ថា ហេតុ​នេះ​គឺ​ការ​ព្យាយាម​កាត់​ផ្ដាច់​បែប​ណា ក៏​ពុំ​អាច​ទៅ​រួច​ដែរ។ លោក​បន្ត​ថា «គាត់​និយាយ​ហ្នឹង គឺ​និយាយ​ក្នុង​នាម​បុគ្គល ប៉ុន្តែ​ប្រជាជន​កម្ពុជា នៅ​តែ​ធ្វើ​អ៊ីចឹង។ ខ្មែរ​យើង​និយម​ណាស់ អ្វី​ដែល​ទាក់ទង​នឹង​បុណ្យ​ទាន»

ធម្មាចារ្យ​ផ្នែក​ព្រះពុទ្ធ​សាសនា​នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ លោក គង់ ប៉ុន យល់​ឃើញ​ថា វត្ត​ដែល​ពុំ​មាន​មន្ត្រី​ជាន់​ខ្ពស់ ជាពិសេស​ប្រមុខ​រដ្ឋាភិបាល​ចូល​ធ្វើ​បុណ្យ គឺ​មាន​ការ​អភិវឌ្ឍ​តិចតួច បើ​ប្រៀបធៀប​វត្ត​ដែល​ឥស្សរជន​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​តែង​ចូល​ធ្វើ​បុណ្យ​នោះ។ លោក​បន្ត​ថា «វត្ត​ដែល​គ្មាន​អ្នក​ធំ​ដូច​ជា​នាយក​រដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រី ឬ​ក៏​ឧកញ៉ា​អី​ហ្នឹង មិន​បាន​ចូល​វត្ត គឺ​វត្ត​នោះ​មិន​សូវ​រីក​ចម្រើន​ប៉ុន្មាន​ទេ»

ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បុណ្យ​នេះ គេ​សង្កេត​ឃើញ​ថា វត្ត​ដែល​លោក​នាយក​រដ្ឋមន្ត្រី​តែង​ចូល​ធ្វើ​បុណ្យ​ជា​ញឹកញាប់ គឺ​វត្ត​ទាំង​នោះ​មាន​ការ​អភិវឌ្ឍ​បាន​យ៉ាង​ឆាប់​រហ័ស។ កុដិ សាលា​ឆាន់ និង​ព្រះវិហារ មាន​ក្បាច់​រចនាបថ​ដ៏​ល្អ​ឥត​ខ្ចោះ។ លើស​ពី​នេះ​ទៀត រាល់​មាន​ពិធី​ម្ដងៗ ការ​រៀបចំ​រណ្ដាប់​គ្រឿង​សក្ការបូជា​នៅ​ក្នុង​ពិធី​សម្បូរ​ហូរហៀរ ជាពិសេស​នៅ​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ ខណៈ​ទី​វត្ត​អារាម​ខ្លះ​ទៀត​ខ្សត់​ចង្ហាន់​ព្រះសង្ឃ និង​ពុំ​សូវ​មាន​អ្នក​ចូល​ទៅ​ធ្វើ​បុណ្យ​ច្រើន​ឡើយ។

បើ​ទោះ​ជា​បែប​ណា នៅ​ក្នុង​ពិធី​កាន់​បិណ្ឌ​វេន​ទី​៩ កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា នៅ​វត្ត​ចំពុះក្អែក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​របស់​លោក ក្រោយ​បញ្ចប់​វេន​បិណ្ឌ​រួច ដោយ​សាទរ​ចំពោះ​ការ​ប្រឹងប្រែង​ថែ​រក្សា​ទី​វត្ត​អារាម​បាន​ស្អាត​ល្អ​របស់​ព្រះសង្ឃ និង​យាយ​ជី​តា​ជី ព្រម​ទាំង​បណ្ដុះបណ្ដាល​ធម៌​វិន័យ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ទៀត។ ទន្ទឹម​នឹង​នោះ គឺ​វត្ត​អារាម​បាន​ដើរ​តួនាទី​ដ៏​សំខាន់ ក្នុង​ការ​ចូលរួម​ថែ​រក្សា​សន្តិភាព ចូលរួម​អភិវឌ្ឍ​សហគមន៍​មូលដ្ឋាន​នៅ​ជុំវិញ ឲ្យ​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ។

លោក ប៉ូ សំណាង ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌ និង​សីលធម៌​សង្គម អំពាវនាវ​សូម​ឲ្យ​មេ​ដឹក​នាំ និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល គប្បី​បែង​ចែក​ការ​ធ្វើ​បុណ្យ​ដោយ​មិន​ប្រកាន់​បក្ខពួក និង​រើសអើង​ផ្នែក​នយោបាយ ទោះ​ក្នុង​ពិធី​បុណ្យ​សំខាន់ ឬ​បុណ្យ​ធម្មតា។

សព្វថ្ងៃ​នេះ កម្ពុជា មាន​វត្ត​ព្រះពុទ្ធ​សាសនា ៤.៧៥៥​វត្ត មាន​ព្រះសង្ឃ​សរុប​ជិត ៦​ម៉ឺន​អង្គ (៥៩.៥១៦​អង្គ) និង​មាន​អ្នក​គោរព​ព្រះពុទ្ធ​សាសនា​ប្រមាណ ៩៥% នៃ​ចំនួន​ប្រជាជន​កម្ពុជា សរុប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។