ជម្រើស​នានា​ក្នុង​ការ​ធ្វើ​បុណ្យ​ក្រៅ​ពី​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ទី​វត្ត​អារាម

ទាញ​យក​កម្មវីធី

ចាប់​តាំង​ពី​ថ្ងៃ​១​រោច ខែ​ភទ្របទ នេះ​ទៅ ប្រជាជន​ខ្មែរ​តែង​តែ​នាំ​គ្នា​ធ្វើ​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ ដោយសារ​ពួក​គេ​មាន​ជំនឿ​ថា ការ​ប្រារព្ធ​បុណ្យ​នេះ​ដើម្បី​ឧទ្ទិស​ផលានិសង្ស​ដល់​ជីដូន​ជីតា ឪពុក​ម្ដាយ ញាតិកា និង​ជន​ទាំងឡាយ​ដែល​ធ្វើ​មរណកាល​ទៅ​ហើយ។ បុណ្យ​នេះ ត្រូវ​ធ្វើ​អស់​រយៈ​កាល​កន្លះ​ខែ​គត់។

ក្រៅ​អំពី​ការ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​នៅ​ទី​អារាម តើ​មាន​ជម្រើស​អ្វី​ផ្សេង​ទៀត ដែល​ប្រជាពលរដ្ឋ​អាច​ធ្វើ​បាន?

ក្រៅ​អំពី​ការ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​នាំ​យក​ចង្ហាន់ និង​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ទី​វត្ត​អារាម ឪពុក​ម្ដាយ គឺ​ជា​ជម្រើស​ដំបូង​ដែល​កូន​ចៅ​បាន​យក​ចិត្ត​ទុក​ដាក់ និង​ប្រើ​ឱកាស​នេះ​ធ្វើ​បុណ្យ​ជូន​លោក​ទាំង​ពីរ ជា​ការ​តប​ស្នង​សង​គុណ​ផង​ដែរ។

គេ​ថា​ធ្វើ​បុណ្យ​ទាន់​ខែ​ភ្លឺ គឺ​បាន​ដាស់​តឿន​ក្រើន​រំឭក​ដល់​កូន​ខ្មែរ ដែល​មាន​ន័យ​ប្រៀបធៀប​ថា ធ្វើ​បុណ្យ​ទាន់​លោក​ទាំង​ពីរ​នៅ​រស់ នៅ​មាន​ជីវិត នៅ​ហូប​បាន។ អំពើ​នេះ មិន​សំដៅ​តែ​ធ្វើ​បុណ្យ​ជូន​លោក​ទាំង​ពីរ​នៅ​ពេល​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នោះ​ទេ គឺ​អាច​ធ្វើ​ជូន​គាត់​គ្រប់​ពេលវេលា ប៉ុន្តែ​នៅ​ឱកាស​នេះ គឺ​ជា​ពេលវេលា​ដ៏​វិសេសវិសាល​មួយ ដែល​កូនៗ​ត្រូវ​តែ​នឹក​ឃើញ ហើយ​គោរព​ប្រតិបត្តិ​ជូន​លោក​ទាំង​ទ្វេ។

សមាជិក​គណៈកម្មការ​វត្ត​ព្រះពុទ្ធ​មាន​បុណ្យ ដូនជី សោម ចាន់ថា បាន​ពន្យល់​ថា ការ​គោរព​ប្រតិបត្តិ​មាតា​បិតា​ដែល​ជា​បុព្វការី​ជន​នៅ​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ គឺ​មាន​ចែង​នៅ​ក្នុង​គម្ពីរ​អប្បទាន​សុត្ត ព្រះពុទ្ធ​សាសនា។ ដូនជី​បាន​ពោល​ថា កូន​ដែល​បាន​គោរព​ប្រតិបត្តិ​ដល់​មាតា​បិតា លើក​សរសើរ​ដល់​មាតា​បិតា​នោះ រមែង​បាន​ទទួល​សុខ​សុភមង្គល​ក្នុង​ជីវិត៖ «បើ​សិន​ជា​គាត់​មិន​បាន​មក​ក្នុង​ការ​ធ្វើ​បុណ្យ​មិន​មែន​កំណត់​ថា ទាល់​តែ​យើង​មក​វត្ត យើង​បាន​ធ្វើ​បុណ្យ​ទេ ទោះ​បី​ជា​យើង​ធ្វើ​ទាន​ធ្វើ​អានិសង្ស​ដាក់​បាត្រ​តាម​ផ្លូវ យើង​ធ្វើ​ជា​អំពើ​ល្អ ដូចជា​ធ្វើ​ទាន​ចំពោះ​អ្នក​ក្រ​ខ្សត់ អ្នក​អត់ ឃ្លាន​ក៏​ជា​បុណ្យ​កោសល្យ​ដែរ​កូន។ មុន​នឹង​យើង​មក​ធ្វើ​បុណ្យ​ហ្នឹង គឺ​យើង​គោរព​ថ្វាយ​បង្គំ​ឪពុក​ម្ដាយ​យើង​សិន បាន​យើង​យក​ចង្ហាន់​ហ្នឹង​មក​ប្រគេន​លោក គឺ​អ្នក​មាន​គុណ​ទី​១ របស់​យើង»

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ កញ្ញា សុភរា ថ្លែង​ថា នៅ​រាល់​ពិធី​បុណ្យ​ទាន​ធំៗ​រាល់​ឆ្នាំ ជាពិសេស​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី និង​បុណ្យ​ភ្ជុំ​បិណ្ឌ​ម្ដងៗ នាង​តែង​តែ​ជូន​ថវិកា​ដល់​ឪពុក​ម្ដាយ ទោះ​តិច ឬ​ច្រើន ដើម្បី​ឲ្យ​គាត់​ធ្វើ​ម្ហូប​យក​ចង្ហាន់​ទៅ​វត្ត និង​រៀបចំ​ស្លាដក់​ប្រគេន​ព្រះសង្ឃ ជាដើម។ នាង​បន្ត​ថា ការ​ធ្វើ​ដូច្នេះ​មិន​មែន​តែ​ក្នុង​ឱកាស​នេះ​នោះ​ទេ ប៉ុន្តែ​វា​ជា​ពេលវេលា​ល្អ​មួយ​ដែល​ពិសេស​ជាង​សព្វ​មួយ​ដង ដែល​កូនៗ​គួរ​តែ​នឹក​ឃើញ​ដល់​លោក​ទាំង​ពីរ៖ «មុន​ខ្ញុំ​មក ខ្ញុំ​បាន​ជូន​ជា​ថវិកា​ចំណី​ចំណុក​អី​ទៅ​ព្រះ​រស់ គឺ​អ្នក​ម៉ាក់​ខ្ញុំ​ហើយៗ។ យើង​មក​នេះ​គ្រាន់​ថា​ជា​ប្រពៃណី​ខ្មែរ យើង​មិន​អាច​បោះបង់​ចោល​បាន​ទេ ត្រូវ​តែ​មាន​តិចតួច។ ចំណែក​អ្នក​ជិត​ខាង ក៏​យើង​ចែក​រំលែក​ក៏​ជា​ការ​ធ្វើ​បុណ្យ​ដូច​គ្នា»

អ្នកស្រី ចាន់ រី អាយុ ៥៧​ឆ្នាំ រស់នៅ​ក្នុង​ខណ្ឌ​ទួលគោក ដែល​កំពុង​ពូន​ភ្នំ​ខ្សាច់​នៅ​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ ថ្លែង​ថា ការ​ដឹង​គុណ​របស់​កូន​ចៅ នាំ​ឲ្យ​គាត់​មាន​ក្ដី​អំណរ ស្ទើរ​ទប់​ទឹក​ភ្នែក​មិន​បាន ខ្លះ​បាន​សម្រក់​ទឹក​ភ្នែក​ដោយ​មាន​ក្ដី​រំភើប​នឹង​ទង្វើ​របស់​កូនៗ​បែប​ដូច្នេះ។

អ្នកស្រី​រៀបរាប់​ថា អ្នកស្រី​បាន​ជូនពរ​ដល់​កូនៗ​ដែល​បាន​នឹក​ឃើញ ធ្វើ​បាយ​សម្ល​ទៅ​វត្ត​អារាម ជូន​ឪពុក​ម្ដាយ​បែប​នេះ។ ថ្វីត្បិត​តិច ឬ​ច្រើន អ្នកស្រី​យល់​ថា កូន​ចៅ​បាន​តប​ស្នង​សង​គុណ​ដែល​នាំ​ឲ្យ​អ្នកស្រី​មាន​ក្ដី​រំជួល​ចិត្ត​ជា​ពន់​ពេក៖ «កូន​ជូន​លុយ អ្នក​ខ្លះ​ទៅ​អីវ៉ាន់​ភេសជ្ជៈ ផ្លែ​ឈើ អ៊ីចឹង​ទៅ​គេ​ឲ្យ មាន​ទឹក​ចិត្ត​ថា​កូន​ហ្នឹង​វា​ដឹង​គុណ​សប្បាយ​ក្នុង​ចិត្ត​រំភើប»

ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​ជំនឿ​របស់​អ្នក​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ក៏​បាន​ផ្ដល់​ឱវាទ​ឲ្យ​គោរព​ប្រតិបត្តិ​ចំពោះ​មាតា​បិតា ឪពុក​ម្ដាយ ដែល​ជា​អ្នក​មាន​គុណ​ទាំង​ពីរ ដែល​កំពុង​នៅ​រស់​រាន​មាន​ជីវិត ដើម្បី​ជា​ការ​តប​ស្នង​សង​គុណ​ដល់​លោក​ទាំង​ទ្វេ​ផង​ដែរ។

នៅ​ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ សញ្ញា​ថ្មី​ត្រង់​កណ្ឌ​អេភេសូរ ជំពូក​៦ ខ​១ រហូត​ដល់​ខ​៣ បាន​ចែង​ថា ក្មេង​រាល់​គ្នា​អើយ ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​ខ្លួន​ក្នុង​ព្រះ​អម្ចាស់ ត្បិត​ធ្វើ​ដូច្នោះ​ទើប​បាន​ត្រូវ ចូរ​គោរព​ប្រតិបត្តិ​ដល់​មាតា​បិតា​ខ្លួន នេះ​ជា​បញ្ញត្ត​មុន​ដំបូង​ដែល​ជាប់​មាន​ទាំង​សេចក្ដី​សន្យា​ផង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​សុខ ហើយ​រស់នៅ​លើ​ផែនដី​ជា​យូរ​អង្វែង​ទៅ។

នៅ​ក្នុង​កណ្ឌ​គម្ពីរ​នេះ បាន​បកស្រាយ​ត្រង់ គឺ​សំដៅ​ឲ្យ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្ដាយ​ជា​ធំ។

បុណ្យ​កាន់​បិណ្ឌ បាន​ធ្វើ​កំណត់ ១៥​ថ្ងៃ តាំង​ពី​១​រោច ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ តែ​នៅ​ថ្ងៃ​១៥​រោច ហៅ​ថា​ថ្ងៃ​ភ្ជុំ​បិណ្ឌ។ បុណ្យ​នេះ មិន​ឃើញ​មាន​ក្នុង​តម្រា​ណា​មួយ ថា​បាន​ធ្វើ​ពី​ពុទ្ធសករាជ​ប៉ុន្មាន ពី​ក្នុង​រជ្ជកាល​ស្ដេច​ណា​នោះ​ទេ គេ​ឃើញ​តែ​ធ្វើ​តៗ​គ្នា​មក​ដរាប​ដល់​សព្វថ្ងៃ​នេះ។ បុណ្យ​នេះ ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​កុសល​បញ្ជូន​ផល​ទៅ​បុព្វបុរស គឺ​មាតា​បិតា​ជីដូន​ជីតា និង​ញាតិកា​ព្រៀងលាន ដែល​ធ្វើ​មរណកាល​ទៅ។

នៅ​បណ្ដា​បុណ្យ​ប្រចាំ ១២​ខែ ខ្មែរ​បាន​ចាត់​ទុក​បុណ្យ​ភ្ជុំ​បិណ្ឌ គឺ​ជា​បុណ្យ​ធំ​ជាង​គេ។ នេះ គឺ​ឱកាស​ឈប់​សម្រាក​ពី​ការងារ ហើយ​ទៅ​ជួប​ជុំ​ញត្តិ​សន្តាន​នៅ​ស្រុក​កំណើត ឬ​កម្សាន្ត​នៅ​រមណីយដ្ឋាន​នានា​យ៉ាង​សប្បាយ​រីករាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។