ក្រោយ​ភេរវកម្ម​នៅអង់ការ៉ា តួកគី​​ប្រឈម​មុខ​នឹង​​ភាព​ប្រេះឆា​​​នយោបាយ​ផ្ទៃក្នុង​​

​តួកគី​បាន​ប្រកាស​​​កាន់​ទុក្ខ​ថ្នាក់​ជាតិ​រយៈ​ពេល​បី​ថ្ងៃ ​ចំពោះ​ភេរវកម្ម​នៅ​ក្រុង​អង់ការ៉ា កាលពី​ថ្ងៃ​សៅរ៍។ ចំនួន​មនុស្ស​ស្លាប់ បាន​ឡើង​ដល់​ ៩៦​នាក់ និង​របួស​ជាង​២៤០​នាក់ ! នេះ​បើ​តាម​តុល្យការថ្មី​​បណ្តោះអាសន្ន​របស់​រដ្ឋាភិបាល។ ក្រៅ​អំពី​សេចក្តី​ថ្លែងការណ៍​ដ៏​ប្រុង​ប្រយ័ត្ន​ អំពាវនាវ​ឱ្យ​មាន​ការ​រួបរួម​គ្នា​ ​ប្រធានាធិបតី​តួកគី ដែល​ធ្លាប់​តែ​បាន​វោហា​ ហាក់​បាន​ដក​ខ្លួន​ មិនសូវ​​ចេញ​មុខ​មាត់​យ៉ាង​ចម្លែក​ខុស​ពី​សព្វ​មួយ​ដង។ នៅ​ថ្ងៃ​ចន្ទ​នេះ ​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​ជា​ច្រើន បានបង្កើន​ការ​ចោទ​ប្រកាន់លើ​​លោក​ អែរដូហ្កាន់ ​ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ភេរវកម្ម ដោយ​យក​បញ្ហា​សន្តិសុខ​មកធ្វើ​ជា​អាវុធ​ បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាជន​​ ដើម្បី​យក​ចំណេញ​នយោបាយ ខណៈ​ដែល​ការ​បោះឆ្នោត​សភា​ថ្ងៃទី​១​វិច្ឆិកា កាន់​តែ​ខិត​មក​ដល់។