ប្រាសាទ​បាណន់​ខេត្ត​បាត់ដំបង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​អំឡុង​បុណ្យ​ភ្ជុំ​បិណ្ឌ

ទាញ​យក​កម្មវីធី

ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ទី​ឆ្ងាយ​រាប់​ពាន់​នាក់ នាំ​គ្នា​សម្រុក​ទៅ​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ប្រាសាទ​បាណន់ ខេត្ត​បាត់ដំបង នា​ឱកាស​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ភ្ជុំ​បិណ្ឌ។ ប្រជាពលរដ្ឋ​ភាគ​ច្រើន​លើក​ឡើង​ថា មូលហេតុ​ដែល​ពួក​គាត់​នាំ​គ្នា​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ ដោយសារ​ប្រាសាទ​នេះ​មាន​ទេសភាព​ធម្មជាតិ​ស្រស់​ស្អាត និង​នៅ​ក្បែរ​ក្រុង​បាត់ដំបង។

នៅ​តាម​ដង​ផ្លូវ​ពី​ទី​រួម​ខេត្ត​បាត់ដំបង ទៅ​ប្រាសាទ​បាណន់ មាន​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី ជាពិសេស​គឺ​ក្រុម​យុវជន ដោយ​ខ្លះ​ធ្វើ​ដំណើរ​តាម​រថយន្ត​ជា​លក្ខណៈ​គ្រួសារ និង​ខ្លះ​ទៀត​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ ហូរហែ​ជា​ក្រុមៗ​តាម​ដង​ផ្លូវ​ជា​បន្តបន្ទាប់ ឆ្ពោះ​ទៅ​ទស្សនា​កម្សាន្ត​នៅ​រមណីយដ្ឋាន​ប្រាសាទ​បាណន់។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ទៅ​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ប្រាសាទ​បាណន់ ថ្លែង​ខណៈ​នាំ​គ្នា​ទស្សនា​ប្រាសាទ​នៅ​ថ្ងៃ​ទី​១២ តុលា ថា មូលហេតុ​ដែល​ពួក​គាត់​នាំ​គ្នា​ទៅ​លេង​ប្រាសាទ​បាណន់ ដោយសារ​ទេសភាព​នៅ​ជុំវិញ​ប្រាសាទ​នេះ​មាន​ធម្មជាតិ​ស្រស់​ស្អាត ហើយ​មាន​ដើម​ឈើ​ច្រើន និង​ប្រាសាទ​នៅ​លើ​កំពូល​ភ្នំ​ដែល​មាន​អាកាសធាតុ​ត្រជាក់​ល្អ ងាយ​ស្រួល​ដល់​ការ​ដើរ​ទស្សនា​ជុំវិញ​ប្រាសាទ ជាដើម៖ «ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ក្នុង​ចិត្ត​ណាស់ ដែល​បាន​មក​លេង​ប្រាសាទ​បាណន់​នេះ ពីព្រោះ​ខ្ញុំ​មិន​ធ្លាប់​មក​ទស្សនា​ពី​មុន​នោះ​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ឃុំ​កន្ទឺ២ ដែល​ការពារ​សន្តិសុខ​នៅ​មុខ​ប្រាសាទ​បាណន់ គឺ​លោក ជា យឿន មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ទៅ​លេង​កម្សាន្ត​ប្រាសាទ​បាណន់​នា​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ ហាក់​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុនៗ​បន្តិច គឺ​ប្រមាណ ៥​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​មាន​ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្ដា​ខេត្ត​ឆ្ងាយៗ​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ។ លោក​បញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ​ដែល​និយម​ទៅ​ទស្សនា​ប្រាសាទ​បាណន់ ភាគ​ច្រើន​មាន​រយៈពេល​ចំនួន ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ តុលា ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ៖ «អ្នក​ទេសចរ​ភាគ​ច្រើន​គាត់​មក​លេង​នៅ​ម៉ោង ១០ ​រហូត​ដល់​ម៉ោង ៣ បាន​ពួក​គាត់​នាំ​គ្នា​ត្រឡប់​ទៅ​វិញ»

ទោះ​យ៉ាង​នេះ​ក្ដី អនុ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង លោក ម៉ក់ ស៊ិនណារ៉ា មាន​ប្រសាសន៍​ថា ក្រៅ​អំពី​ប្រាសាទ​បាណន់ នៅ​មាន​រមណីយដ្ឋាន​សំខាន់ៗ​នៅ​ខេត្ត​បាត់ដំបង ជាច្រើន​កន្លែង​ទៀត ដែល​ប្រជាពលរដ្ឋ​និយម​ទៅ​ទស្សនា​កម្សាន្ត​នា​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ រួម​មាន នៅ​រមណីយដ្ឋាន​ ភ្នំ​សំពៅ សេកសក អាង​កំពីងពួយ និង​ប្រាសាទ​ឯកភ្នំ នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ជាដើម៖ «ចំណុច​ទាក់ទាញ​របស់​ប្រាសាទ​បាណន់ ដោយ​នៅ​ទីនោះ​មាន​ទីធ្លា​ស្រឡះ​ល្អ មាន​ដើម​ឈើ​ច្រើន និង​មាន​កន្លែង​សម្រាប់​អង្គុយ​ញ៉ាំ​អាហារ​បែប​ធម្មជាតិ​ច្រើន»

អ្នក​ទេសចរ​អាច​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​កង់​៣ ឬ​រថយន្ត​ឈ្នួល​ទៅ​ទស្សនា​ប្រាសាទ​បាណន់ ដែល​មាន​ទីតាំង​នៅ​ខាង​ជើង​ទី​រួម​ខេត្ត​បាត់ដំបង ចម្ងាយ​ប្រមាណ ២០​គីឡូ​ម៉ែត្រ។

របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង បង្ហាញ​ថា រយៈពេល ៩​ខែ​ដើម​ឆ្នាំ​២០១៥ មាន​ភ្ញៀវ​ទេសចរ​ជាតិ​ទៅ​លេង​កម្សាន្ត​ខេត្ត​បាត់ដំបង ចំនួន ៣៦​ម៉ឺន​នាក់ (៣៦៨.៧៨៣​នាក់) គឺ​កើន​ឡើង​ចំនួន​ជាង ១៨​ភាគរយ បើ​គិត​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៤។ ចំណែក​ភ្ញៀវ​ទេសចរ​អន្តរជាតិ មាន​ចំនួន​ជាង ៥​ម៉ឺន ៦​ពាន់​នាក់ (៥៦.៤៣៣​នាក់) កើន​ឡើង​ចំនួន ២២​ភាគរយ បើ​ធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។