មេ​ដឹក​នាំ​គណបក្ស​ជាប់​ឆ្នោត​ជូនពរ​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ

ទាញ​យក​កម្មវីធី

មេ​ដឹក​នាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ទោះ​បី​ជា​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ជំហរ​មិន​សូវ​ចុះ​សម្រុង​នឹង​គ្នា​ក៏ដោយ ប៉ុន្តែ​នា​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ មេ​ដឹក​នាំ​ទាំង​ពីរ​ផ្ញើ​សារ​ជូនពរ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សេចក្ដី​សុខ​ដូច​គ្នា។ បញ្ហា​នេះ អ្នក​វិភាគ​លើក​ឡើង​ថា ជា​កាយវិការ​មួយ​ល្អ ដែល​មេ​ដឹក​នាំ​នៅ​គណបក្ស​ផ្សេង​គ្នា បង្ហាញ​ពី​ជំហរ​រួម​គ្នា​ក្នុង​ការ​ឲ្យ​ប្រទេស​ជាតិ​មាន​សេចក្ដី​សុខ​នោះ តែ​សុំ​ឲ្យ​មេ​ដឹក​នាំ​ធ្វើ​បែប​នេះ​ឲ្យ​បាន​យូរ​អង្វែង និង​មិន​មែន​ជា​រូបភាព​ចង់​ចំណេញ​នយោបាយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​ជូនពរ​ពី​ទីក្រុង​ម៉ាកាវ ប្រទេស​ចិន នៅ​ថ្ងៃ​ទី​១២ តុលា ដោយ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​មាន​សេចក្ដី​សុខ​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ។ លោក ហ៊ុន សែន ថ្លែង​សារ​ជូនពរ​នេះ នៅ​ក្នុង​វីដេអូ​ឃ្លីប​បង្ហោះ​នៅ​តាម​ហ្វេសប៊ុក (facebook) ផ្ទាល់​ខ្លួន​របស់​លោក និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ គោរព​ច្បាប់​ចរាចរណ៍៖ «ទោះ​បី​ខ្ញុំ​ព្រះករុណា​មិន​បាន​ចូលរួម​បុណ្យ​កុសល តែ​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ទៅ​ធ្វើ​បុណ្យ​កុសល ជាពិសេស​ខ្ញុំ​សូម​អភ័យ​ទោស​ដល់​ពុទ្ធបរិស័ទ​ចំណុះ​វត្ត​វាំងចាស់ មេត្តា​អធ្យាស្រ័យ»

ចំពោះ​អនុប្រធាន​រដ្ឋសភា​វិញ ក៏​ផ្ញើ​សារ​ជូនពរ​នា​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ដែរ។ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​រដ្ឋសភា ថ្លែង​សារ​ជូនពរ​សុំ​ឲ្យ​ខ្មែរ​ទាំងអស់ ជួប​តែ​សេចក្ដី​សុខ​នៅ​ក្នុង​ឱកាស​ជួប​ជុំ​គ្នា​នា​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ ដោយ​លោក​មិន​ចង់​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​រង​ទុក្ខ​នោះ​ទេ៖ «សុំ​ឲ្យ​ក្មេង​ទាំងអស់​គិត​ពី​បញ្ហា​ជាតិ​ជា​ធំ កុំ​យក​អំណាច​បុគ្គល​យក​ទៅ​គាប​សង្កត់​អ្នក​ទន់​ខ្សោយ ដូច្នេះ​មិន​បាន​បុណ្យ​ទេ សូម​ឲ្យ​អ្នក​មាន​អំណាច​បញ្ឈប់ និង​ធ្វើ​បុណ្យ​ប្រកប​ដោយ​ចិត្ត​ជ្រះ​ថ្លា និង​បុណ្យ​កុសល»

សារ​របស់ លោក កឹម សុខា សុំ​ឲ្យ​អ្នក​មាន​អំណាច​បញ្ឈប់​ការ​គាប​សង្កត់​អ្នក​ទន់​ខ្សោយ​នៅ​ពេល​នេះ ទំនង​ជា​លោក​ចង់​សំដៅ​លើ​រដ្ឋាភិបាល ដែល​បន្ត​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយសារ​តែ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ប្រើប្រាស់​វប្បធម៌​សន្ទនា ហាក់​ដូចជា​គ្មាន​ប្រសិទ្ធភាព។

មក​ទល់​ពេល​នេះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​សមាជិក​ព្រឹទ្ធសភា​ផង ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​ចំនួន ១៥​នាក់​ហើយ។

នៅ​ក្នុង​ជំនួប​រវាង លោក ស ខេង ប្រធាន​ក្រុម​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋសភា និង​លោក សម រង្ស៊ី ប្រធាន​ក្រុម​ភាគ​តិច កាល​ពី​ល្ងាច​ថ្ងៃ​ទី​៩ ខែ​តុលា នៅ​វិមាន​រដ្ឋសភា​នោះ លោក សម រង្ស៊ី ស្នើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ លោក ស ខេង ឲ្យ​មាន​ការ​លើក​លែង​ទោស​សកម្មជន​របស់​ខ្លួន​ដែល​កំពុង​ជាប់​ពន្ធនាគារ​នា​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ក៏ប៉ុន្តែ​ការ​ស្នើសុំ​នេះ មិន​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​ឆ្លើយ​តប​ថា ករណី​នេះ​ទុក​ឲ្យ​ច្បាប់​ជា​អ្នក​ដោះស្រាយ ព្រោះ​ថា ទាំង​វប្បធម៌​សន្ទនា​ក្ដី ទាំង​ការ​ដោះ​លែង​សកម្មជន​គណបក្ស​ប្រឆាំង​ក្ដី ត្រូវ​ផ្អែក​លើ​គោលការណ៍​ច្បាប់។

ការ​ឆ្លើយ​តប​របស់​គណបក្ស​កាន់​អំណាច​នៅ​ពេល​នេះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា គណបក្ស​នេះ​ហាក់​ដូចជា​មិន​ខ្វល់​អំពី​វប្បធម៌​សន្ទនា​នោះ​ឡើយ។ និយាយ​ឲ្យ​ចំ គឺ​គណបក្ស​ប្រជាជន​កម្ពុជា លែង​ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ ចោទ​ប្រកាន់​ថា​ជា​អ្នក​បង្កើត​រដ្ឋសភា​ឯក​បក្ស​ដូច​នៅ​មុន​ពេល​គណបក្ស​ប្រឆាំង​បាន​ចូល​ទៅ​បង្គ្រប់​កូរ៉ុម និង​ធ្វើ​ឲ្យ​សភា​មាន​សំឡេង​ទាំង​ប្រឆាំង ទាំង​ស្រប ដែល​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ និង​របប​លទ្ធិប្រជាធិបតេយ្យ។

ទាក់ទង​នឹង​ការ​ចាប់​ចង​បាន​រើ​ឡើង​វិញ ក្រោយ​ពី​វប្បធម៌​សន្ទនា​ស្ថិត​នៅ​ក្នុង​ភាព​ផុយ​ស្រួយ​នេះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មើល​ឃើញ​ពី​ការ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន ដោយ​ប្រការ​ណា​មួយ​ដោយ​ងាយ​ដែរ ព្រោះ​ថា នរណា​ក៏​ដឹង​ដែរ​ថា កង​កម្លាំង​ប្រដាប់​អាវុធ រួម​ទាំង​តុលាការ​ផង នៅ​ក្រោម​ការ​ក្ដោបក្ដាប់​របស់​គណបក្ស​កាន់​អំណាច។

ភរិយា លោក អ៊ុក ពេជ្រសំណាង ដែល​ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​ក្នុង​ចំណោម​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង ១៥​នាក់​នោះ គឺ​អ្នកស្រី ទិត ណារិន រៀបរាប់​ថា អ្នកស្រី​បាត់​បង្គោល​គ្រួសារ និង​ប្រភព​ចំណូល​ដ៏​សំខាន់​នៅ​ក្នុង​គ្រួសារ ក្រោយ​ពេល​ស្វាមី​គាត់​ជាប់​ពន្ធនាគារ។ អ្នកស្រី​រៀបរាប់​ទាំង​ក្ដុកក្ដួល​ក្នុង​ចិត្ត​ថា ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ អ្នកស្រី​ហាក់​ដូចជា​បាត់​អ្វីៗ​ទាំងអស់ ព្រោះ​តែ​ស្វាមី​ជាប់​ពន្ធនាគារ រីឯ​កូន​ប្រុស​ច្បង​លា​ចាក​លោក​គ្មាន​ថ្ងៃ​វិល​វិញ៖ «សុំ​ឲ្យ​គាត់​បាន​ចេញ​នៅ​ក្រៅ​ឃុំ​មក បាន​មក​ជួប​ជុំ​ក្រុម​គ្រួសារ ព្រោះ​អី​កូន​ខ្ញុំ​ដែល​ស្លាប់​នោះ​គាត់​មិន​បាន​ជួប​ទេ ខ្ញុំ​សុំ​ឲ្យ​គាត់​បាន​មក​ជួប​ជុំ​គ្នា»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា ការ​ផ្ញើ​សារ​ជូនពរ​របស់​មេ​ដឹក​នាំ​ខ្មែរ​នា​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ជា​ការ​បង្ហាញ​ពី​ភាព​ទន់ភ្លន់​របស់​មេ​ដឹក​នាំ ដោយ​ជូនពរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មាន​សេចក្ដី​សុខ​នោះ។ យ៉ាង​នេះ​ក្ដី លោក​សង្កត់​ធ្ងន់​ថា អ្នក​នយោបាយ​ត្រូវ​តែ​បង្ហាញ​ជំហរ​ពី​ការ​ចុះ​សម្រុង​គ្នា​ឲ្យ​បាន​ជាក់លាក់ ដើម្បី​ឲ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន និង​សុខសាន្ដ៖ «មួយ​រយៈ​មក​នេះ ការ​បន្ធូរបន្ថយ​ទោស​បាន​ភាគ​ច្រើន​នៅ​ពិធី​ចូល​ឆ្នាំ​ខ្មែរ ចឹង​ទេ បញ្ហា​ច្បាប់​ជា​គោល បញ្ហា​នយោបាយ​ជា​រឿង​ដោយឡែក ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្មែរ​ទៅ​មុខ​ស្រួល​នោះ គឺ​យោគយល់​គ្នា អ្វី​ដែល​អនុគ្រោះ​បាន​អនុគ្រោះ​ទៅ ដើម្បី​ឲ្យ​ខ្មែរ​រឹងមាំ និង​រីក​ចម្រើន»

ប្រទេស​កម្ពុជា ទោះ​បី​ជា​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ រហូត​ដល់​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ និង​នាំ​ឲ្យ​កម្ពុជា ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី ពហុ​បក្ស​ក្ដី ប៉ុន្តែ​អ្នក​នយោបាយ​ខ្មែរ​ឈរ​នៅ​លើ​ភាព​ផុយ​ស្រួយ​នៃ​ការ​បែក​បាក់ និង​ហែកហួរ​គ្នា និង​ដើរ​លើ​ដាន​ប្រវត្តិសាស្ត្រ​ច្រំដែលៗ តាំង​ពី​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣ មក។

ក្រោយ​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​បញ្ចប់​ជម្លោះ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ មក ប្រជាពលរដ្ឋ​មាន​ក្ដី​សង្ឃឹម​ថា គណបក្ស​ទាំង​ពីរ​នឹង​រួបរួម​គ្នា​ដូច​ការ​អះអាង​របស់​មេ​ដឹក​នាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ដោយ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជា​គោល។ ផ្ទុយ​ទៅ​វិញ វប្បធម៌​សន្ទនា​នេះ មិន​ទាន់​បាន​ប៉ុន្មាន​ផង មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​ចាប់​ផ្ដើម​វាយ​ប្រហារ​គ្នា​ដោយ​ពាក្យ​សម្ដី​ឡើង​វិញ។

ក្រៅ​ពី លោក ហ៊ុន សែន ជូនពរ​ដល់​ប្រជាពលរដ្ឋ មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​នោះ លោក​បាន​សុំ​ឲ្យ​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ និង​រថយន្ត​ឈ្នួល​ទាំងអស់ កុំ​ដំឡើង​ថ្លៃ​ដឹក​ជញ្ជួន៖ «ខ្ញុំ​ព្រះករុណា​ខ្ញុំ​បន្ត​អំពាវនាវ​ឲ្យ​អ្នក​ប្រើប្រាស់​ឡាន​ឈ្នួល​ទាំងឡាយ កុំ​បន្ត​ដំឡើង​ថ្លៃ​ហួសហេតុ សម្រាប់​ប្រជាពលរដ្ឋ​វិល​បន្ត​មក​ចូល​ទីក្រុង​វិញ»

ទោះ​បី​ជា លោក ហ៊ុន សែន អំពាវនាវ​កុំ​ឲ្យ​មាន​ការ​ដំឡើង​ថ្លៃ​សេវា​ដឹក​ជញ្ជូន​ម្ដង​ទៀត​ក៏ដោយ តែ​ការ​អំពាវនាវ​នេះ​គ្មាន​ប្រសិទ្ធភាព​នោះ​ឡើយ។ នៅ​ត្រង់​ចំណុច​នេះ ទាំង លោក កឹម សុខា ទាំង​លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា ដរាប​ណា​រដ្ឋាភិបាល​មិន​មាន​យន្តការ​ច្បាប់​ទប់ស្កាត់​ច្បាស់លាស់​ទេ ការ​ដំឡើង​ថ្លៃ​សេវា​ដឹក​ជញ្ជូន​នឹង​កើន​ឡើង​ដែរ។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា ការ​អំពាវនាវ​មិន​មែន​ជា​បញ្ជា ឬ​មិន​មែន​ជា​ច្បាប់​ទេ។ ដូច្នេះ បញ្ហា​នេះ ក្រុមហ៊ុន ឬ​ក្រុម​រថយន្ត​ឈ្នួល​នឹង​នៅ​តែ​ដំឡើង​ថ្លៃ​ឈ្នួល​ដោយ​សេរី​បាន​ដដែល៖ «មិន​ឲ្យ​ឡើង​ថ្លៃ​នេះ គឺ​យើង​មិន​ឃើញ​ប្រសិទ្ធភាព​ណា​មួយ​ក្នុង​ការ​ទប់ស្កាត់​ទេ គឺ​ឃើញ​ឡើង​ថ្លៃ​លើស​ដើម»

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​ពន្យល់​ថា ទោះ​បី​ជា​ពេលនេះ​មេ​ដឹក​នាំ​កំពូល​បាន​ជូនពរ​ពលរដ្ឋ​នា​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ក្ដី ប៉ុន្តែ​មិន​មែន​ជា​ការ​បង្ហាញ​ពី​ការ​បង្រួប​បង្រួម​ជាតិ​ពិត​ប្រាកដ​នៅ​ឡើយ។

បញ្ហា​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា ការ​បង្រួប​បង្រួម​ជាតិ​ពិត​ប្រាកដ​អាច​ទៅ​បាន​នោះ លុះត្រា​តែ​គណបក្ស​កាន់​អំណាច​បញ្ឈប់​ការ​ចាប់​ចង និង​ការ​ធ្វើ​បាប​អ្នក​ទន់​ខ្សោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។