គ្រូ​បារមី​ចូល​សណ្ឋិត​នៅ​កំពង់ធំ​ល្បី​ថា​ពូកែ

Sanofi

​​តាម​ការសាកសួរ​បង​ស្រី គៀន សុ​ឃីម ជា​ប្រពន្ធ​របស់​អ្នក​ស្នង​រូប​បារមី​ដែល​កំពុងតែ​មានឈ្មោះ​បោះ​សំឡេង​នោះបាន​ប្រាប់ថា ប្តី​របស់គាត់​ឈ្មោះ នាយ នី សព្វថ្ងៃ​ប្តី​របស់គាត់​បានក្លាយ​ជា​គ្រូខ្មែរ​យ៉ាង​ល្បីល្បាញ​ពេញ​ទាំង​ស្រុក​ខេត្ត ហើយ​ជា​រៀងរាល់ថ្ងៃ​មាន​មនុស្សម្នា​ជាច្រើន​តែងតែ​ទៅ​ពឹងពាក់​បុណ្យ​បារមី​ដែល​ចូល​សណ្ឋិត​រូប​ប្តី​របស់គាត់ ។ បងស្រី​បាន​បន្តទៀតថា នៅពេល​ចូល​រូប​ប្តី​របស់គាត់​ក្លាយជា​គ្រូទាយ​ពី​ជោគវាសនា​ជា​គ្រូខ្មែរ ជា​គ្រូពេទ្យ​អាច​ព្យាបាល​ជំងឺ​បាន​សឹងតែ​គ្រប់មុខ​រាប់ទាំង​ជំងឺ​ទាច​ទឹក ថ្លើម ព្រមទាំង​ដោះ​អំពើអំពាន់​បាន​យ៉ាង​ពូកែ​ស័ក្តិសិទ្ធិ​ផងដែរ ។ អីចឹង​ហើយ​បានជា​មាន​អ្នកខ្លះ​ទៅរក​ប្តី​គាត់​ដើម្បី​មើលជំងឺ ដែល​អ្នកជំងឺ​ទាំងនោះ​ឈឺ​រ៉ាំរ៉ៃ​ព្យាបាល​រាប់​ឆ្នាំ​មកហើយ​នៅតែ​មិនជា តែ​បែរជា​មក​កប​នឹង​ថ្នាំបុរាណ​ផ្សំ​នឹង​មន្តអាគម ។ អ្នកខ្លះ​ទៀត​មក​មើ​លពី​ជោគជតារាសី​ប្រចាំជីវិត ឬ រាសី​ប្រចាំថ្ងៃ ។ បើ​មើលទៅ​ឃើញថា​រាសី​ធ្លាក់ចុះ​ខ្លាំង​អាច​នឹងមាន​គ្រោះកាច​ចង្រៃ​ត្រូវ​ស្រោច​ទឹក​លើករាសី​ផ្តាច់​គ្រោះកាច​នោះ​ភ្លាមៗ​នៅលើផ្ទះ​លោកគ្រូ​តែម្តង ។ បើ​និយាយ​ពី​ចរិត​របស់​ប្តី​គាត់​វិញ តាម​ធម្មតា​ជាម​នុស្ស​មិនសូវ​ចេះ​មាត់ក​ទេ ប៉ុន្តែ​នៅពេល​បារមី​ចូល​សណ្ឋិត​កាលណា​ប្តី​របស់គាត់​ហាក់​ក្លាយជា​មនុស្ស​ថ្មី​ម្នាក់ទៀត ។

និយាយ​រួម​គឺ​និយាយ​ច្រើន​ចេះ​កំប្លែង​នឹង​អ្នកជំងឺ​ដែល​ទៅរក​គាត់ ។ មួយវិញទៀត​គាត់​ជា​មនុស្ស​សុភាពរាបសា​ចូលចិត្ត​ធ្វើ​កិច្ចការ​ផ្សេងៗ ដូចជា​ការងារ​ស្រែចម្ការ ហើយ​មិនសូវ​និយាយស្តី​នោះទេ នេះ​ជា​ចរិត​ពី​ធម្មជាតិ​របស់គាត់ ។​​បងស្រី ឃីម ក៏បាន​រៀបរាប់​ពី​ប្រវត្តិ​បារមី​ដែល​ចូលមកសណ្ឋិត​លើ​រូប​ប្តី​របស់គាត់​ថា បើ​គិត​មកដល់ពេលនេះ​បារមី​ដែល​មក​ស្នង​រូប​ប្តី​របស់គាត់​មាន​រយៈពេល​ជាង ១០ ឆ្នាំ​មកហើយ ហើយ​បារមី​ដែល​មក​ស្នង​រូបនោះ ឈ្មោះ​លោកតា កើត វ៉ា​យ ។ លោកតា កើត វ៉ា​យ នេះ​ធ្លាប់​ធ្វើជា​ព្រះគ្រូ​ចៅអធិការ​វត្ត​សំរោង ហៅ​វត្ត លា​ពាក្យ នៅក្នុង​ស្រុក​ខេត្ត​នេះ ។ កាលពី​លោកតា​នៅមាន​ព្រះជន្ម​នៅឡើយ លោកតា​មានកេរ្តិ៍ឈ្មោះ​ល្បី ល្បាញ​ណាស់ ហើយ​លោកតា​ក៏​ជា​គ្រូខ្មែរ​មើលជំងឺ​អ្នកស្រុក​អ្នកភូមិ​បាន​យ៉ាង​ពូកែ​ស័ក្តិសិទ្ធិ​ណាស់ ។

បើ​និយាយ​ពី​ការព្យាបាល​ជំងឺ​បែប​ផ្លូវ​ងងឹត និង អំពើអំពាន់​វិញ​រឹតតែ​ល្បីល្បាញ​ថែមទៀត ។ អ្នក ស្រុក​និយម​ទៅរក​លោកតា​គ្រប់ៗ​គ្នា ប៉ុន្តែ​មុនពេល​ដែល​ព្រះអង្គ​អស់ព្រះជន្ម​ទៅ​ព្រះអង្គ​បាន​ផ្តាំផ្ញើ​ដល់​ព្រះសង្ឃ និង អាចារ្យវត្ត​ថា ពេល​ព្រះអង្គ​សុគត​ទៅ ត្រូវយក​សព​ព្រះអង្គ​ទៅ​ដាក់​ក្នុង​មឈូស​មួយ​បិទ​ឱ្យ​ជិត ហើយ​តម្កល់​ក្នុង​វត្ត​សំរោង​នេះ ដោយ​មិនបាច់​យកទៅ​បូជា​ទេ ។ មួយវិញទៀត​ព្រះអង្គ​បាន​ទុក​ត្រណម​មួយ​ដល់​ព្រះសង្ឃ​ក្នុង​វត្ត​ក៏ដូចជា​អាចារ្យ «​ហាម​មិនឱ្យ​អ្នកណាម្នាក់​ទៅ​បើក​មឈូស​ដែល​ដាក់​សព​ព្រះអង្គ​ជាដាច់ខាត​» ។ បើ​បើក​ព្រះអង្គ​នឹងដាក់​ទំនាយ​លើ​នរណាម្នាក់​ដែល​ហ៊ាន​ប្រឆាំងនឹង​ត្រណម​របស់​ព្រះអង្គ ពោល គឺ​ហ៊ាន​បើក​មឈូស​របស់​ព្រះអង្គ​នោះ ។ ហេតុ​ដូច្នេះហើយ​បានជា​មកដល់​បច្ចុប្បន្ន​នេះ​មិនមាន​នរណាម្នាក់​ហ៊ាន​បើក​មឈូស​ដែល​តម្កល់សព​ព្រះអង្គ​ក្នុង​វត្ត​លា​ពាក្យ​នោះទេ ។

តាម​ការ​ឱ្យដឹងពី​ចាស់ៗ​ដែលមាន​ចម្ងល់​ក្នុង​រឿង​អាថ៌កំបាំង ឬ ត្រណម​នេះដែរ ពួកគាត់​បាន រក​គ្រូ​ល្បីល្បាញ​ម្នាក់​ឱ្យធ្វើ​សមាធិ​មើល​ក្នុង​មឈូស លោកតា ហើយ​គ្រូ​នោះបាន​ប្រាប់​ឱ្យដឹងថា លោកតា​មិនបាន​នៅក្នុង​មឈូស​នោះទេ ពោលគឺ​លោក​បានចេញ​បំពេញ​បារមី​នៅទីណា​មួយ​បាត់ទៅហើយ ។​តាម​ការបញ្ជាក់​ពី​អ្នកគ្រូ ច​ន្ធូ បានឱ្យដឹងថា តាំងពីដើម​រៀងមក​អ្នកគ្រូ​មិនដែល​ជឿ​លើ​អប្បិយ​ជំនឿ​អ្វី​ផ្តេសផ្តាស​នោះទេ ប៉ុន្តែ​កន្លងមក​អ្នកគ្រូ​បានឱ្យ​លោកគ្រូ​បារមី​ចូល​សណ្ឋិត​នេះ​ធ្វើ​ខ្សែ​គាថា​ឱ្យ​ហើយ​ឥឡូវនេះ​អ្នកគ្រូ​បាន​យក​ខ្សែ​គាថា​ឱ្យ​លោកគ្រូ​ដាស់​ដើម្បីឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត ។ ការ​មក​ដាស់​ខ្សែ​គាថា​នេះដែរ​ត្រូវធ្វើ​ឡើងជា​រៀងរាល់​បី​បួន​ខែម្តង ហើយ​ត្រូវ​មក​ដាស់​ឱ្យចំ​ថ្ងៃសីល ។ បើ​មិន​បានធ្វើ​ដូច្នេះ​ទេ​មន្តអាគម​ក្នុង​ខ្សែ​គាថា​នោះ​នឹង​មិនសូវមាន​ប្រសិទ្ធភាព​ឡើយ ។

មូលហេតុ​ដែលនាំឱ្យ​អ្នកគ្រូ​មាន​ជំនឿ​យ៉ាង​មុតមាំ​ដូច្នេះ​នោះ គឺ​មុន​ថ្ងៃ​ដែល​អ្នកគ្រូ​ចាប់​ប៉ុស្តិ៍​បង្រៀន​អ្នកគ្រូ​បាន​សាកល្បង​មករក​បារមី​លោកតា​ចូល​សណ្ឋិត​នោះ ដើម្បី​ចង់ដឹងថា​អាច​ចាប់​ប៉ុស្តិ៍​បង្រៀន​បានសម្រេច​ដូច​បំណង​ឬ​យ៉ាងណា ? ពេលនោះ​បារមី​លោកតា​ដែល​ចូល​សណ្ឋិត​នោះបាន​ប្រាប់ថា បំណងប្រាថ្នា​របស់​អ្នកគ្រូ​នឹង​បានសម្រេច ដូច​ក្តី​ប្រាថ្នា ។ ចាប់តាំងពី​ថ្ងៃ​នោះមក​អ្នកគ្រូ​ក៏​ចាប់ ចេះ​មាន​ជំនឿ​លើ​បារមី​លោកតា កើត វ៉ា​យ នេះ​រហូតមក ។ មិនតែប៉ុណ្ណោះ​បងប្អូន​អ្នកគ្រូ​ផ្ទាល់​ក៏ មាន​ជំនឿ​ដូចគ្នានេះដែរ ។ ក្រៅពី​ដាស់​ខ្សែ​គាថា អ្នកគ្រូ និង បងប្អូន​ក៏បាន​ស្រោច​ទឹក​លើករាសី​ឱ្យ​មុខរបរ​រកស៊ី​កាន់តែ​កាក់កប​ឡើង​ពីមួយថ្ងៃ​ទៅមួយ ថ្ងៃ ។​​ទោះជា​យ៉ាងណាក៏ដោយ​ក៏​យើង​មិនត្រូវ​ងប់ងុល​នឹង​ជំនឿ​បែបនេះ​ខ្លាំងពេក​នោះដែរ ព្រោះ​បើ​យើង​មាន​ជំនឿ​ដោយ​ខ្វះ​ការពិចារណា​នោះ​នឹង​ធ្វើឱ្យ​យើង​មាន​វិប្បដិសារៈ​នៅ​ថ្ងៃ​ណាមួយ​ពុំខាន ៕
​ ​
​ ​ ​


Related