នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​រំលោភ​លើ​ទំនុកចិត្ត​

ខេត្តព្រះសីហនុ: នគរបាល​ក្រុងព្រះសីហនុ បានធ្វើការ​ឃាត់ខ្លួន​យុវជន​ម្នាក់ ដែល​បាន​ខ្ចី​ម៉ូតូ​មិត្ត​ភ័ក្តិ យកទៅ​បញ្ចាំ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​៣ ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។

​លោក​វរសេនីយ៍ ភុល ភស្តា អធិការនគរបាល​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​រូបនេះ មានឈ្មោះ ហេង ពេជ្រ​នរាយ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​៣​ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។

​ក្រោយ​មាន​ករណីនេះ កើតឡើង និង​មាន​ពាក្យបណ្តឹង​របស់ ម្ចាស់​ម៉ូតូ លោក​អធិការ​ក្រុង បាន​បញ្ជា​អោយកម្លាំង​នគរបាល​ក្រុង​ធ្វើការ​ស្រាវជ្រាវ រហូត​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ បានតែ​ម្តង​។

​ជនសង្ស័យ​បាន​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា ខ្លួន​បាន​ខ្ចី​ម៉ូតូ​មិត្ត​ភ័ក្តិ​ម៉ាក​ហុងដា​ឌ្រី​ម សង់ ផលិត​ឆ្នាំ​២០១៥ យកទៅ​បញ្ចាំ​អោយគេ​នៅ​ភ្នំពេញ ដើម្បី​យកប្រាក់​លេងល្បែង​អស់​ទៅ ហើយក៏​រត់គេចខ្លួន​ទៅ​ពួន​តាម​ផ្ទះសំណាក់ បាន​មួយរយៈ​តែ​គេច​មិន​រួច ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បានតែ​ម្តង​។​

​ក្រោយពី​ការឃាត់ខ្លួន ជនសង្ស័យ​ត្រូវបាន​យកមក​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​រំលោភ​លើ​ទំនុកចិត្ត​

នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​រំលោភ​លើ​ទំនុកចិត្ត​