ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​មាន​គម្រោង​កាត់​បន្ថយ​គ្រោះថ្នាក់​ពី​សារធាតុ​គីមី

ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​មាន​គម្រោង​កាត់​បន្ថយ​គ្រោះថ្នាក់​ពី​សារធាតុ​គីមី

លោក Achim Steiner សញ្ជាតិ​អាល្លឺម៉ង់​ ដែល​ជា​នាយក​កម្មវិធី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ​ (UNEP) ថ្លែង​នៅ​ក្នុង​អត្ថាធិប្បាយ​ព័ត៌មាន​មួយ​នៅ​ក្នុង​ក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វ៊ីស (Switzerland)។ សន្និសីទ​អន្តរជាតិ​មួយដែល​មាន​ប្រទេស​ជាច្រើន​ចូលរួម ​បាន​សម្រេច​លើ​គម្រោង​មួយ​ដែល​អាច​កាត់​បន្ថយ​ចំនួន​មនុស្ស​ស្លាប់​ប្រចាំ​ឆ្នាំ​​ដោយសារ​ការ​ប៉ះពាល់​នឹង​សារធាតុ​គីមី​មាន​ជាតិ​ពុល។ ក្រុង​ហ្សឺណែវ—

សន្និសីទ​អន្តរជាតិ​មួយ​ស្តី​អំពី​ការ​គ្រប់គ្រង​សារធាតុគីមី​ បាន​សម្រេច​លើ​គម្រោង​មួយ​ដែល​អាច​កាត់​បន្ថយ​ចំនួន​មនុស្ស​ស្លាប់​ប្រចាំ​ឆ្នាំ​ដែល​មាន​ចំនួន​លើសពី​១​លាន​នាក់​ដោយសារ​ការ​ប៉ះពាល់​នឹង​សារធាតុ​គីមី​មាន​ជាតិ​ពុល។ អ្នក​ចូលរួម​ជាង​៨០០​នាក់​ រួម​មាន​រដ្ឋ​មន្ត្រី​ អ្នក​ដឹកនាំ​ឧស្សាហកម្ម​ និង​មេដឹកនាំ​សង្គម​ស៊ីវិល​បាន​យល់​ស្រប​ទៅ​លើ​យុទ្ធសាស្រ្ត​មួយ​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ពី​សារធាតុ​គីមី​ នៅ​សន្និសីទ​កម្មវិធី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ​ដែល​មាន​រយៈពេល​មួយ​សប្តាហ៍។ 

សារធាតុ​គីមី​ជា​ផ្នែក​មួយ​នៃ​ជីវភាព​រស់នៅ​របស់​មនុស្ស​ទូទៅ។ ប៉ុន្តែ​ ទន្ទឹម​នឹង​មាន​ភាព​ចាំបាច់​ និង​ផ្តល់​ផល​ប្រយោជន៍​ សារធាតុ​គីមី​ទាំងអស់​នេះ​ក៏​អាចបង្ក​គ្រោះថ្នាក់​ផង​ដែរ។ ការ​គ្រប់គ្រង​គ្រោះថ្នាក់​ទាំង​នោះ​គឺ​មាន​ការ​ពិបាក​ដោយសារ​តែ​ចំណេះ​ដឹង​អំពី​សារធាតុ​គីមី​ជាច្រើន​ នៅ​មាន​លក្ខណៈ​តិចតួច​ស្តួចស្តើង​នៅ​ឡើយ។

កម្មវិធី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ​បាន​កត់​សម្គាល់​ថា មាន​តែ​មួយ​ភាគ​តូចនៃ​សារធាតុ​គីមី​ប្រមាណ​ជា​១០០.០០០​ប្រភេទ​នៅ​លើ​ទីផ្សារ​តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​វាយ​តម្លៃ​ដើម្បី​កំណត់​ផល​ប៉ះពាល់​របស់​ពួកវា​ទៅ​លើ​សុខភាព​មនុស្ស​ និង​ទៅ​លើ​បរិស្ថាន។

ប៉ុន្តែ​ អ្វី​ដែល​អាច​ដឹង​បាន​គឺ​ថា​ ពួកវា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បាន។ អង្គការ​ UNEP​ បាន​រាយការណ៍​ថា​ អត្រា​មរណៈ​ទារក​ដែល​បណ្តាល​មក​ពី​កត្តា​បរិស្ថាន​កើត​ឡើង​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ច្រើន​ជាង​ប្រទេស​អភិវឌ្ឍន៍​ចំនួន​ដល់​ទៅ​១២ដង។ របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​ប៉ះពាល់​នូវ​សារធាតុ​ទាំង​នោះ​ពី​កុមារភាព​បណ្តាល​ឲ្យ​មាន​ករណី​កុមារ​ពិការ​ផ្លូវ​ចិត្ត​ចំនួន​៦០០.០០០​ករណី​ថ្មីៗ​ជារៀងរាល់​ឆ្នាំ។​

អ្នក​ចូលរួម​ក្នុង​សន្និសីទ​នោះ​មួយ​ចំនួន​បាន​យល់​ស្រប​ទៅ​លើ​យុទ្ធសាស្រ្ត​នៃ​ការ​គ្រប់គ្រង​សារធាតុ​គីមី​ ដែល​មាន​ទាំង​ការ​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​ល្អ​ប្រសើរ​អំពី​សារធាតុ​គីមី​ដែល​មាន​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​យើង និង​នាំ​មក​នូវ​គ្រោះថ្នាក់​ដល់​យើង​ជាច្រើន​ករណី​ទៀត។

លោក​ស្រី Olga Speranskaya ជា​សហប្រធាន​នៃ​បណ្តាញ IPEN។ IPEN ​ជា​បណ្តាញ​អន្តរជាតិ​មួយ​ដែល​មាន​អង្គការ​ចំនួន​ជាង​៧០០​ ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​សារធាតុ​គីមី​មាន​ជាតិ​ពុល។ អង្គការ​ទាំង​នេះ​ធ្វើ​ការ​ជាមួយ​មនុស្ស​ដែល​រងគ្រោះ​ដោយ​ឆ្លង​រោគ​ពី​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ពី​កន្លែង​ដែល​និយម​ប្រើប្រាស់​សារធាតុ​បារត​ និង​ផលិតផល​មានជាតិ​ពុល​ផ្សេង​ទៀត។ លោក​ស្រី​បាន​និយាយ​ថា៖

«ដូច្នេះ​ យើង​បាន​មក​ទីនេះ​ ហើយ​យើង​ពិតជា​រីករាយ​នឹង​លទ្ធផល​នៃ​សន្និសីទ​នយោបាយ​នេះ​ដោយសារ​ប្រតិភូ​បាន​សម្រេច​យល់​ស្រប​លើ​គម្រោង​សកម្មភាព​ជាក់លាក់​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ដែល​នឹង​ជួយ​កាត់​បន្ថយ​ដល់​ការ​ប្រឈម​មុខ​នឹង​សារធាតុ​ពុល​ចំពោះ​សុខភាព​មនុស្ស​ និង​បរិស្ថាន​ ប្រសិនបើ​ត្រូវ​បាន​អនុវត្ត។ ខ្ញុំ​និយាយ​ថា​ ប្រសិនបើ​ត្រូវ​បាន​អនុវត្ត»។

ហ្នឹង​ហើយ​គឺ​ជា​បញ្ហា។ លោកស្រី​ Speranskaya ​មានប្រសាសន៍​ថា​ លោកស្រី​ជឿ​ថា​ គម្រោង​សកម្មភាព​នេះ​មិន​អាច​អនុវត្ត​នៅ​ត្រឹម​ឆ្នាំ​២០២០​បាន​ទេ​ ដោយសារគម្រោង​នេះ​ប្រឈម​នឹង​បញ្ហា​កង្វះ​ការ​ឧបត្ថម្ភ​ខាង​ថវិកា​ជាខ្លាំង។ លោក​ស្រី​បន្ត​ទៀត​ថា​ កម្មវិធី​គ្រប់គ្រង​សារធាតុ​គីមី​មាន​ថវិកា​តែ​២៧លាន​ដុល្លារ​ប៉ុណ្ណោះ​ ដែល​តាម​ពិត​កម្មវិធី​នេះ​ត្រូវ​ការ​ថវិកា​ចំនួន​១០០​លាន​ដុល្លារ​ដើម្បី​អនុវត្ត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ប្រតិភូ​នៃ​សន្និសីទ​ និយាយ​ថា​ពួកគេ​ប្តេជ្ញា​ចិត្ត​ព្យាយាម​ឧបត្ថម្ភ​ទៅ​លើ​កិច្ច​ខិតខំ​ដើម្បី​បង្ការ​មរណៈភាព​ និង​ជំងឺ​តាម​រយៈ​ការ​គ្រប់គ្រង​សារធាតុ​គីមី​ដ៏​ត្រឹមត្រូវ​នៅ​ត្រឹម​ឆ្នាំ​២០២០៕

ប្រែ​សម្រួល​ដោយ៖ វិញ​ សុជាតា