កម្ពុជា​ចិន ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​

ភ្នំពេញ: ​កាលពី​ល្ងាច​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៥ សម្តេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ លោក Li Jinzao ប្រធាន​រដ្ឋបាល​ទេសចរណ៍​ជាតិចិន ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​សំខាន់ៗ​មួយចំនួន លើ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​។ ជាពិសេស ខិតខំ​រិះរក​វិធី​ជំរុញ​អ្នកទេសចរ​ចិន មក​ប្រទេស​កម្ពុជា​ឲ្យ​បាន​កើនឡើង​ដល់ ១​លាន​នាក់ នៅក្នុងពេល​​ដ៏​ខ្លី​ខាងមុខ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន​។​

​ហ្វេ​ស​ប៊ុ​ក​ដដែល លើកឡើងថា ទន្ទឹមនឹងនោះ សម្តេច​តេ​ជោ បានស្នើ​ដល់​ភាគី​ចិន​បន្ត​ជួយ​ធ្វើយ៉ាងណា ជំរុញ​ឲ្យ​ភ្ញៀវទេសចរ​ចិន មកកាន់​ប្រទេស​កម្ពុជា បាន ១ លាន ៣ សែន​នាក់ ពោលគឺ​រក្សា​កំណើន​ត្រឹមតែ ០,០១% នៃ​ចំនួន​ប្រជាជន​ចិន សរុប​ឲ្យ​បាន​មកលេង​កម្ពុជា​។​

​ហ្វេ​ស​ប៊ុ​ក​ដដែល បាន​លើកឡើងថា ក្នុង​ឆ្នាំ​២០១៤ កន្លងទៅ ទេសចរ​ចិន​មក​កម្ពុជា គឺមាន​ចំនួន ៥៦ ម៉ឺន​នាក់ ដោយ​មិន​រាប់បញ្ចូល​ទេសចរ មកពី​ម៉ា​កាវ និង​កោះ​តៃវ៉ាន់​។ យើង​សង្ឃឹមថា​ ​ក្នុង​ឆ្នាំ​២០១៥​នេះ ចំនួន​ភ្ញៀវ​ទេសចរណ៍​ចិន នឹង​កើន​ឡើងដល់ ៧០ ម៉ឺន​នាក់​។​

​សម្តេច​តេ​ជោ ហ៊ុនសែន បាន​លើកឡើងថា "​ដើម្បីអោយ​កាន់តែ​ទាក់ទាញ​ទេសចរ​ចិន កម្ពុជា​នឹង​ផ្តល់នូវ​ភាពងាយស្រួល​ច្រើន​ថែមទៀត ដូចជា ការផ្តល់​នូវភាពងាយ​ស្រួល​ក្នុងការ​ប្រើប្រាស់​ប្រាក់​យ័ន លើ​ទីផ្សារ​កម្ពុជា និង​ការ​ចំហរ​ឲ្យ​មានការ​ហោះ​ហើរ​​ត្រង់​ពី​គ្រប់​ទីកន្លែង​ទាំងអស់​របស់​ប្រទេស​ចិន​មក​កម្ពុជា​"​។​

​សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ពិនិត្យ​លទ្ធភាព ក្នុង​ការបើក​កុងស៊ុល​នៅតាម​តំបន់ ដែលមាន​ភ្ញៀវទេសចរ និង​តំបន់​ដែលមាន​ការ​ហោះហើរ​ត្រង់​ក្នុងប្រទេស​ចិន​បន្ថែមទៀត ដើម្បី​ជំរុញ​ភ្ញៀវទេសចរ​មក​កម្ពុជា​។ រីឯ​ភាគី​ចិន នឹង​ជួយ​បណ្តុះបណ្តាល​សមត្ថភាព​ដ​ល់​មន្ត្រី​កម្ពុជា ដើម្បី​ជំរុញ​វិស័យ​ទេស​ចរណ៍ អោយ​កាន់តែ​ឆាប់​រីកចម្រើន​៕​

កម្ពុជា​ចិន ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​

កម្ពុជា​ចិន ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​