គ្រោះថ្នាក់​ចរាចរណ៍ ៣ ថ្ងៃ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ កើតឡើង ៧៤ លើក ស្លាប់ ៣៤ នាក់ របួស ១៤៧ នាក់​

ភ្នំពេញ: ​របាយការណ៍​ប៉ូលិស បាន​បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៥ កើតឡើង​សរុប​ចំនួន ៧៤ លើក បណ្តាល​ឲ្យ​ស្លាប់ ៣៤ នាក់ និង​របួស ១៤៧ នាក់​។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ រយៈពេល ៣ ថ្ងៃ របស់​ប៉ូលិស​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក៏បាន​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៤ គឺ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ អំឡុងពេល​ភ្ជុំបិណ្ឌ បាន​ថយចុះ នៅ​ឆ្នាំ​២០១៥​នេះ ពោលគឺ ថយ​ពី ៧៧ លើក កាលពី​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០១៤ មក​នៅត្រឹម ៧៤ លើក នៅ​ឆ្នាំ​២០១៥​នេះ​។ ចំណែក​ចំនួន​អ្នកស្លាប់ ថយចុះ​ម្នាក់ និង​អ្នករបួស​ថយ ៩ នាក់​។​

​របាយការណ៍​ដដែល ក៏បាន​បង្ហាញថា គ្រោះថ្នាក់​បុណ្យ​ភ្ជុំបិណ្ឌ រយៈពេល ៣ ថ្ងៃនេះ បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ ចំនួន ៩៦ គ្រឿង រថយន្ត​ធុន​ស្រាល ២០ គ្រឿង រថយន្ត​ធុន​ធ្ងន់ ៣ គ្រឿង និង​យាន​ផ្សេងៗ ៨ គ្រឿង​។​

​ចំណែក​មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នោះ ត្រូវបាន​ប៉ូលិស​លើកឡើងថា មកពី​ល្មើស​ល្បឿន ៣១ លើក មិន​គោរព​សិទ្ធិ​អាទិភាព ១៦ លើក ប្រជែង​គ្រោះថ្នាក់ ៨ លើក មិន​ប្រកាន់​ស្តាំ ៥ លើក ស្រវឹង ៦ លើក បត់​ឆ្វេង​ស្តាំ មិន​ប្រុងប្រយ័ត្ន ៨ លើក​។​

​ប៉ូលិស ក៏បាន​កត់សម្គាល់​នូវ​ខេត្ត ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍ និង​រងគ្រោះ​ច្រើន ក្នុងពេល​បុណ្យ​ភ្ជុំបិណ្ឌ រួមមាន​៖ ខេត្តតាកែវ ៩ លើក ស្លាប់ ៣ នាក់ របួស ២៥ នាក់​។ ខេត្តកណ្តាល ៦ លើក ស្លាប់ ៤ នាក់ របួស ៩ នាក់​។ ខេត្តកំពង់ចាម ៣ លើក ស្លាប់ ៣ នាក់ របួស ៣ នាក់​។ ខេត្តសៀមរាប ៥ លើក ស្លាប់ ៣ នាក់ របួស ១០ នាក់​។ ខេត្តកំពត ៨ លើក ស្លាប់ ម្នាក់ និង​របួស ១៨ នាក់​៕​