សម្តេច ហ៊ុនសែន លើកឡើង​ពីស​ក្កា​នុព​ល​ទេសចរណ៍​របស់​កម្ពុជា ក្នុង​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក ម៉ា​កាវ ឆ្នាំ​២០១៥

ភ្នំពេញ: សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា និង​ពិធី​បើក​ជា​ផ្លូវការ វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក​ម៉ា​កាវ ឆ្នាំ​២០១៥ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ម៉ា​កាវ​។ ក្នុង​វេទិកា​នោះ សម្តេច​តេ​ជោ បានលើកឡើង​ពីស​ក្កា​នុព​ល​ទេសចរណ៍​របស់​កម្ពុជា​។​

​សម្តេច​ហ៊ុនសែន បាន​មានប្រសាសន៍ថា កម្ពុជា​ផ្តល់​អាទិភាព​ខ្ពស់​នូវ​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍វប្បធម៌ ដោយ​វិស័យនេះ មិន​ត្រឹមតែ​ចូលរួម​បង្កើន​ចំណូល​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ត្រូវបាន​ចាត់​ចូលក្នុង​វិស័យ​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​ក្នុង​ការធ្វើសមាហរណកម្ម​ក្នុង​តំបន់​ទៀតផង​។ ជាការ​ពិត កម្ពុជា​គឺជា​គោលដៅ​ទេសចរណ៍វប្បធម៌​ប្រកបដោយ​ការទាក់ទាញ​មួយ​ក្នុង​តំបន់ ដោយសារតែ​ប្រាសាទអង្គរវត្ត រួមទាំង​ប្រាសាទបុរាណ​រាប់ពាន់ រាប់ទាំង​សម្បត្តិ​វប្បធម៌​បេ​តិក​ភ័​ណ្ឌ​អ​រូបិយ​នានា ជាអាទិ៍ ចម្រៀង និង​របាំ​បុរាណ ល្ខោន ចម្លាក់ ប្រពៃណី​រស់នៅ​របស់​ប្រជាពលរដ្ឋ រូប​ភាពរស់រវើក និង​ល្អ​ផូរផង់ ក៏ដូចជា​ម្ហូបអាហារ​ដ៏​មាន​រស់ជាតិ​ឆ្ងាញ់​ពិសារ​របស់​ប្រជាជន​ខ្មែរ​ជាដើម​។ រួមជាមួយ​ភាពស្រស់ស្អាត​តំបន់ឆ្នេរ​សមុទ្រ ភាព​បៃតង់ និង​ធម្មជាតិ​ព្រៃភ្នំ ជា​ធាតុ​ផ្សំ ដូច​ការ​ប្រសិទ្ធ​នាម "​កម្ពុជា ព្រះរាជា​អច្ឆរិយៈ​"​។

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ថែមថា ដោយសារតែ​លក្ខណៈ​សំបូរបែប​ផ្នែក​វប្បធម៌ អរិយធម៌ និង​អេកូ​ឡូ​ហ្ស៊ី​របស់​យើង កម្ពុជា​បានចាត់ទុក​វិស័យ​ទេសចរណ៍ ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង នៅក្នុង​សេដ្ឋកិច្ចជាតិ ថា​ជា​មាស​បៃតង​។ ធនធាន​វប្បធម៌​រប​ស់​យើង ពិតជា​បាន និង​កំពុង​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍន៍​ប្រទេស ដែល​ក្នុងពេល​បច្ចុប្បន្ន វិស័យ​ទេសចរណ៍វប្បធម៌ បានរួម​ចំណែក ៨០% នៃ​ឧស្សាហកម្ម​ទេសចរណ៍​ទាំងមូល នៅ​កម្ពុជា​។

​សម្តេច​ហ៊ុនសែន បន្តថា នៅ​ឆ្នាំ​២០១៤ កន្លងទៅនេះ កម្ពុជា​ទទួលបាន​កំណើន​ភ្លៀវ​ទេសចរ ក្នុង​អត្រា ៥៦% ជាមួយនឹង​ទស្សនកិច្ច​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ ប្រមាណ ៤,៥ លាន​នាក់ ដែល​នាំមក​នូវ​ប្រាក់ចំណូល​ប្រមាណ​ជាង ៣០០០ លាន​ដុល្លារ សម្រាប់​សេដ្ឋកិច្ចជាតិ​។ តាម​ការព្យាករណ៍ នៅ​ឆ្នាំ​២០១៥​នេះ ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ នឹង​កើន​ប្រមាណ ៥ លាន​នាក់​។ នៅ​ឆ្នាំ​២០២០ ចំនួន​អ្នកទេសចរ​អន្តរជាតិ នឹង​កើន​ដល់ ៧,៥ លាន​នាក់ ដែល​នាំមក​នូវ​ប្រាក់ចំណូល​ប្រមាណ ៥០០០ លាន​ដុល្លារ និង​បង្កើត​ឱកាស​ការងារ​បាន​ប្រមាណ ៨០ ម៉ឺន​នាក់​។​

​ជាមួយនឹង​ការលើកឡើង​ពី​សក្តានុពល​ទេសចរណ៍​នៅ​កម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ក៏បាន​លើកឡើង​ពី​ចំណងទាក់ទង​ល្អ​ជាមួយគ្នា​រវាង​កម្ពុជា និង​ចិន តាំងពី​យូរ​ឡុង​ណាស់​មកហើយ តាំងពី​សម័យ​អាណាចក្រ​អង្គរ ហើយ​ទំនាក់ទំនង​ល្អ​នេះ កាន់តែ​ពង្រឹងពង្រីក​បន្ថែមទៀត ក្នុងសម័យ​សង្គមរាស្ត្រនិយម​របស់​សម្តេចព្រះ​នរោត្តម សីហនុ ហើយ​បាន​បង្កើន​ពង្រឹងពង្រីក និង​លើកកម្ពស់​បន្ថែមទៀត ឲ្យ​ក្លាយជា​ទំនាក់ទំនង​ក្នុងនាម​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ នាពេល​បច្ចុប្បន្ន​។​

​សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​លើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន ដែល​ទទួលបាន​នូវ​ការរីកចម្រើន​គួរ​ជាទី​មោទនៈ ជាក់ស្តែង​ការវិនិយោគ​ផ្ទាល់​របស់​ចិន​នៅ​កម្ពុជា នៅក្នុង​គ្រប់​វិស័យ រួមមាន សំណង់ កាត់ដេរ ថាមពល ហិរញ្ញវត្ថុ និង​សេវាកម្ម​ជាដើម បាននិងកំពុង មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ចំនួន​ទេសចរ​ចិន នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៤ បាន​ឈរ​នៅ​លំដាប់ថ្នាក់​ទី​២​។​

​សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​ថ្លែងអំណរគុណ​ប្រជាជន និង​ប្រទេស​ចិន ដែល​បាន​ជួយ​ដល់​កិច្ចអភិវឌ្ឍន៍​នៅ​កម្ពុជា​។ កម្ពុជា ក៏​រង់ចាំ​ទទួល​អ្នកវិនិយោគ​ចិន និង​អ្នកទេសចរ​ចិន ចូលមក​កម្ពុជា កាន់តែច្រើន​ថែមទៀត​៕​

សម្តេច ហ៊ុនសែន លើកឡើង​ពីស​ក្កា​នុព​ល​ទេសចរណ៍​របស់​កម្ពុជា ក្នុង​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក ម៉ា​កាវ ឆ្នាំ​២០១៥

សម្តេច ហ៊ុនសែន លើកឡើង​ពីស​ក្កា​នុព​ល​ទេសចរណ៍​របស់​កម្ពុជា ក្នុង​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក ម៉ា​កាវ ឆ្នាំ​២០១៥

សម្តេច ហ៊ុនសែន លើកឡើង​ពីស​ក្កា​នុព​ល​ទេសចរណ៍​របស់​កម្ពុជា ក្នុង​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក ម៉ា​កាវ ឆ្នាំ​២០១៥