ស.រ.អា.​ ​ទម្លាក់​គ្រាប់​កាំភ្លើង​៥០​តោន​​តាម​ឆ័ត្រ​យោង​ពី​យន្តហោះឱ្យ​ក្រុម​ឧទ្ទាម​ស៊ីរី

ស.រ.អា.​ ​ទម្លាក់​គ្រាប់​កាំភ្លើង​៥០​តោន​​តាម​ឆ័ត្រ​យោង​ពី​យន្តហោះឱ្យ​ក្រុម​ឧទ្ទាម​ស៊ីរី

រូប​ភាព​ឯកសារ​បង្ហាញ​ពី​ការ​ទម្លាក់​ម្ហូប​អាហារ​និង​ទឹក​ដោយ​កង​ទ័ព​អាមេរិក ដល់​ប្រជាជន​អ៊ីរ៉ាក់​ដែល​រង​គ្រោះ​ដោយ​ការគម្រាម​កំហែង​ពី​ក្រុម​រដ្ឋ​ឥស្លាម​ ​ កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៤។​

មន្ត្រី​ម្នាក់​នៃ​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​ប្រាប់​ VOA​ កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ស.រ.អា.​បាន​ទម្លាក់​គ្រាប់​កាំភ្លើង​៥០​តោនតាម​ឆ័ត្រ​យោង​ពី​យន្តហោះ ​ឱ្យ​ក្រុម​ឧទ្ទាម​នៅ​តំបន់​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី។

លោក​វរសេនីយ​ឯក​ Steve Warren អ្នក​នាំ​ពាក្យ​នៃ​ក្រុម​ចម្រុះ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​បាន​និយាយ​ថា​ ការ​ទម្លាក់​គ្រាប់​កាំភ្លើង​តាម​ឆ័ត្រ​យោង​នេះ​ បាន​ទៅ​ដល់​«ក្រុម​អារ៉ាប់​ស៊ីរី ​ដែល​មេដឹកនាំ​ពួក​គេ​ត្រូវ​បាន​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ដោយ​ស.រ.អា. ​ហើយ​ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ ISIL»។​ លោក​បាន​ផ្តល់​សេចក្តី​លម្អិត​តែ​បន្តិច​បន្តួច​ដោយសារ​ «សន្តិសុខ​ខាង​កិច្ច​ប្រតិបត្តិការ»។

មន្ត្រី​ម្នាក់​នៃ​ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​ បាន​ពណ៌នា​ការទម្លាក់​គ្រាប់​កាំភ្លើង​តាម​ឆ័ត្រ​យោង​ពី​យន្តហោះ​នេះ​ថា ​ជា​ការ​កើត​មាន​ឡើង​«​ធម្មតា​ថ្មី​មួយ​» ដែល​ក្រុម​ចម្រុះ​នឹង​ធ្វើ​«តាម​សេចក្តី​ត្រូវការ​»។

កាល​ពី​ថ្ងៃ​សុក្រ​ ក្រសួង​ការពារប្រទេស​ស.រ.អា.​បាន​និយាយ​ថា ​ខ្លួន​បាន​បញ្ចប់​កម្មវិធី​ដែល​មិន​បាន​ទទួល​ជោគ​ជ័យ​របស់​ខ្លួន​ ក្នុង​ការហ្វឹកហ្វឺន​និង​ផ្តល់​អាវុធ​ឱ្យ​ក្រុម​ឧទ្ទាម​ស៊ីរី​ ហើយ​ជំនួស​វិញ​ដោយ​បង្កើន​ការគាំទ្រ​ខាង​សម្ភារៈ​ដល់​កង​ឯកភាព​ដែល​ប្រយុទ្ធ​នៅ​លើ​សមរភូមិ​ក្នុង​ប្រទេស​ស៊ីរី​ នៅ​ពេល​ដែល​ការហ្វឹក​ហ្វឺន​ត្រូវ​បាន​ផ្តល់​ដល់​តែ​ក្រុម​មេដឹកនាំ​ឧទ្ទាម​ក្នុង​ប្រទេស​តួកគី៕