ដើមឈើ២ប្រភេទ ដែល​ទាក់ទង​នឹង​ការ​ប្រសូត ការ​ត្រាស់ដឹង និង​ការចូល​និព្វាន របស់​ព្រះពុទ្ធ


ដើមឈើ​ពីរ​ប្រភេទ ដែលមាន​ការជាប់​ពាក់ព័ន្ធ​នឹង​ជីវិត​របស់​ព្រះសម្មាសម្ពុទ្ធ គឺ​ដើម​សាលព្រឹក្ស និង​ដើម​ពោធិព្រឹក្ស។ ព្រះពុទ្ធ​អង្គ​ទ្រង់​ប្រសូត និង​ទ្រង់​បរិនិព្វាន នៅក្រោម​ដើម​សាលព្រឹក្ស (ដែល​ខ្មែរ​យើង​ទម្លាប់​ហៅថា ដើម​រាំង​ប្រសូត) និង​ទ្រង់​ត្រាស់ដឹង​ក្រោម​ដើម​ពោធិព្រឹក្ស។

នា​ឆ្នាំ៦២៤ មុន​គ្រិស្តសករាជ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រសូត​ឡើង​ក្នុង​លោក។ ព្រះអង្គ​ទ្រង់​ចាប់បដិសន្ធិ​ក្នុង​ផ្ទៃ​នៃ​ព្រះ​នាង​សិរិ​មហាមាយា ជា​ព្រះ​អគ្គមហេសី​នៃ​ព្រះបាទ​សុទ្ធោទន៍ ដែល​គ្រងរាជ្យ​នៅ​នគរ​កបិលវត្ថុ។ ថ្វីដ្បិតតែ​បដិសន្ធិ​ក្នុង​ត្រកូល​ក្សត្រ​មែន តែ​ព្រះអង្គ​ទ្រង់​មិន​ប្រសូត​ក្នុង​ព្រះរាជវាំង​នោះទេ គឺ​ព្រះអង្គ​ទ្រង់​ប្រសូត​នៅក្រោម​ដើម​សាលព្រឹក្ស។
ព្រះអង្គ​ទ្រង់​ចេញ​សាង​ព្រះ​ផ្នួស ក្នុង​ព្រះជន្ម២៩ព្រះវស្សា។ ក្រោយពី​សាង​ព្រះ​ផ្នួស បាន៦ព្រះវស្សា ព្រះអង្គ​ក៏​ទ្រង់​ត្រាស់​ជា​ព្រះពុទ្ធ នៅក្រោម​ដើមឈើ​មួយ​ប្រភេទ ដែល​យើង​ហៅថា ដើម​ពោធិព្រឹក្ស។ ក្រោយពី​ការ​ត្រាស់ដឹង​អស់​រយៈពេល៤៥ព្រះវស្សា ព្រះអង្គ​ក៏​ចូល​បរិនិព្វាន (ស្លាប់) នៅក្រោម​ដើម​សាលព្រឹក្ស នៅពេលដែល​ព្រះអង្គ​ឈានដល់​ព្រះជន្ម៨០ព្រះវស្សា ។
ដោយសារតែ​ដើម​សាលព្រឹក្ស និង​ដើម​ពោធិព្រឹក្ស គឺជា​ប្រភេទ​ដើមឈើ ដែលមាន​ការជាប់​ពាក់ព័ន្ធ​នឹង​ជីវិត​ព្រះពុទ្ធ ទើប​ប្រជាពលរដ្ឋ​ខ្មែរ​យើង មាន​ជំនឿ និង​គោរពបូជា ចំពោះ​ដើមឈើ​នេះ ជាពិសេស​ដើម​ពោធិព្រឹក្ស។ ព្រោះតែ​ការគោរព ប្រជាពលរដ្ឋ​ទូទៅ​មិនសូវ​ហ៊ាន​កាប់ ឬ​កាច់​មែកឈើ​ទាំងពីរ​ប្រភេទ​នេះ ផ្តេសផ្តាស់​នោះទេ។ ប៉ុន្តែ បើទោះបីជា​ប្រជាពលរដ្ឋ​មាន​ជំនឿ​លើ​ដើមឈើ​ទាំងពីរ​នេះ​ក៏ពិតមែន ក៏​ដើមឈើ​ទាំងពីរ​ប្រភេទ​នេះ មិនសូវមាន​ដាំ​ដុះ​កុះករ​ច្រើន​កន្លែង​ដូចដើម​ឈើ​ដទៃ​ដែរ។ មាន​មូលហេតុ​មួយចំនួន ដែល​ដើមឈើ​ទាំងពីរ​នេះ​មិនសូវមាន​ដាំ​ដេរដាស់​ដូចដើម​ឈើ​ដទៃ៖

១. កាលពី​បុរាណសម័យ ដើមឈើ​ទាំងពីរ​នេះ​មាន​ដើមកំណើត នៅឯ​ប្រទេស​ឥណ្ឌា មិនមាន​ក្នុងប្រទេស​ខ្មែរ​យើង​ទេ។ ទើបតែ​សម័យក្រោយៗមក ទើប​ដើមឈើ​ទាំងពីរ​នេះ​នាំមក​កម្ពុជា។

២. ដើមឈើ​ទាំងពីរ​នេះ ច្រើនតែ​ដាំ​ក្នុង​វត្ត​អារាម មិនសូវ​ដាំ​ពោរ​ពាស​តាម​កន្លែងផ្សេងៗនោះទេ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​មានជំនឿថា ដើមឈើ​នេះ ទល់​តែ​ដាំ​ក្នុង​វត្ត ទើប​ពូកែ​សក្តិ​សិទ្ធិ។ ផ្កា​ដើម​រាំង​ប្រសូត អាច​យក​ធ្វើ​ថ្នាំ​សម្រាប់​ស្ត្រី​កូនខ្ចី​ដ៏​មាន​ប្រសិទ្ធិភាព ចំណែកឯ​ដើម​ពោធិព្រឹក្ស​នាំ​ឲ្យ​មាន​បារមី​កាន់ ព្រោះ​មាន​ពពួក​ទេវតា​ទាំងឡាយ​ស្នាក់អាស្រ័យ។ ប្រសិនបើ​ដាំ​នៅក្រៅ​ទីវ​ត្ត​អារាម ផ្ការាំង​ប្រសូត​នេះ មិនសូវ​ពូក​កែស​ក្ដិ​សិទ្ធិ​ឡើយ ហើយ​ដើម​ពោធិព្រឹក្ស អាចមាន​ព្រាយ​បិសាច​ស្នាក់​ស្រ័យ ដែលជា​ហេតុ​នាំ​ឲ្យ​កើត​មានរឿង​អពមង្គល​ដល់​អ្នកស្រុក​ទៀតផង។

៣. មិន​ថា​នៅ​កម្ពុជា​យើង​នោះទេ សូម្បីតែ​នៅ​ប្រទេស​ឥណ្ឌា និង​ប្រទេស​នានា​នៅ​អាស៊ីអាគ្នេយ៍​យើង ដោយ​គេ​និយម​ដាំ​តែ​ក្នុង​វត្ត​អារាម​ដែរ ព្រោះ​ដើមឈើ​ទាំងពីរ​នេះ ទាក់ទង​នឹង​ពុទ្ធសាសនា។ ដើម​ពោធិព្រឹក្ស គឺជា​ដើមឈើ​មួយ ដែល​តំណាង​ឲ្យ​ព្រះពុទ្ធសាសនា។ នៅក្នុង​ព្រះពុទ្ធសាសនា មាន​វត្ថុ៥យ៉ាង ដែល​សម្គាល់​ឲ្យ​សាសនា។ វត្ថុ​ទាំង៥នេះ​គឺ ព្រះពុទ្ធ​ប្បដិមា១, ដើម​ពោធិព្រឹក្ស១ , ព្រះ​ចេតិយ១ , ព្រះធម៌១ និង ព្រះ​សារីរិកធាតុ១ ។ ដូច្នេះ​យើង​ឃើញថា ដើម​ពោធិព្រឹក្ស គឺជា​វត្ថុ​មួយ ក្នុងចំណោម​វត្ថុ​ទាំង៥នេះ។ អី​ចឹ​ហើយ បាន​ជាដើម​ពោធិព្រឹក្ស មាន​ដាំ​តែ​ក្នុង​វត្ត​អារាម ព្រោះ​វត្ត​ជា​មូលដ្ឋានគ្រឹះ​នៃ​ព្រះពុទ្ធសាសនា៕

ហេតុ​ទាំងនេះហើយ បានជា​ដើមឈើ​ទាំងពីរ​ប្រភេទ​នេះ មិនសូវ​ឃើញ​មាននៅ​តាម​ទី​ដទៃ​ដូច​ដើមឈើផ្សេងៗ ។ សូម្បីតែ​ក្នុងព្រៃ ក៏​មិនសូវមាន​ដើមឈើ​នេះដែរ ជាពិសេស​នៅ​កម្ពុជា​យើង​តែម្តង៕
ដើមឈើ២ប្រភេទ ដែល​ទាក់ទង​នឹង​ការ​ប្រសូត ការ​ត្រាស់ដឹង និង​ការចូល​និព្វាន របស់​ព្រះពុទ្ធដើមឈើ២ប្រភេទ ដែល​ទាក់ទង​នឹង​ការ​ប្រសូត ការ​ត្រាស់ដឹង និង​ការចូល​និព្វាន របស់​ព្រះពុទ្ធ
ដើមឈើ២ប្រភេទ ដែល​ទាក់ទង​នឹង​ការ​ប្រសូត ការ​ត្រាស់ដឹង និង​ការចូល​និព្វាន របស់​ព្រះពុទ្ធ


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?