ស្រវឹង​បើក​រថយន្ត​បុក​ម៉ូតូ​រួច​រត់​គេច រហូត​សមត្ថកិច្ច​ឃាត់​ជាប់

ស្រ្តីម្នាក់បានបើករថយន្តទាំងស្រវឹង នៅតាមបណ្តោយផ្លូវមុន្នីវង្ស រហូតមកដល់ កែងផ្លូវ៣៦០ ខណ្ឌចំការមន ក៏​បាន​បង្ក​គ្រោះថ្នាក់ ជាមួយម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្ចាស់ម៉ូតូ ដួលសន្លប់នៅលើដី។ ស្ត្រីរូបនេះ ព្យាយាម​បើក​គេច តែ​ត្រូវ​អ្នក​ដំណើរ និងសមត្ថកិច្ចឃាត់ខ្លូនបាន នៅផ្លូវកោះពេជ្យ។
ស្រវឹង​បើក​រថយន្ត​បុក​ម៉ូតូ​រួច​រត់​គេច រហូត​សមត្ថកិច្ច​ឃាត់​ជាប់
រថយន្ដបង្ក (រូបធំ) និងម៉ូតូ ព្រមទាំងជនរងគ្រោះ (រូបតូច)។ (រូបថត monoROOM.info/ H. Vuthy)

រថយន្តដែលបើកបរ ដោយស្ត្រីស្រវឹងម្នាក់នេះ មានពណ៍ស មិនស្គាល់ម៉ាក ស្លាកលេខ ភ្នំពេញ ២AF-០៨៣០ និងបានបើកបរក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវព្រះមុន្នីវង្ស។ លុះដល់ម្តុំ​ស្តុប​មេ​ភ្លើង បានជ្រុលចង្កូត ទៅបុកម៉ូតូមួយគ្រឿង ធន់MSX ស្លាកលេខ ភ្នំពេញ ១BT-៧៧៣៩ ខណៈម៉ូតូនេះ ធ្វើ​ដំណើរ​គ្នាពីរនាក់ ស្របនឹងផ្លូវខាងលើ។ នេះបើតាមការអះអាង របស់ប្រភពពីកន្លែងកើតហេតុ។

អ្នកឃើញហេតុការណ៍ បានបន្តថា ឡានបង្កបុកអូសម៉ូតូរងគ្រោះ ប្រមាណជា២ម៉ែត្រ បណ្តាលឲ្យបុរស​ម្នាក់ ក្នុងចំណោមគ្នាពីរនាក់ សន្លប់ស្តូកស្តឹងនៅលើផ្លូវ។ ក្រោយពីគ្រោះថ្នាក់ភ្លាមៗ ស្រ្តីម្ចាស់ឡានបង្ក បាន​ព្យាយាម​បើកឡានគេច មិនទទួលខុសត្រូវ។

រហូតមកដល់ម៉ោងប្រមាណ២១ និង៤០នាទីយប់ ថ្ងៃទី០១ ខែតុលា មន្ត្រីសមត្ថកិច្ចមួយក្រុម បានមកដល់​កន្លែងកើតហេតុ និងបានពង្រាយគ្នា តាមឃាត់ខ្លូនស្រ្តីម្ចាស់ឡាន ដែលបើកបរទាំងស្រវឹងបង្កគ្រោះថ្នាក់ ដើម្បីឲ្យមកទទួលខុសត្រូវ ជាមួយជនរងគ្រោះ។ នៅម៉ោងប្រមាណ ២៣ យប់ថ្ងៃដដែល ឡានបង្កត្រូវបាន​សមត្ថកិច្ច​ឃាត់ជាប់ នៅតាមផ្លូវមួយកន្លែង ក្នុងទឹកដីកោះពេជ្រ។ ក្រោយពីឃាត់ខ្លូនបាន សមត្ថកិច្ចខណ្ឌ​ចំការមន បាននាំស្រ្តីម្ចាស់ឡានបង្ក មកទីតាំងកើតហេតុវិញ នៅសង្កាត់បឹងកែកកងទី៣ ខណ្ឌចំការមន។

ក្រោយពីឃាត់ឡានជាប់ យកមកដល់កន្លែងកើតហេតុ ស្រ្តីម្ចាស់ឡានបង្ក បានយល់ព្រមសងថ្លៃខូចខាតម៉ូតូ និង​ព្យាបាលជម្ងឺ១៥០០ដុល្លារ ទៅជនរងគ្រោះ ដើម្បីបញ្ចប់រឿង៕