អំ សំអាត៖ ចៅក្រម​ចោទ ហុង សុខហួរ តែ​មាន​ទិស​ដៅ សម រង្ស៊ី

ក្នុងសវនាការលើអង្គសេចក្តី ដើម្បីចោទប្រកាន់លោក ហុង សុខហួរ រឿងបង្ហោះលិខិតក្លែង ក្នុងហ្វេសប៊ុក លោក​ចៅក្រម នៃ​សាលា​ដំបូង​រាជធានីភ្នំពេញ បានចោទសួរ ដោយភ្ជាប់ទៅរកលោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ នេះ​បើ​តាម​ការ​អង្កេត របស់លោក អំ សំអាត ក្នុងសវនាការកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥​នេះ។
អំ សំអាត៖ ចៅក្រម​ចោទ ហុង សុខហួរ តែ​មាន​ទិស​ដៅ សម រង្ស៊ី
លោក ហុង សុខហួរ នៅពេលបណ្ដើរចូលសាលាដំបូង រាជធានីភ្នំពេញ។ (រូបថតហ្វេសប៊ុក)

លោក អំ សំអាត មន្រ្តីគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេត នៃអង្គការលីកាដូ បានលើកឡើងថា ទាំងការ​ចាក់​ឃ្លីបវីដេអូ ទាំងការចោទសួរ របស់លោកចៅក្រម ទៅលើជនជាប់ចោទ លោក ហុង សុខហួរ បានធ្វើការ​បាញ​ឆ្ពោះ ទៅរកប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។

ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន លោក សំអាត បានអះអាងថា៖ «ការដែលទាញ ទៅរកការបង្ហោះ ការដែលគាត់ស្រាវជ្រាវ តាំងពីឆ្នាំ២០០៦-២០០៧ ហេតុអ្វីបានជាមកបង្ហោះ ក្នុងថ្ងៃទី១២ ខែសីហា ឆ្នាំ​២០១៥​នេះ គែជាការទាញមួយ ភ្ជាប់ទៅនឹងការបង្ក ឲ្យមានចលាចលនៃបញ្ហាព្រំដែន។ យើងឃើញហើយ មុននឹង​មាន​ការបង្ហោះនេះ វាមានបញ្ហាព្រំដែនកើតឡើង ដូចជានៅស្វាយរៀង រតនគីរិ និងកំពង់ចាមជាដើម ដែល​ដឹកនាំដោយ តំណាងរាស្រ្តគណបកសសង្គ្រោះជាតិ ដែលបានចុះទៅពិនិត្យ នូវបង្គោលព្រំដែន ហើយបាន​បង្ក ឲ្យមានបរិយាកាសតានតឹង។»

មន្រ្តីអង្គការសង្គមស៊ីវិលរូបនេះបា នបន្ថែមថា ការបង្ហោះនូវបញ្ហា (ផែនទី និងសន្ធិសញ្ញា) ខាងលើ ជា​អំណោយ​ផលមួយ សម្រាប់គណបក្សកាន់អំណាច ក្នុងការធ្វើការចាប់ខ្លួន និងការគម្រាមកំហែង កុំឲ្យ​មាន​បញ្ហាព្រំដែននេះ វាស្ទុះឡើងតទៅទៀត។ លោក សំអាត បានបន្ថែមទៀតថា៖ «ក្នុងបទចោទ គោលបំណង​ចង់បង្កថា ការប្រើប្រាស់សិទ្ធិសញ្ញាក្លែង ក្នុងគោលបំណង ធ្វើឲ្យមានចលាចលក្នុងសង្គម។ តែផ្ទុយទៅវិញ ក្នុងផែនទីលោកបានអំពាវនាវ សូមឲ្យថ្នាក់ដឹកនាំទាំងអស់ ធ្វើការជជែកគ្នា ស្នេងរកដំណោះស្រាយ។ (...) ផែនទីសរសេរអក្សរ វៀតណាមគាត់ថា មិនមែនផែនទីវៀតណាមទេ ជាជាផែនទីខ្មែរ រវាងខេត្ត​មួយ​នឹង​ខេត្ត​មួយ នេះជាចេតនាមួយ ដែលមិនចង់ឲ្យមានចលាចល កើតឡើង។»

ខាងការពារក្ដីឲ្យលោក ហុស សុខហួរ លោកមេធាវី ជូង ជូងី បានប្រាប់អ្នកសារព័ត៌មានថា ក្នុងនាមជាមេធាវី ត្រូវធ្វើការការពាសិទ្ធិ ទៅតាមផ្លូវច្បាប់ ភស្តុតាង និងសាក្សីនានា។ ជាមួយនឹងករណី នៃការចោទប្រកាន់នេះ លោកបានស្នើតំណាងអយ្យការ ដែលជាអ្នកចោទប្រកាន់ បង្ហាញនូវភស្តុតាងដាក់បន្ទុក។ លោកថា តាម​រយៈ​វីដេងូឃ្លីប ចំនួន១១នាទី ដែលទើបតែចាក់បានមួយលើកនោះ នៅពុំទាន់គ្រប់គ្រាន់ សម្រាប់លោកជាមេធាវី នៅមិនទាន់អាចធ្វើការវិនិឆ័យ ច្បាស់លាស់នៅឡើយទេ។

សូមរំលឹកថា លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ត្រូវបានសម្រេចនាំខ្លួនមក​សាក​សួរ ក្នុងសវនាការអង្គសេចក្តី នៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ដោយលោក​ចៅក្រម រស់ ពិសិដ្ឋ និងតំណាងអយ្យការលោក សៀង សុខ។ សវនាការនេះ ត្រូវបានលើកពេល ដោយ​បន្ត​ការសាកសួរបន្ថែមទៀត នៅ រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ ខាងមុខ។

តាមសេចក្តីសន្និដ្ឋាន សុំលើកលែងការចោទប្រកាន់ របស់ លោកមេធាវី ជូង ជូងី ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ​២០១៥ បានលើកឡើងថា កូនក្តីរបស់លោក ពុំបានប្រព្រឹត្តបទល្មើស ក្លែងឯកសារសាធារណៈ និង​ក៏មិន​បានប្រព្រឹត្តបទល្មើស ប្រើប្រាស់ឯកសារសាធារណៈ ក្លែងដូចការចោទប្រកាន់ឡើយ នឹងក៏មិនបានប្រព្រឹត្ត បទញុះញង់នោះដែរ។ ជាមួយគ្នានេះ លោក ស្នើ និងទាមទារឲ្យតុលាការ ទំលាក់បទចោទចំពោះ​កូនក្តី​លោក។ ហើយលោកបានស្នើ ឲ្យតំណាងអយ្យការ ដែលជាអ្នកចោទប្រកាន់ បង្ហាញនូវភស្តុតាង និងសាក្សី​ផ្សេងៗ ក្នុងការដាក់បន្ទុកលើកូនក្តីលោក ដើម្បីលោកអាចរកសាក្សី និងភស្តុតាង មកតទល់នឹងការ​ចោទ​ប្រកាន់ របស់តំណាងអយ្យការផងដែរ។

ចំពោះលោកអំ សំអាត វិញ បានថ្លែងក្នុងនាមលោក ជាមន្ត្រីអង្គការសង្គមស៊ីវិលថា៖ «យើងចង់ឃើញ​តុលាការ​មួយ ដែលមានភាពឯករាជ្យពិតប្រាកដ។ ដែលដំណើរការក្តី ដោយពឹងផ្អែកលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង ដោយមិនមានការជំពាក់ពាក់ពិន ជាមួយនឹងសម្ពាធនយោបាយ ណាមួយនោះទេ។»

លោក ហុង សុខហួរ សមាជិកព្រឹទ្ធិសភាគណបក្ស សង រង្ស៊ី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេច​ឃុំខ្លួន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ មួយថ្ងៃ ក្រោមនៃការចាប់ខ្លួន (ថ្ងៃទី១៥)។ លោកត្រូវបាន​ចោទ​​ប្រកាន់​ពីបទ ក្លែងបន្លំឯកសារសាធារណៈ, បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់ឱ្យ​ប្រព្រឹត្ត​​បទ​ឧក្រិដ្ឋជាអាទិ៍ ដោយយោងតាមមាត្រា៦២៩, ៦៣០ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹង​សន្ធិ​សញ្ញា ព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩។ បើសិនជាតុលាការរកឃើញ ថាមាន«ពិរុទ្ធភាព»​ដូច​ការ​ចោទ​ប្រកាន់​ខាងលើនេះ លោក ហុង សុខហួរអាចប្រឈមមុខ នឹងការជាប់ពន្ធនាគារ ពី៧ឆ្នាំ ទៅ១៧ឆ្នាំ និងពិន័យ​ជា​ប្រាក់ ពី៥លានរៀល ទៅ១៤លានរៀល៕