មូលហេតុ​ដែលនាំឱ្យ​ស្ថាប័នរដ្ឋ​បំពេញ​មុខងារ​មិនមាន​ប្រសិទ្ធភាព

ភ្នំពេញ៖ ជាទូទៅ នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ សេវាសាធារណៈ​រដ្ឋ​ត្រូវបាន​គេ​មើលឃើញថា មាន​លក្ខណៈ​អន់​ខ្សោយ​ជាទីបំផុត​បើ​ប្រៀបធៀប​ទៅនឹង​វិស័យ​ឯកជន។ មន្ត្រី​រដ្ឋ​ធ្វើការ​តាម​ទម្លាប់ និង​ធ្វើការ​តាម​កម្រិត​ប្រាក់ខែ​ដែល​រដ្ឋ​ប្រគល់ជូន។ ប្រាក់ខែ​តិច ធ្វើការ​តិច ប្រាក់ខែ​ច្រើន​នៅតែ​ធ្វើការ​តិច​ដដែល។ តើ​មូល​ហេតុអ្វី​បាន​ស្ថាប័នរដ្ឋ​បំពេញ​មុខងារ​គ្មាន​ប្រសិទ្ធភាព​នៅក្នុង​ប្រទេស​កម្ពុ​ជា?

ប្រទេស​កំពុង​អភិវឌ្ឍ ឬ ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច តែងតែ​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន ដូចជា​កង្វះ ស្ថិរភាព​នយោបាយ, ការអភិវឌ្ឍន៍​សេដ្ឋកិច្ច, ភាពជា​អ្នកដឹកនាំ​ល្អ, អភិបាលកិច្ច​ល្អ, បទពិសោធ, ប្រជាធិបតេយ្យ, សិទ្ធិមនុស្ស, ធនធានមនុស្ស​កម្រិត​ខ្ពស់, ហិរញ្ញវត្ថុ, សម្ភារៈ, បច្ចេកវិទ្យា, ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​កម្រិត​ខ្ពស់, ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព និង ស្ថាប័ន​ដែល​បំពេញមុខ​បានល្អ ជាដើម។

ដោយឡែក​ប្រទេស​កម្ពុជា ដែលជា​ប្រទេសមួយ​កំពុង​អភិវឌ្ឍ​ដែរនោះ យើង​បាន​សង្កេតឃើញថា​ប្រទេស​នេះ​ក៏​កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា​នានា​ដូច​បាន​រៀបរាប់​ខាងលើ​ដែរ។ លើសពីនេះ​ទៀត នៅពេលដែល​សន្ទុះ​នៃ​ការប្រកួតប្រជែង​ខាង​នយោបាយ​មាន​លក្ខណៈ​ស្រួចស្រាល់ តឹងតែង និង ពេលខ្លះ​វា​បាន​ខិត​ចេញ​ផុតពី​ព្រំដែន​នៃ​ច្បាប់​និង​គោលការណ៍​សីលធម៌​ផង​នោះ បានធ្វើឱ្យ​អ្នកនយោបាយ​មួយចំនួន​ហ៊ាន​ធ្វើអ្វីៗសព្វ​យ៉ាង​ដើម្បី​ជ័យជំនះ​របស់ខ្លួន។កត្តា​នេះហើយ​ដែល​រុញច្រាន​អំណាច​នយោបាយ​ឱ្យ​គ្របដណ្ដប់​លើអ្វីៗទាំងអស់ រួមទាំង​អំណាច​រដ្ឋបាល, អំណាចនីតិបញ្ញត្តិ, អំណាចនីតិប្រតិបត្តិ, តុលាការ, អាជ្ញាធរ, អំណាច​សីលធម៌, អំណាច​ស្ថាប័ន, ផលប្រយោជន៍​រួម និង សុខុមាលភាព​សង្គម​ផង ជាដើម។

ផ្ដើមចេញពី​មូលដ្ឋាន​នេះ ត្រូវបាន​គេ​មើលឃើញថា ស្ថាប័នរដ្ឋ​មួយចំនួន​នៅ​កម្ពុជា​មិនបាន​បំពេញ​មុខងារ​របស់ខ្លួន​បានល្អ​ប្រសើរ​ឡើយ។ យោងតាម​ការសង្កេត​និង​ការវិភាគ យើង​អាច​និយាយបានថា ការពិត​ដែល​ស្ថាប័នរដ្ឋ​មួយចំនួន​បំពេញ​មុខងារ​របស់ខ្លួន​មិនល្អ​នោះ អាច​បណ្ដាលមកពី​កត្តា​មូលដ្ឋាន​មួយចំនួន​ដូចខាងក្រោម៖     
  
1.    ប្រាក់ខែ​របស់​មន្ត្រីរាជកា​រ​នៅមានកម្រិត​ទាប ចាយ​មិន​គ្រប់ ដែល​ជំរុញ​ឱ្យ​ពួកគេ​មួយចំនួន ឆ្លៀត​លួច​ម៉ោង​រដ្ឋបាល​ទៅធ្វើ​ការងារ​ខាងក្រៅ ដើម្បី​រក​កម្រៃ​បន្ថែម​បង្គ្រប់​ជីវភាព។
2.    មន្ត្រី​មួយចំនួន​ធ្វើការ​តាម​ទម្លាប់ ជាជាង​ធ្វើតាម​ច្បាប់, គោលការណ៍, ផែន​ការណ៍​យុទ្ធសាស្ត្រ, កម្មវិធី ឬ គម្រោង របស់​ស្ថាប័ន។
3.    មន្ត្រីរាជការ​មួយចំនួន​ខ្វះ​មនសិការ​ការងារ សីលធម៌​វិជ្ជាជីវៈ និង មិន​គោរព​ច្បាប់។ ជា​ការណ៍​ពិត បញ្ហា​ជីវភាព​គឺ​រឿង​សំខាន់ ប៉ុន្តែ យើង​ក៏បាន​សង្កេតឃើញថា មាន​មន្ត្រី​មួយចំនួន​ដែលមាន​ប្រាក់ខែ​សមរម្យ​អាចរ​ស់បាន​ហើយក៏​ដោយ ក៏​ពួកគេ​មិនបាន​បំពេញការងារ​ហ្មត់ចត់​ដែរ​ដោយសារតែ​កង្វះ​មនសិការ​នេះឯង។
4.    មន្ត្រីរាជការសំខាន់ៗមួយចំនួន​ធ្វើការ​ខុស​ជំនាញ ដែលជា​ហេតុនាំឱ្យ​ពួកគេ​ធ្វើ​ការមិន​បានល្អ មិនមាន​ប្រសិទ្ធភាព និង មិនទាន់​ពេលវេលា។
5.    យន្តការ​ត្រួតពិនិត្យ​និង​វាយតម្លៃ​ប្រសិទ្ធភាព​ការងារ មិនទាន់មាន​ភាពច្បាស់​លាស់​និង​រឹងមាំ ករណីខ្លះ យក
មន្ត្រី​ពុករលួយ​ទៅ​បង្ក្រាប​អំពើពុករលួយ, យក​មន្ត្រី​មិន​សកម្ម​ទៅ​ត្រួតពិនិត្យ​ប្រសិទ្ធភាព​ការងារ, មន្ត្រី​ដែល​ទៅ​ត្រួតពិនិត្យ​គឺជា​មិត្តភក្ដិ សាច់ញាតិ ឬ អ្នកមាន​ផលប្រយោជន៍​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ដែល​ត្រូវគេ​ត្រួតពិនិត្យ...។
6.    ទំនាស់​ផលប្រយោជន៍៖ ក្នុង​ស្ថាប័ន​មួយចំនួន មន្ត្រី​ថ្នាក់លើ​និង​មន្ត្រី​ខិលខូច អាច​រស់​នៅបាន​ស្រួល រហូតដល់​អាចធ្វើ​ជា​អ្នក​មានបាន, អាច​គេច​ផុតពី​ការចោទប្រកាន់ផ្សេង...ឯ​មន្ត្រី​តូចតាច​និង​មន្ត្រី​ស្មោះត្រង់ ប្រាក់ខែ​ចាយ​មិន​គ្រប់ ហើយ​ថែមទាំង​ត្រូវ​ថ្នាក់លើ ឬ អ្នកកាន់ការ​ខាង​ហិរញ្ញវត្ថុ​កិបកេង​បន្ថែមទៀត, ឯការ​ឡើងបុណ្យស័ក្ដិ ឬ ឋានៈ​ស្ទើរតែ​មិនអាច​ធ្វើទៅបាន​ក្នុង​មួយជីវិត​មន្ត្រីរាជការ...ផ្ទុយទៅវិញ អ្នក​ដែលមាន​ខ្សែ ឬ មាន​លុយ ទើបតែ​ចូលធ្វើការ​ភ្លាម​ក៏​អាច​ឡើង​ឋានៈ​ភ្លាម និង ទទួលបាន​មេដាយ​ភ្លាម​ក៏មានដែរ។ កត្តា​ទាំងអស់​នេះហើយ​ដែល​ជះឥទ្ធិពល​ដល់​ស្មារតី​បំពេញការងារ​របស់​ម​ន្ត្រី​រាជការ។   

7.    អំពើពុករលួយ​និង​និ​ទណ្ឌ​ភាព៖ បានធ្វើ​បាត់បង់​យុត្តិធម៌, តម្លាភាព, ទំនួល​ខុសត្រូវ, គុណភាព​ឬ​ប្រសិទ្ធភាព​ការងារ, ការអនុវត្ត​ច្បាប់ និង ការបំបាត់​ភាព​អសកម្ម​ក្នុង​ស្ថាប័ន។ 
8.    អ្នកធំ​មួយចំនួន​មិនបាន​ធ្វើ​គំរូ​ល្អ​ចំពោះ​អ្នកតូច៖ ដូចជា ការគោរព​ម៉ោង​ពេល, ការគោរព​ច្បាប់, ការប្រកាន់​យុត្តិធម៌, ការចែករម្លែក, ការ​អន់ឱន, ភាព​សកម្ម​ក្នុង​ការងារ, ភាពស្មោះត្រង់, ភាពម៉ឺងម៉ាត់...ប្រសិនបើ​ពួកគេ​ធ្វើ​គំរូ​ល្អ​នោះ អ្នកតូច​ភាគច្រើនបំផុត​ប្រាកដជា​ធ្វើតាម​ដោយ​ឥត​រារែក។  
9.    ខ្វះ​ធនធានមនុស្ស, ហិរញ្ញវត្ថុ, សម្ភារៈ និង បច្ចេកទេស​ក្នុងការ​បំពេញការងារ។
10.    បក្សពួកនិយម៖ ដែលនាំឱ្យ​មានការ​ប្រើប្រាស់​មន្ត្រី​ខុស​ជំនាញ, អំពើពុករលួយ, អំពើ​អ​យុ​ត្តិ​ធ៌, និ​ទណ្ឌ​ភាព,ទំនាស់​ផលប្រយោជន៍ និង ការងារ​គ្មាន​ប្រសិទ្ធភាព។ 

ក្រៅពី​កត្តា​មូលដ្ឋាន​ទាំង​ដប់​នេះ ក៏​នៅមាន​ចំណុច​រួមផ្សំ​ជាច្រើន​ទៀត​ដែរ ដែល​រួមចំណែក​ធ្វើឱ្យ​ស្ថាប័នរដ្ឋ​ភាគច្រើន​មិនអាច​បំពេញ​មុខងារ​រ​បស់​ខ្លួន​បានល្អ​ប្រសើរ។ ដូច្នេះ បើ​យើង​ចង់​កែទម្រង់​ស្ថាប័ន​របស់​យើង​ឱ្យ​អាចបំពេញ​មុខងារ​រប​ស់​ខ្លួន​បានល្អ​ប្រសើរ លុះត្រាតែ​យើង​ហ៊ាន​កែលម្អ​ចំណុច​ទាំង​ដប់​ដូចដែល​បានលើកឡើង​ខាងលើនេះ បើ​មិន​ដូច្នោះ​ទេ ស្ថាប័ន​របស់​យើង​នៅតែ​បន្ត​មាន​ស្ថានភាព​ដូច​សព្វថ្ងៃ ហើយ​ការអភិវឌ្ឍ​ប្រទេស​ក៏មិនអាច​ប្រព្រឹត្តិទៅបាន​រលូន​ដែរ៕  

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?