ប្រធាន​បក្ស​ប្រឆាំង​ចេញ​ទៅ​សហគមន៍​អឺរ៉ុប​ភ្លាមៗ​បន្ទាប់​ពី​ភ្ជុំបិណ្ឌ​រួច

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញទៅ​សហគមន៍​អឺរ៉ុប​ភ្លាមៗ កាលពី​យប់​ថ្ងៃទី​១២ តុលា បន្ទាប់ពី​ពិធី​ភ្ជុំបិណ្ឌ​បាន​បញ្ចប់

មន្ត្រី​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​នៅ​ថ្ងៃទី​១៣ តុលា​ថា លោក សម រង្ស៊ី មាន​បេសកម្ម​រយៈពេល​៣​សប្ដាហ៍ នៅ​សហគមន៍​អឺរ៉ុប និង​ប្រទេស​ដទៃទៀត ដើម្បី បើក​កិច្ចប្រជុំ​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីនោះ។

លោក យឹម សុវណ្ណ មិនបាន​បញ្ជាក់​លំអិត​នោះទេ ថា​តើ​លោក សម រង្ស៊ី នឹង​ជួបប្រជុំ​ជាមួយ អ្នកណាខ្លះ និង​ជជែក​ពី​បញ្ហា​អ្វី​ពិតប្រាកដ​នោះ?។

ទាក់ទង​និង​ផែនការ​បង្រួបបង្រួម​ជាមួយ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច វិញ លោក យឹម សុវណ្ណ អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​មានបំណង​ចងសម្ព័ន្ធ​ជាមួយ​អ្នកប្រជាធិបតេយ្យ និង​អ្នករាជានិយម។ ប៉ុន្តែ​នៅ​ពេល​សួរថា តើ​លោក សម រង្ស៊ី នឹង​អាច​ជួប​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ​នៅ​ប្រទេស​បារាំង​អំពី​ផែនការ​បង្រួបបង្រួម​គ្នា​នេះដែរ​ឬទេ? លោក យឹម សុវណ្ណ មិនបាន​បង្ហើប​ប្រាប់​ពី​បញ្ហា​នេះ លំអិត​ឡើយ«»

ការចាកចេញ​របស់លោក សម រង្ស៊ី ភ្លាមៗ​ក្រោយពី​ពិធី​ភ្ជុំបិណ្ឌ​បានបញ្ចប់ គឺ​នៅ​បន្ទាប់ពី​លោក បាន​ជួប​លោក ស ខេង ជា​អនុប្រធាន​គណបក្ស​ប្រជ​ន​កម្ពុជា​នៅ​វិមាន​រដ្ឋសភា​កាលពី​ថ្ងៃទី​៩​តុលា ជជែក​ពី​ការធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់ ប៉ុន្តែ​លោក សម រង្ស៊ី បាន​ខកបំណង ដោយសារតែ​លោក​ព្យាយាម​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជាមួយ​លោក ស ខេង សុំ​ឲ្យ​ដោះលែង​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១៥​នាក់ កំពុង​ជាប់ឃុំ​នោះ​វិញ តែ​ត្រូវ​បាន លោក ស ខេង បដិសេធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។