សហគមន៍​ព្រៃឈើ​ខេត្ត​ព្រះវិហារ​ស្នើ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ព្រះរកា

ព្រៃព្រះរកា ដែល​មាន​​ទំហំដី​​​ជិត​១០ម៉ឺនហិកតា នៅ​ក្នុង​​ភូមិ​សាស្រ្តប្រជុំ ស្រុក​ចំនួន​៣​ នៃ​ខេត្ត​ព្រះវិហារ គឺ​ជាតំបន់​ព្រៃស្រោង និង​ជា​ដែន​ជម្រក​សត្វព្រៃ ដែល​នៅ​សេសសល់ ចុង​ក្រោយ​ក្នុង​ប្រទេស​កម្ពុជា។

ក៏ប៉ុន្តែ​ពេល​បច្ចុប្បន្ន តំបន់​ព្រៃ​ព្រះរកា ក៏​កំពុង​ទទួល​រង​ការ​កាប់​ឈើ យក​ទៅ​ជួញ​ដូរ​ខុសច្បាប់ ព្រមទាំង​ការរុក​រាន​យកដី​ជាបន្តបន្ទាប់។

បណ្ដាញ​សហគមន៍​ការពារព្រៃឈើ នៅ​ខេត្ត​ព្រះវិហារ បាន​អំពាវនាវ ឱ្យ​មន្ត្រី​រដ្ឋាភិបាល​និង​ជំនាញ​​ពាក់ព័ន្ធ ​ជួយចាត់វិធានការ​ជាបន្ទាន់ ដើម្បីការពារ ទប់ស្កាត់​សកម្មភាព កាប់ឈើ​នៅ​ក្នុង​ព្រៃ​ព្រះរកា យកទៅ​ជួញដូរ ខុសច្បាប់​ដែល​កំពុង​កើត​ឡើង​ជារៀងរាល់ថ្ងៃ។

មន្ត្រី​បណ្ដាញ​សកម្មភាព ដើម្បី​សហគមន៍ នៅខេត្ត​ព្រះវិហារ គឺ​លោក ពេជ្រ ព័ន្ធ អះអាង​នៅ​រសៀល​ថ្ងៃអង្គារ ទី​១៣ ខែ​តុលា ថា បច្ចុប្បន្ន​មាន​ជន​ចំណាក​ស្រុក​ជាច្រើន ព្រមទាំង​ទាហាន​រួម​​ជាមួយ​និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់ខ្លះ​ផង តែង​នាំគ្នា​ចូល​ទៅ​កាប់​ឈើ​ខុសច្បាប់ នៅ​ក្នុង​តំបន់ព្រៃ​ព្រះ​រកា ដែល​ជាព្រៃ​ការពារ៖ «១ថ្ងៃៗម៉ាស៊ីន សឹង​តែ​រាប់​រយ គេអារឈើតាប់ គេអារឈើ​ដុំ យក​ទៅ​លក់​នៅ​តាម​សិប្បកម្ម​ឯណេះ​បន្តិច ឯណោះ​បន្តិច»។

ទោះយ៉ាងណា​វិទ្យុ​អាស៊ី​សេរី មិន​អាចទាក់ទង​នាយខ័ណ្ឌ​រដ្ឋបាលព្រៃឈើ ខេត្ត​ព្រះវិហារ លោក អ៊ិត ភូមិរ៉ា និង​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ នៅតំបន់ព្រៃព្រះរកា ដើម្បី​សុំ​ការ​បំភ្លឺ​ ជុំវិញ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ព្រះ​រកា​នោះ បាន​ថា​យ៉ាងណានៅឡើយ នៅ​ថ្ងៃ​ទី​១៣ តុលា

ចំណែក​មន្ត្រីផ្នែក​តស៊ូ​មតិ របស់​អង្គការ​ពន្លក​ខ្មែរ ដែល​ធ្វើ​ការពាក់ព័ន្ធ និង​កិច្ចការពារ​ព្រៃឈើ លោក​ប៉ិក សោភ័ណ អះអាងប្រហាក់ប្រហែលគ្នា​​​និង​​​​​បណ្ដាញ​សហគមន៍​ដែរថា​ បច្ចុប្បន្ន​​​ព្រៃ​ព្រះរកា ដែល​ស្ថិតនៅ​ភូមិ​សាស្ត្រ​ប្រជុំ ស្រុក​ចំនួន​របស់​ខេត្ត​ព្រះវិហារ មាន​ស្រុក​ជាំក្សាន្ត ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ គឺ​កំពុង​ទទួលរងការ​កាប់បំផ្លាញ យក​ទៅធ្វើ​អាជីវកម្ម​ខុសច្បាប់ យ៉ាងអនា​ធិប​តេយ្យ។ លោក ប៉ិក សោភ័ណ បញ្ជាក់​ថា​សកម្មភាព​កាប់ឈើ​ខុសច្បាប់​ទាំងនោះ កំពុង​កើត​មាន​នៅ​ភាគ​ខាងជើង ឆៀង​ខាងកើត ក្នុង​ទឹកដីស្រុក​ជាំក្សាន្ត«គេ​ឃើញ​មាន​ទាហាន​ចេញ​ពី​កងពល​នៅ​ខាង​ជាំក្សាន្ត គេកាប់យក​ឈើ​លក់​ ហើយ​បន្ទាប់មកទៀត នៅ​ពេល​ដែល​វាល​ព្រៃ​អស់ ទៅ​គឺ​គេ​នឹង​យក​ដី»។

ក្រុម​បណ្ដាញសហគមន៍ការព្រៃឈើ បាន​រិះគន់ថា ពេល​បច្ចុប្បន្ន​មាន​​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន ដូច​ជា​ខាង​រដ្ឋបាល​ព្រៃឈើ កងរាជ​អាវុធហត្ថ និង​ប៉ូលីស​សេដ្ឋកិច្ច​ជាដើម ​បាន​រាយបណ្ដាក់​គ្នា​​នៅ​តាមដងផ្លូវសំខាន់ៗ ដែល​ចេញ​ចូល​ទៅ​កាន់​តំបន់​ព្រៃព្រះរកា ប៉ុន្តែ​សមត្ថកិច្ច​ទាំងនោះ មិន​បង្ក្រាប​សកម្មភាព កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ឡើយ គឺ​រង់ចាំ​ទារលុយ​ពីអ្នក​ដឹកឈើ​​​ប៉ុណ្ណោះ។

ព្រៃ​ព្រះរកា មាន​ទំហំ​ប្រមាណ៩ម៉ឺន ៨ពាន់​ហិកតា ដែល​ជា​ព្រៃឈើ​នៅ​សេសសល់​ចុងក្រោយបន្ទាប់​ពី​តំបន់​ព្រៃឡង់​ដ៏ធំ នៅ​ជាប់ភូមិសាស្រ្ត​ខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង កំពុង​រង​ការ​វិនាស បន្ទាប់ពី​​រដ្ឋាភិបាល​ផ្ដល់ដីសម្បទាន​សេដ្ឋកិច្ច ជាច្រើនម៉ឺន​ហិកតា ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម​​មក​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។