ចប់​ការ​ប្រកួត កម្ពុជា ចាញ់​ម្ចាស់​ផ្ទះ​ សិង្ហបុរី​ ២-១

ចប់​ការ​ប្រកួត កម្ពុជា ចាញ់​ម្ចាស់​ផ្ទះ​ សិង្ហបុរី​ ២-១

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បានចាញ់​​ម្ចាស់​ផ្ទះ​សិង្ហបុរី​ក្នុង​លទ្ធផល​ ​២-១ ​សម្រាប់​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​​ឆ្នាំ​២០១៨​ នៅ​ពូល​ E តំបន់​អាស៊ី​ ជុំ​ទី​ពីរ​ ជើង​ទី​ពីរ។

ចប់​ការ​ប្រកួត កម្ពុជា ចាញ់​ម្ចាស់​ផ្ទះ​ សិង្ហបុរី​ ២-១

 

នៅ​តង់​ទី​១ ក្រុម​ម្ចាស់​ផ្ទះ​បាន​ទម្លាយ​សំណាញ់​ទី​របស់​កម្ពុជា​បាន​១​គ្រាប់​នៅ​នាទី​ទី​១៦ ដោយ​ខ្សែ​ប្រយុទ្ធ​ Faris Ramli បន្ទាប់​ពី​ទទួល​បាន​បាល់​តែត​ពី​ខ្សែ​បម្រើ។ ទោះ​បី​ជា​កម្ពុជា​មិន​អាច​ស្វែង​រក​គ្រាប់​បាល់​បាន ប៉ុន្តែ​ក្រុម​ភ្ញៀវ​កម្ពុជា​ធ្វើ​បាន​ល្អ​​គួរ​ឲ្យ​កត់​សំគាល់​ដែល​បង្ខំ​ឲ្យ​​កីឡាករ​សិង្ហបុរី​ព្យាយាម​ដក​ថយ​ទៅ​ការពារ​យ៉ាង​លឿន​ដោយ​មិន​សូវ​លេង​ដណ្តើម​បាល់ពី​ខ្សែ​ការពារ​កម្ពុជា​ឡើយ។ កម្ពុជា​​ទទួល​បាន​ឱកាស​ពិសេស​មួយ​ស៊ុត​បាល់យ៉ាង​ល្អ​ពី​ខ្សែ​បម្រើ​សុះ ស៊ូហាណា​ នៅ​នាទី​២២ ប៉ុន្តែ​ត្រូវ​បាន​អ្នក​ចាំ​ទី​សង្ហបុរី​ជួយ​សង្គ្រោះ​បាន។ នៅ​ចុង​តង់​ សិង្ហបុរី បាន​បាល់​ពិន័យ​១១​​ម៉ែត្រ បន្ទាប់​បាល់ប៉ះ​ដៃ​ខ្សែ​ការពារ​កម្ពុជា ណុប តុលា ដែល​ទទួល​​បាន​កាត​លឿង។ យ៉ាង​ណា គ្រាប់​បាល់​ពិន័យ​​នេះ​ត្រូវ​បាន​អ្នក​ចាំ​ទី​វ័យ​ក្មេង អ៊ុំ សេរីរ័ត្ន ​ជួយ​សង្គ្រោះ​បាន។ ចប់​តង់​ទី​១ សិង្ហបុរី នាំមុខ​កម្ពុជា ១-០។

 

ចំណែក​នៅ​តង់​ទី​ពីរ សិង្ហបុរី​បាន​វាយ​សម្រុក​យ៉ាង​ខ្លាំង​នៅ​ដើម​តង់​​រហូត​អាច​រក​បាន​១​គ្រាប់​ទៀត​ដោយ​កីឡាករ​  Fazrul Nawaz នៅ​នាទី​ទី​៤៧​ បន្ទាប់​ខ្សែ​ការពារ​ ញឹម សុវណ្ណារ៉ា បោះ​បាល់​​មិន​បាន​ល្អ​ដែល​បណ្តាល​ឲ្យ​ខ្សែ​ប្រយុទ្ធ​សិង្ហបុរី​ដណ្តើម​បាន និង​ស៊ុត​ចូល​យ៉ាង​ស្អាត។ បន្ទាប់​​មក​ទៀត ម្ចាស់​ផ្ទះ​នៅ​តែ​វាយ​សម្រុក និង​មាន​ឱកាស​ស៊ុត​ជា​ច្រើន​លើក ប៉ុន្តែ​ត្រូវ​បាន​អ្នក​ចាំ​ទី​វ័យ​ក្មេង​ សេរីរ័ត្ន ជួយ​សង្គ្រោះ​បាន​ជា​ច្រើន​លើក។

 

នៅ​នាទី​ទី​៦៥ កម្ពុជា​បាន​ទម្លាយ​សំណាញ់​ទី​​របស់​សិង្ហបុរី​បាន​១​គ្រាប់​វិញ​ដោយ​ខ្សែ​បម្រើ​មក​ពី​ក្លិប​ភ្នំពេញ​ក្រោន សុះ ស៊ូហាណា បន្ទាប់​ពី​តារា​វ័យ​ក្មេង​មក​ពី​​បឹងកេត​អង្គរ ចាន់ វឌ្ឍនាកា អ៊ូស​បាល់​​ចូល​តំបន់​គ្រោះ​ថ្នាក់ និង​បញ្ជូន​បាល់​យ៉ាង​ល្អ។ ការ​ទម្លាយ​សំណាញ់​ទី​ដៃ​គូ​នេះ​ត្រូវ​​​នឹង​អ្វី​ដែល​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​សង្ឃឹម​ថា ក្រុម​របស់​លោក​អាច​​រក​គ្រាប់​បាល់បាន។

 

កាល​ពី​ជើង​ទី១​នៅ​ពហុកីឡដ្ឋាន​ជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ សិង្ហបុរី​បាន​យក​ឈ្នះ​កម្ពុជា​៤-០ ដែល​ពេល​នោះ​​គ្រាប់​ទី ១ រក​​បាន​ដោយ​កីឡាករ Khairul Amri នាទី​ទី ៩ គ្រាប់​ទី ២ រក​​បាន​ដោយ​កីឡាករ​ Safuwan Baharudin ​នាទី​ទី ២១ គ្រាប់​ទី ៣ រក​បាន​ដោយ Safuwan Baharudin  ដដែល​នៅ​នាទី​ទី​៣៥ និង​គ្រាប់​ទី​៤​ដោយ​ Fazrul Nawaz នៅ​នាទី​ទី​៥៥៕

 

 

ចប់​ការ​ប្រកួត កម្ពុជា ចាញ់​ម្ចាស់​ផ្ទះ​ សិង្ហបុរី​ ២-១

អត្ថបទ៖ ជាន ចាន់រ៉ា​