សាលាក្ដី​ខ្មែរ​ក្រហម​ផ្អាក​សវនាការ​ពីរ​សប្ដាហ៍​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ប្រកាសពន្យារ​ពេល​សវនាការ រហូត​ដល់​ពីរ​សប្ដាហ៍​បន្ត​ទៀត។ ការ​ពន្យា​ពេល​នេះ បន្ទាប់​ពី​បាន​ផ្អាក​សវនាការ​ចាប់​តាំង​ពី​ថ្ងៃ​ពុធ ទី៧ តុលា​មក។ ដែល​សវនាការ​ស្ដាប់​សាក្សី​ក្នុង​សំណុំរឿង​០០២ វគ្គ​២ បន្ត នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ។

អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ជូន​ដំណឹង​ថា​នឹង​មិន​ធ្វើ​សវនាការ​ទេ ក្នុង​សប្ដាហ៍​បុណ្យ​ភ្ជុំបិណ្ឌ​ហើយ និង​សប្ដាហ៍​ក្រោយ​ គឺ​ចាប់​ពី​ថ្ងៃ​ទី ១៩ ដល់​ថ្ងៃ​ទី ២២ តុលា។

មន្ត្រី​នាំពាក្យ​នៃ​សាលាក្ដី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា ការ​ផ្អាក​សវនាការ​នេះ គឺ​ជា​ការ​ជូន​ដំណឹង​សម្រាប់​រយៈ​ពេល​ពីរ​សប្ដាហ៍​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ។ លោក​ថា អង្គ​ជំនុំជម្រះ​នៅ​មិន​ទាន់​អាច​បញ្ជាក់​អំពី​សវនាការ​បន្ត​នៅ​ឡើយ​ទេ៖ «អ៊ីចឹង​បន្ទាប់​ពី​ថ្ងៃ​ហ្នឹង​ទៅ នៅ​ក្នុង​សប្ដាហ៍​បន្ទាប់​ទៀត​នៅ​ចុង​ខែ​តុលា​ហ្នឹង អាច​នឹង​មាន​សវនាការ​ជា​ធម្មតា​ឡើង​វិញ»។

លោក​បញ្ជាក់​ថា មូលហេតុ​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង គឺ​ធ្វើ​ឡើង​តាម​ការ​ចាំបាច់ ដោយ​ផ្អែក​លើ​សំណើសុំ​នានា របស់​ភាគី​ក្នុង​រឿង​ក្ដី ដែល​សុំ​ពេល​វេលា​បន្ថែម ដើម្បី​ត្រៀម​ខ្លួន​រៀបចំ​សម្រាប់​សវនាការ​លើ​បណ្ដឹង​សាទុក្ខ ក្នុង​សំណុំរឿង ០០២ វគ្គ ១។ បណ្ដឹង​សាទុក្ខ​សំណុំរឿង​០០២ វគ្គ​១ នឹង​ត្រូវ​តុលាការ​កំពូល​លើក​យក​ទៅ​ធ្វើ​សវនាការ ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់ ១៨ ខែ​វិច្ឆិកា ខាង​មុខ។

មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ​កាល​ថ្ងៃ​ពុធ ទី​៧ តុលា ស្នើសុំ​ទៅ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង ឱ្យ​ផ្អាក​សវនាការ រយៈ​ពេល​ប្រាំ​សប្ដាហ៍ គឺ​រហូត​ដល់​តុលាការ​កំពូល​ធ្វើ​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​សំណុំរឿង ០០២ វគ្គ១ ចប់​រួច​រាល់។ បណ្ដឹង​សាទុក្ខ​សំណុំរឿង ០០២ វគ្គ១ ភាគី​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ នួន ជា និង ខៀវ សំផន មាន​ទឡ្ហីករណ៍​ជំទាស់​ប្រមាណ ២០០​ចំណុច​ក្នុង​ម្នាក់ៗ។

ការ​ផ្អាក​សវនាការ​រហូត​ដល់​ថ្ងៃ​ទី ២២ តុលា គឺ​ជា​រយៈ​ពេល​ដប់​មួយ​ថ្ងៃ ដែល​សហ​ព្រះរាជអាជ្ញា​ថា សម​ស្រប​សម្រាប់​ភាគី​ខ្លួន។ សហ​ព្រះរាជអាជ្ញា​អន្តរជាតិ លោក នីកូឡាស គូមចៀន (Nicolas Koumjian) ថ្លែង​ថា ការ​សុំ​ឱ្យ​ផ្អាក​សវនាការ​រយៈ​ពេល​ប្រាំ​សប្ដាហ៍ គឺ​យូរ​ពេក៖ «ការ​ស្នើសុំ​រយៈ​ពេល ៥​ ឬ ៦​សប្ដាហ៍​វា​ដូច​ជា​​ហួសហេតុ​ពេក ហើយ​វា​ជា​ការ​ទាមទារ​មិន​សមរម្យ​សម្រាប់​តុលាការ​នេះ។ ចំពោះ​ខ្ញុំ ខ្ញុំ​សូម​បញ្ជាក់​ថា សហ​ព្រះរាជអាជ្ញា​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​បណ្ដឹង​សាទុក្ខ​ទាំង​ពីរ​នេះ​ទៀត គឺ​យើង​ត្រូវ​ត្រៀម​ឆ្លើយ​ទៅ​នឹង​មូលដ្ឋាន​ ២២៧ របស់​​ខាង នួន ជា ហើយ​​​ខាង ខៀវ សំផន ប្រហែល ២០០ មូលដ្ឋាន​ទៀត។ ដូច្នេះ​ខ្ញុំ​គិត​ថា ខាង​ព្រះរាជអាជ្ញា ១១​ថ្ងៃ​ គឺ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ»

ដោយ​ឡែក​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ ខៀវ សំផន អ្នកស្រី អង់តា ហ្គីហ្សេ (Anta Guisse) ឆ្លើយតប​ថា ភាគី​អ្នកស្រី​ត្រូវ​ការ​ពេល​វេលា​ត្រៀម​យូរ ព្រោះ​ភាគី​អ្នកស្រី​មាន​គ្នា​តិច ខុស​ពី​ភាគី​សហ​ព្រះរាជអាជ្ញា និង​មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី៖ «ទោះ​បី​រៀបចំ​សវនាការ​លើ​បណ្ដឹង​សាទុក្ខ ឬ​រៀបចំ​សវនាការ​លើ​សំណុំរឿង​យើង​នេះ គឺ​យើង​មាន​មេធាវី​ដដែលៗ ទេ។ ប៉ុន្តែ​ខាង​ម្ខាង​ទៀត មាន​មេធាវី​ច្រើន។ ទោះ​បី​មេធាវី​នាំ​មុខ​ដដែលៗ ក៏​ដោយ ក៏​ប៉ុន្តែ​គាត់​មាន​សហ​មេធាវី​មក​ជួយ​សួរ​សាក្សី។ អ៊ីចឹង​គាត់​មាន​គ្នា​ច្រើន ហើយ​សហ​ព្រះរាជអាជ្ញា​គាត់​មាន​ការងារ​ច្រើន ក៏​ប៉ុន្តែ​គាត់​ឆ្លាស់​វេន​គ្នា មាន​សហ​ព្រះរាជអាជ្ញា​រង​មាន​អី​ច្រើន​ឆ្លាស់​វេន​គ្នា​មក​សួរ​នាំ។ ប៉ុន្តែ​យើង​អត់​ស្ថិត​ក្នុង​ស្ថានភាព​ដូច​គ្នា​ទេ»

អ្នកស្រី​ថ្លែង​ថា ទោះ​បី​ជា​តុលាការ​កំពូល​នឹង​ធ្វើ​សវនាការ​រយៈ​ពេល​ខ្លី​ក៏​ដោយ ក៏​ភាគី​អ្នក​ស្រី​ត្រូវ​ការ​ពេល​វេលា​ច្រើន​ដែរ ដើម្បី​ពិនិត្យ​ជ្រើសរើស​ចំណុច​សារណា​ឡើង​វិញ​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ការពារ​កូនក្ដី​ខ្លួន។

ស្រប​គ្នា​នេះ មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ នួន ជា គឺ​លោក វិកទ័រ កូប៉េ (Victor Koppe) រំពឹង​ថា តុលាការ​កំពូល​នឹង​កោះហៅ​សាក្សី​មួយ​ចំនួន ហើយ​នៅ​ពេល​នេះ លោក​មាន​សំណើសុំ​កោះ​ហៅ​សាក្សី​ចំនួន ១៣​សំណើ ដែល​មិន​ទាន់​សម្រេច​នៅ​ឡើយ។ លោក​ថា សាក្សី​ទាំង​នោះ តុលាការ​កំពូល​ស៊ើបអង្កេត​រួច​ហើយ ហើយ​លោក​នឹង​រង់ចាំ​ទទួល​ដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី​៩ ឬ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា។ លោក វិកទ័រ កូប៉េ ក៏​ចង់​ឱ្យ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ស្ដាប់​សាក្សី​លេខ​សម្គាល់ ៩៩៦ ក្នុង​សំណុំរឿង ០០២ វគ្គ ២ ដែរ មុន​ពេល​តុលាការ​កំពូល​ធ្វើ​សវនាការ​លើ​បណ្ដឹង​សាទុក្ខ។

ទាក់ទង​សំណើសុំ​នេះ​ អង្គ​ជំនុំជម្រះ​សាលាដំបូង​បញ្ជាក់​ថា ការ​សម្រេច​ផ្អាក​សវនាការ​នេះ​ក៏​ជា​ការ​ចាំបាច់ ដើម្បី​អង្គ​ជំនុំជម្រះ​រៀបចំ​កញ្ចប់​សេចក្ដី​សម្រេច​សំខាន់ៗ មួយ​ចំនួន ទៅ​លើ​សំណើ​នានា ដែល​ភាគី​ដាក់​ជូន​អង្គ​ជំនុំជម្រះ ដោយ​អង្គ​ជំនុំជម្រះ​យល់​ឃើញ​ថា គួរ​ចេញ​សេចក្ដី​សម្រេច​លើ​សំណើ​ទាំង​នេះ​ឱ្យ​រួច​រាល់ មុន​ស្ដាប់​សក្ខីកម្ម​សាក្សី​បន្ថែម​ទៀត​នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ​២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។