សម្តេច​ហ៊ុនសែន ជួប​រដ្ឋមន្ត្រី​គណៈ​ទាក់ទង​អន្តរជាតិ​នៃ​បក្ស​កុម្មុយនីស្ត​ចិន នៅ​ទីក្រុង​ប៉េកាំង​

ភ្នំពេញ: នៅ​រាត្រី​ថ្ងៃទី​១៣​តុលា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Wang Jianui រដ្ឋមន្ត្រី​គណៈ​ទាក់ទង​អន្តរជាតិ​នៃ​បក្ស​កុម្មុយនីស្ត​ចិន​។ ក្នុងជំនួប​ពិភាក្សា ដែល​ធ្វើឡើង​មុន​ពិធី​ទទួលទាន​អាហារ​ពេល​រាត្រី លោក Wang Jianui មានប្រសាសន៍​សំដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ចំពោះ​វត្តមាន​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អញ្ជើញ មកកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន សាជាថ្មី​ម្តងទៀត ដើម្បី​ចូលរួម​សន្និសីទ​ពិសេស​របស់​គណបក្សនយោបាយ នៅ​អាស៊ី ស្តីពី ផ្លូវ​សូត្រ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន​។​

​សម្តេច​ប៊ុនរ៉ានី ភរិយា​សម្តេច​ហ៊ុនសែន ដែល​បាន​អញ្ជើញ​ទៅកាន់​ប្រទេស​ចិន​រួមគ្នា ក៏បាន​លើកឡើងថា ក្នុង​កិច្ចប្រជុំ​នោះ លោក Wang Jianui  មានប្រសាសន៍​បន្តថា នេះ​គឺជា​លើក​ទី​៣​ហើយ ដែល​លោក​បាន​ជួបពិភាក្សា បន្ទាប់ពី​ជំនួប​លើក​ទី​២ នៅ​ទីក្រុង​សៀង​ហៃ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លងទៅ​។ ក្នុងជំនួប​ពិភាក្សា​នោះដែរ លោក Wang Jianui មានប្រសាសន៍​បន្តថា ការជួបពិភាក្សា​ជាមួយ​សម្តេច ហ៊ុន សែន នៅពេលនេះ គឺ​ដើម្បី​បង្កើន​នូវ​ភាពស្និទ្ធស្នាល និង​ដើម្បី​កិច្ចការ​លើ​គ្រប់​វិស័យ សម្រាប់​ប្រទេស​ទាំងពីរ ដោយសារតែ​កម្ពុជា ចិន គឺជា​ប្រទេស​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ហើយ​ការជួបគ្នា នៅពេលនេះ គឺ​ដើម្បី​ធ្វើឡើង​មុន​ជំនួប​រវាង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជាមួយនឹង​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង នៅ​ថ្ងៃទី​១៥​តុលា ខាងមុខ​។

​ក្នុងជំនួប​ពិភាក្សាគ្នា​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​លោក Wang Jianui បានធ្វើ ការពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់ ពិសេស​ការផ្លាស់ប្តូរ​នូវ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក អំពី​សភាពការណ៍​តំបន់ សភាពការណ៍​នៃ​ការវិវត្តន៍​ថ្មី​របស់​ពិភពលោក​។​

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែលជា​និច្ចកាល​តែងតែ​ជួយ​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ឡើងវិញ​។

​សម្តេច​តេ​ជោ​បន្តថា ការរីកចំរើន​របស់​កម្ពុជា​នៅពេល​បច្ចុប្បន្ន គឺ​មិនអាច​កាត់ផ្តាច់​ចេញពី​ការផ្តល់​ជំនួយឥតសំណង និង​កម្ចីសម្បទាន​រប​ស់​ប្រទេស​ចិន​នោះទេ ដូច្នេះ​បានបង្ហាញ​ឲ្យ​ឃើញថា ប្រទេស​ចិន បានរួម​ចំណែក​យ៉ា​សកម្ម​ដល់​ការជំរុញ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ឡើងវិញ​។

​ក្នុងជំនួប​ពិភាក្សាគ្នា​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​លោក Wang Jianui បាន​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​ក្នុង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា ជំរុញ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ កម្ពុជា ចិន ឲ្យ​កើនឡើង​រហូតដល់ ៥​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៧ ដែល​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ បាន​សន្យា​រួមគ្នា នាពេល​កន្លងមក​។​

​បន្ទាប់ពី​បញ្ចា​ប់​នូវ​កិច្ចសន្ទនា​គ្នា​រួចមក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជ រដ្ឋាភិបាល​កម្ពុជា និង​លោក Wang Jianui រដ្ឋមន្ត្រី​គណៈ​ទាក់ទង​អន្តរជាតិ​នៃ​បក្ស​កុម្មុយនីស្ត​ចិន និង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ទទួលទាន​អាហារ​ពេល​រាត្រី ក្នុង​បរិយាកាស​ស្និទ្ធ​ស្នាល​រ៉ា​ក់​ទាក់​បំផុត​៕​

សម្តេច​ហ៊ុនសែន ជួប​រដ្ឋមន្ត្រី​គណៈ​ទាក់ទង​អន្តរជាតិ​នៃ​បក្ស​កុម្មុយនីស្ត​ចិន នៅ​ទីក្រុង​ប៉េកាំង​

សម្តេច​ហ៊ុនសែន ជួប​រដ្ឋមន្ត្រី​គណៈ​ទាក់ទង​អន្តរជាតិ​នៃ​បក្ស​កុម្មុយនីស្ត​ចិន នៅ​ទីក្រុង​ប៉េកាំង​
សម្តេចហ៊ុនសែន ជួបលោក Wang Jianui រដ្ឋមន្ត្រី​គណៈ​ទាក់ទង​អន្តរជាតិ​នៃ​បក្ស​កុម្មុយនីស្ត​ចិន នារាត្រីថ្ងៃទី១៣តុលា នៅទីក្រុងប៉េកាំង​
( រូបភាព និងអត្ថបទ​ពីហ្វេសប៊ុករបស់​សម្តេចប៊ុនរ៉ានី )