ភេសជ្ជៈ ​៥ យ៉ាងមាន​គុណប្រយោជន៍​ដល់​សុខភាព​របស់អ្នក​

នៅ​ពេល​អ្នក​សញ្ជឹង​គិត​ដល់​ភេសជ្ជៈ ​ដែល​ល្អប្រសើរ​ចំពោះ​សុខភាព​របស់​អ្នក​ អ្នក​នឹងគិត​ដល់​ទឹក​ភ្លាម​មួយ​រំពេច ​ប៉ុន្ដែ​ក្រៅពី​ទឹក ​នៅមាន​ភេសជ្ជៈ​ប្រណីត​ដទៃទៀត ​មាន​គុណ​សម្បត្ដិ​អស្ចារ្យ​ដែល​អ្នកគួរ​ដាក់​បញ្ចូល​ទៅក្នុង​របប​អាហារ​របស់អ្នក​។ លោក​វេជ្ជបណ្ឌិត​ Dan Nadeau នាយក​វេជ្ជសាស្រ្ដ​ នៃមន្ទីរ​ពេទ្យ ​Exeter ស្ថិត​ក្នុងរដ្ឋ ​ New Hampshire  បំរើ​ការនៅ​មជ្ឈ​មណ្ឌល​ជំងឺ​ទឹកនោម​ផ្អែម​ អន្ដោ​បញ្ច័ន​វិជ្ជា(​ការសិក្សា​អំពី​ក្រពេញ​ដែល​ផលិត​សារ​ធាតុ​ក្នុងខ្លួន​) និង​អាហារូប​ត្ថម្ភ​បាន​មាន​ប្រសាសន៍ថា”​ភេសជ្ជៈ​មួយ​ចំនួន​ផ្ដល់​គុណ​ប្រយោជន៍​ចំពោះ​សុខភាព​យ៉ាង​មហាសាល ​រាប់តាំង​ពីការ​ជួយ​ឱ្យធូរ​ស្បើយ​នូវអាការៈ​តូច​តាច​ដូចជា ​វិបត្ដិ​រំលាយ​អាហារ ​រហូត​ដល់​ប្រសិទ្ធភាព​ការពារ​ប្រឆាំង​នឹងវិបត្ដិធ្ងន់​ធ្ងរ​ដូចជា ​ជំងឺពុក​ឆ្អឹងជាដើម​”។ ខាង​ក្រោម​នេះ​  Cool News សូម​ណែនាំ​ប្រិយមិត្ដ​នូវភេសជ្ជៈ​ ៤យ៉ាង​ដែល​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​នឹងជំងឺ​ និងងាយ​ស្រួល​ក្នុងការ​ទទួលទាន៖​
ភេសជ្ជៈ ​៥ យ៉ាងមាន​គុណប្រយោជន៍​ដល់​សុខភាព​របស់អ្នក​
តែ​បៃតង៖ ​ភេសជ្ជៈ​នេះ​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃការ​កើត​ជំងឺ​ពុកឆ្អឹង​ ជំងឺ​មហារីក​ ជំងឺ​បេះដូង ​និងអាការៈ​ធ្មេញ​ប្រហោង។​ តែបៃតង​សម្បូរ​ទៅ​ដោយ​បណ្ដុំ​សារធាតុ​ Flavonoids និងសារ​ធាតុ ​Polyphenols ជាអុក​ស៊ីដកម្ម​ធម្មជាតិ​ ដែល​អាច​ការពារ​កោសិកា​ពីសារធាតុ​បង្កជំងឺ​មហារីក(​carcinogens) និងទប់​ស្កាត់​ការលូត​លាស់​ដុំគីស​ដោយ​ការ​ជួយ​កម្ចាត់​ចោល​សារធាតុ ​Free Radical នៅ​ក្នុងរាង​កាយ​។ លើស​ពីនេះ​ទៀត ​សារធាតុ​ប្រឆាំង​អុកស៊ី​ដកម្ម​របស់​តែបៃតង​ជួយ​ការពារ​ជំងឺបេះដូង​ ដោយការ​ធ្វើឱ្យសរសៃ​ឈាម​បាន​សម្រាក​ ទប់ស្កាត់​ការកកើត​នៃកំណក​ឈាម​ ដែល​ធ្វើឱ្យ​ស្ទះ​សរសៃ​ឈាម​បេះដូង ​និងដាច់​សរសៃ​ឈាម​ក្នុងខួរក្បាល​។ ម្យ៉ាង​ទៀត ​តែបៃតងក៏​មាន​ផ្ទុកនូវ​សារធាតុ​ ហ្វ្ល័រអឺរ៉ាយ ​ដែល​ធ្វើឱ្យ​ធ្មេញ​ឱ្យរឹងមាំ​ សារ​ធាតុ Flavonoids​ អាច​ពង្រឹង​ឆ្អឹងឱ្យរឹង​មាំ ​ព្រម​ទាំងកាត់​បន្ថយ​នៃជំងឺ​ពុក​ឆ្អឹង​ និងជំងឺ​ពុក​ធ្មេញ​ផងដែរ។​
ទឹក​ដោះ​គោផ្ទុក​ជាតិខ្លាញ់​ទាប៖ ទឹក​ដោះ​គោ​ប្រភេទ​នេះជួយ​បំបាត់​ការឃ្លាន​អាហារ ​និងជួយ​ការពាប្រឆាំង​នឹងជំងឺ​ពុកឆ្អឹង​។ គុណ​ប្រយោជន៍​នេះ​បាន​ដោយ​សារ​វាមាន​ផ្ទុកនូវ​សមាសធាតុ ​នៃអាហារ​បំប៉ន​សុខភាព​មានជាអាទិ៍​ ជាតិ​កាបូអ៊ី​​ដ្រាដ ​ប្រូតេអ៊ីន​ និងជាតិ​ខ្លាញ់​បន្ដិចបន្ដួច ​ដែល​រាងកាយ​របស់​អ្នក​ស្រូប​យក​វាសន្សឹមៗ ​ហើយ​វាធ្វើឱ្យ​អ្នក​មានអារម្មណ៍​ថាឆ្អែត​បានយូរ ​នេះបើ​តាម​ប្រសាសន៍​ វេជ្ជបណ្ឌិត ​Molly Pelzer អ្នក​អប់រំផ្នែក​អហា​រូបត្ថម្ភ​នៅឯមន្ទីរ​ពេទ្យ ​Tipton រដ្ឋ​ Iowa។ លើស​ពីនេះ​ទៀត​ វាធ្វើ​ឱ្យជាតិ​ស្ករនៅ​ក្នុង​ឈាម​មាន​ស្ថេរភាព ​ដែល​ជាហេតុ​ធ្វើអ្នក​មិនងាយ​នឹងឃ្លាន​អាហារ​លឿន​ពេក។ ​ទឹកដោះ​គោគឺជា​ប្រភព​ដ៏ប្រសើរ​ នៃជាតិ​កាល់​ស្យូម ​ពីព្រោះ​វាមាន​ផ្ទុកនូវ​វីតាមីនD ​ដែល​រាងកាយ​មនុស្ស​ត្រូវការ​ចាំបាច់​សម្រាប់ការ​ស្រូប​យក​ជាតិ​កាល់​ស្យូម​ជាអតិបរមា​។ ម្យ៉ាង​ទៀត​ វាអាច​ជួយឱ្យ​រាងកាយ​របស់​អ្នក​មានសមត្ថភាព​បញ្ឈប់​ការផ្ទុក​ជាតិខ្លាញ់។​ នៅក្នុង​ការសិក្សា​ស្រាវ​ជ្រាវ​ថ្មីមួយ​ឱ្យដឹងថា​ ស្រ្ដី​ដែល​ទទួល​ទានអាហារ​ចម្រាញ់​ពីទឹកដោះ​ផ្ទុក​ជាតិខ្លាញ់​ទាប​ ៣ ទៅ ​៤ដងក្នុង​មួយ​ថ្ងៃស្រក​ទម្ងន់​បាន​ច្រើន​រហូត​ដល់​ជិត២ដង​ ដូចស្រ្ដី​ដែល​ទទួលទាន​ក្នុង​កម្រិត​តិចផងដែរ​។ វេជ្ជបណ្ឌិត ​Pelzer មាន​ប្រសាសន៍​ថា”​ជាតិ​កាល់​ស្យូម​ធ្វើឱ្យ​កោសិកា​រាងកាយ​របស់​អ្នកដុត​កម្ទេច​ជាតិខ្លាញ់​ ជំនួស​ឱ្យការ​ផ្ទុកវា។​ កត្ដា​នេះ​ធ្វើឱ្យ​អ្នក​មាន​ភាព​ងាយ​ស្រួល​ក្នុងការ​ឈានដល់ ​និងរក្សា​ទម្ងន់​រាងកាយ ​ដែល​អ្នក​ចង់បាន។​
ទឹក​សណ្ដែក៖ ​ទឹក​សណ្ដែក​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​គ្រោះថ្នាក់ ​នៃជំងឺ​បេះដូង​។ វាមាន​ផ្ទុកនូវ​ជាតិ​សរសៃ​ហ្វាយប័រ​ងាយ​រលាយ ​និងប្រូតេ​អ៊ីន​សណ្ដែក​ ដែល​អាចបញ្ចុះ​កម្រិត​កូឡេ​ស្ដេរ៉ូល​មិនល្អ​ និង triglycerides ​ដោយ​កាត់បន្ថយ​គ្រោះថ្នាក់​ នៃជំងឺ​បេះដូង​ និងសរសៃ​ឈាម។​ ប្រសិន​បើអ្នក​ទទួល​វាជំនួស​ទឹកដោះគោ​ សូម​ជាវទឹក​សណ្ដែក​ ដែល​ផ្សំជា​មួយ​ជាតិ​កាល់​ស្យូម ​វីតាមីនA​ និងD​។ សណ្ដែក​មាន​ផ្ទុកនូវ​សារធាតុ​ phytoestrogens ដែល​អាច​នាំទៅ​រកការ​កាត់​បន្ថយ​គ្រោះថ្នាក់​ នៃជំងឺ​មហារីក​សុដន់។​ សូម​ប្រឹក្សាជា​មួយ​វេជ្ជបណ្ឌិត​របស់អ្នក​ អំពី​ការ​ទទួល​ទានទឹក​សណ្ដែក ​ប្រសិន​បើគ្រួសារ​របស់​អ្នក​មាន​ប្រវត្ដិ​ធ្លាប់កើត​ជំងឺ ​ឬអ្នក​ធ្លាប់​កើតខ្លួនឯង។​
ទឹក​ប៉េង​ប៉ោះ​ផ្ទុក​សូដ្យូមទាប​៖  ទឹក​ប៉េង​ប៉ោះ​មាន​ប្រសិទ្ធភាព​ការពារ​ប្រឆាំង​នឹងជំងឺ​មហារីក​ជាច្រើន​ប្រភេទ​។ ផលិត​ផល​ប៉េងប៉ោះ​វេចខ្ចប់​ស្របតាម​ស្តង់ដា​ គឺជាប្រភព​ដ៏សម្បូរបែប ​នៃសារ​ធាតុ​ប្រឆាំង​នឹងអុក​ស៊ីដកម្ម​ Lycopene ដែល​រួបរួម​ជាមួយ​នឹងការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ នៃជំងឺ​មហារីក​ក្រពះ ​និងសួត ​ព្រម​ទាំងជំងឺ​មហារីក​លំពែង ​ពោះវៀនធំ​ បំពង់​អាហារ ​មាត់ និង​ជំងឺ​មហារីក​កស្បូន​។ ម្យ៉ាង​ទៀត​ សារធាតុ ​Lycopene ការពារ​សួត ​និងបេះដូ​ង​ប្រឆាំង​នឹងគ្រោះ​ថ្នាក់​ នៃ​អុកស៊ី​ដកម្ម​ ដោយការ​ជួយ​បញ្ចៀស​នូវជំងឺ​បេះដូង​ និងសរសៃ​ឈាម។​​
ទឹក​ក្រូចពោធិ៍​សាត់៖​ ទឹកក្រូច​ពោធិ៍​សាត់​មាន​ប្រសិទ្ធភាព​អាច​បញ្ចៀស​នូវ​ជំងឺបាយភ្នែក ​ជំងឺ​មហារីក ​និងភាព​ពិការ​អវយវៈ​ពីកំណើត​របស់ទារក​ និងលើក​កម្ពស់​ភាព​ស៊ាំរបស់​រាងកាយ​ផងដែរ។​ ក្រៅពី​ប្រភព​ដ៏ប្រសើរ​អស្ចារ្យ​ នៃវីតាមីនC​ ទឹកក្រូច​ពោធិ៍​សាត់​ក៏ជាសារ​ធាតុប្រឆាំង​នឹង​អុក​ស៊ីដកម្ម​ដ៏មានអំណាច​ ដែល​អាចការពារ​ប្រឆាំង​នឹងជំងឺ​ផ្សេងៗ​រួមទាំង​ជំងឺ​បាយ​ភ្នែក​ និង​ជំងឺ​មហារីក​សួត​ផងដែរ​។ វីតាមីន​ C ការបំផ្លាញ​ នៃអុក​ស៊ីដកម្ម ​ដែល​អាច​បណ្ដាល​ឱ្យកោសិកា​ប្រែក្លាយ​ជាកោសិកា​មហារីក​ ហើយ​វាបង្កើន​មុខងារ​កោសិកា​ភាព​ស៊ាំ ​ដោយធ្វើ​ឱ្យរាង​កាយ​របស់អ្នក​មាន​សមត្ថភាព​ប្រឆាំង​នឹង​ការឆ្លង​មេរោគ​បានយ៉ាង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។ ម្យ៉ាង​ទៀត​ វាក៏ជា​ប្រភពដ៏​ប្រសើរ​នៃអាស៊ីដ​ Folic ដែល​ការពារ​ប្រឆាំង​នឹងការបាត់​បង់បំពង់​ប្រសាទ​ នៃ​ទារក​ក្នុងគភ៌​ផងដែរ​។ ដើម្បី​ទទួល​បានគុណ​ប្រយោជន៍​បន្ថែម ​នៃការការពារ​ឆ្អឹង​ សូមសាក​ល្បង​ទទួល​ទានទឹក​ក្រូចពោធិ៍​សាត់ ​ដែលមាន​ដាក់បន្ថែម​ជាតិកាល់​ស្យូម៕​

អត្ថបទ៖ ដេវីដ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​