ចោរ​ប្រដាប់​អាវុធ​ ប្លន់​ផ្ទះ​អា​ជីរ​ករ​ ចុងកាត់មាត់ញក ​យក​អស់​ប្លា​ទី​ន ​ជាង​៥​តម្លឹង លុយ​ជាង​៤​លាន​រៀល និង​ទូរស័ព្ទ​៥​គ្រឿង

ខេត្តកំពង់ឆ្នាំង ៖ ចោរប្លន់​ប្រដាប់​អាវុធ​មាន​គ្នា​៣​នាក់​ប្រដាប់​ដោយ​កាំភ្លើង​វែង​-​ខ្លី​២​ដើម បាន​សម្រុកចូល​ប្លន់​ផ្ទះ​អាជីវករ​មួយ​កន្លែង​​ប្លន់​យក​អស់​លុយ​ជាង​៤​លាន​រៀល និង​ប្លា​ទី​ន​ជាង​៥​តម្លឹង ព្រម​ទាំង​ទូរស័ព្ទ​ដៃ​៥​គ្រឿង រួច​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦ និង​៥០​នាទី​យប់​ថ្ងៃ​ទី​១០ តុលា ២០១៥ នៅ​ភូមិ​អូរ​រោង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ តែ​ទោះ​យ៉ាងណា​ក្រុម​ចោរ​ពុំ​មាន​ធ្វើ​ឱ្យ​អ្នក​ណា​ម្នាក់​រង​របួស​ឡើយ ។

នគរបាល​ស្រុក​រលាប្អៀរ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ប្តី​​ឈ្មោះ នៅ ជួប អាយុ​៣៥​ឆ្នាំ និង​ប្រ​ព​ន្ឋ​ឈ្មោះ រឿង សុ​គា អាយុ​៣២​ឆ្នាំ ។ គ្រួសារ​នេះ​ជា​អាជីវករ​លក់​ជី លក់​ឥដ្ឋ ខ្សាច់ ទិញ​-​លក់​ស្រូវ និង​កិនស្រូវ​ជាដើម ។

ស្ត្រី​ជា​ប្រ​ព​ន្ឋ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​កំពុង​តែ​នៅ​មើល​ទូរទស្សន៍​លើ​ផ្ទះ ចំណែក​ប្តី​គាត់​នៅ​ដេក​នៅ​ក្នុង​បន្ទប់​ក្រោមផ្ទះ ពេល​នោះ​ស្រាប់តែ​មាន​ជន​ពុំ​ស្គាល់​មុខ​២​នាក់ ម្នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​១​ដើម និង​ម្នាក់​ទៀត​កាន់​ដែកថ្នាំងអំពៅ​បាន​មក​ភ្ជង់​​គាត់​ឱ្យ​ដោះ​គ្រឿងអលង្ការ មាន​ខ្យែ​ក ខ្យែ​ដៃ ខ្យែ​ជើង ជាដើម ហើយ​ពួក​វា​បាន​ស្រវា​យក​កាបូប​ខ្មៅ​ដែល​នៅ​លើ​ក្បាល​គ្រែ​របស់​គាត់​ទៀត បន្ទាប់​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​បាន​ចុះ​ទៅ​ដី ចំណែក​ម្នាក់​នៅ​យក​កាំភ្លើង​ភ្ជង់​គាត់​រហូត ។ ពេល​ចុះ​ដល់​ដី​គ្នា​វា​ម្នាក់​ទៀត​ដែល​នៅ​ក្រោម​បាន​ផ្ទុះអាវុធ​១​គ្រាប់ ពេល​ដែល​ប្តី​គាត់​បើកទ្វារ​ចេញពី​បន្ទប់​ក្រោមផ្ទះ ហើយ​បាន​យក​កាំភ្លើង​ភ្ជង់​ដោះ​យក​ខ្យែ​ក​របស់​ប្តី​គាត់ រួច​ពួក​វា​បាន​គ្នា​គេចខ្លួន​បាត់​អស់ ។

ស្ត្រី​រង​គ្រោះ​បានឱ្យ​សមត្ថកិច្ច​ដឹង​ទៀត​ថា ទ្រព្យសម្បត្តិ​ដែល​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ប្លន់​យក​ទៅ​នោះ​មាន​ខ្យែ​ក ខ្យែ​ដៃ កងដៃ ខ្យែ​ជើង​ប្លា​ទី​ន​សរុប​ទាំង​អស់​៥​តម្លឹង​៧​ជី ប្រាក់​ខ្មែរ​៤​លាន​៤៣​ម៉ឺន​រៀល និង​ទូរស័ព្ទ​ដៃ​៥​គ្រឿង ។

សមត្ថកិច្ច​នគរបាល​ស្រុក និង​ខេត្ត បាន​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ដោយ​បាន​រក​ឃើញ​សំបក​គ្រាប់កាំភ្លើង​អាកា​១​គ្រាប់​នៅ​មុខ​បន្ទប់​ម្ចាស់ផ្ទះ​ជា​ប្តី ។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ផ្ទះ​ខាងលើ​រាល់ដង​មាន​កម្មករ​ច្រើន​នាក់​នៅ​ជាមួយ តែ​បាន​សុំ​ច្បាប់​ទៅ​ចូលរួម​បុណ្យ​ភ្ជុំ​បិ​ណ្យ​នៅ​ស្រុក​កំណើត​អស់ ។ ពេល​នេះ​សមត្ថ​ក​ចិ្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

ចោរ​ប្រដាប់​អាវុធ​ ប្លន់​ផ្ទះ​អា​ជីរ​ករ​ ចុងកាត់មាត់ញក ​យក​អស់​ប្លា​ទី​ន ​ជាង​៥​តម្លឹង លុយ​ជាង​៤​លាន​រៀល និង​ទូរស័ព្ទ​៥​គ្រឿង
ចោរ​ប្រដាប់​អាវុធ​ ប្លន់​ផ្ទះ​អា​ជីរ​ករ​ ចុងកាត់មាត់ញក ​យក​អស់​ប្លា​ទី​ន ​ជាង​៥​តម្លឹង លុយ​ជាង​៤​លាន​រៀល និង​ទូរស័ព្ទ​៥​គ្រឿង
ចោរ​ប្រដាប់​អាវុធ​ ប្លន់​ផ្ទះ​អា​ជីរ​ករ​ ចុងកាត់មាត់ញក ​យក​អស់​ប្លា​ទី​ន ​ជាង​៥​តម្លឹង លុយ​ជាង​៤​លាន​រៀល និង​ទូរស័ព្ទ​៥​គ្រឿង

ផ្តល់សិទ្ធដោយ