មនុស្ស​២​នាក់​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ ម្នាក់​ចង​.​ក និង​ម្នាក់​ទៀត​លង់ទឹក

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន ព្រោះតែ​តូចចិត្ត​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​ព្យាបាល​មិនជា ដែល​ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ តុលា ២០១៥ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលារ​ប្អៀ​រ ស្រុក​រលា
ប្អៀ​រ​។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ហ៊ាន សម្បត្តិ អាយុ​៣៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជរៅ ឃុំ​រលារ​ប្អៀ​រ ស្រុក​រលារ​ប្អៀ​រ ។ បើ​តាម​ស្ត្រី​ជា​ម្តាយ​ឱ្យ​ដឹង​ថា កូនប្រុស​គាត់​ដែល​ចង​.​ក​សម្លាប់​ខ្លួន​នេះ សង្ស័យ​តូចចិត្ត​មាន​ជំងឺ​ប្រចាំ​កាយ និង​មាន​វិបត្តិ​ផ្លូវចិត្ត​ផង  ព្រោះ​ប៉ុន្មាន​ថ្ងៃនេះ គេ​បាន​ទាស់ទែង​គ្នា​ជាមួយ​ប្រពន្ធ ហើយ​បាន​មក​ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ខ្មែរ​ជាមួយ​គាត់​ជា​ម្តាយ ។

នៅ​ថ្ងៃ​កើតហេតុ គាត់​ជា​ម្តាយ​បាន​ក្រោក​ដាំបាយ​នៅ​វេលា​ម៉ោង​៥​ទៀប​ភ្លឺ ពេល​នោះ​គាត់​ឃើញ​កូន​របស់​គាត់​ដេក​នៅ​ក្នុង​បន្ទប់​នៅឡើយ លុះ​ពេល​គាត់​ដាំបាយ​ឆ្អិន គាត់​ក៏​ឡើង​ទៅ​លើ​ផ្ទះ​ដាស់​កូន​ឱ្យ​ក្រោក តែ​មិន​ឮ​សូរ​ឆ្លើយ ហើយ​ឃើញ​បន្ទប់​គេ​ខ្ទាស់​គន្លឹះ​ពី​ក្នុង​ជាប់​ថែម​ទៀត ។ ដោយ​មានការ​សង្ស័យ​គាត់​ក៏​គាស់​បង្អួច​មើល ក៏​ឃើញ​កូន​របស់​គាត់​ចង​.​ក​នឹង​ធ្នឹម​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ

ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល្យ​តាម​បច្ចេកទេស​ហើយ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសា​ចង​.​ក​សម្លាប់​ខ្លួន​ពិតមែន រួច​បាន​ប្រគល​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ដោយឡែក ក្នុង​ថ្ងៃ​ដដែល​នេះ​ដែរ នៅ​វេលា​ម៉ោង​០២​និង​១៥​នាទី​រសៀល មាន​កុមា​រា​ម្នាក់​អាយុ​៦​ឆ្នាំ ឈ្មោះ​អែ​ល ណា​ឃី​ម អាយុ​៦​ឆ្នាំ ក៏​បាន​លង់ទឹក​ស្លាប់​ដែរ ខណៈ​ចុះ​ទៅ​លេង​ទឹកស្ទឹង​នៅ​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​ពី​ផ្ទះ ស្ថិត​ក្នុងភូមិ​ពពាល​ពក ឃុំ​គោក​បន្ទាយ ស្រុក​រលារ​ប្អៀ​រ​។