សម្តេច​ហ៊ុនសែន អំពាវនាវ​ឲ្យ​ខ្មែរឥស្លាម កុំ​ជឿ​ការឃោសនា​ផ្លាស់ប្តូរ​នៅ​កម្ពុជា ប្រយ័ត្ន​ដូច​នៅ​ម​ជ្ឈឹ​ម​បូព៌ា​

ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ដែល​កំពុង​ស្ថិតនៅ​ប្រទេស​ចិន នា​ថ្ងៃទី​១៤​តុលា​នេះ បាន​ផ្ញើ​នូវ​សេចក្តី​នឹករ​ព្ញ​ក និង​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម នៅ​ក្នុងឱកាស​ចូលឆ្នាំថ្មី នា​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៥ នេះ គឺ​ត្រូវ​នឹង​ថ្ងៃទី​១ ខែ​មូ​ហា​រ៉ា​ម ម​ហាំ​ម៉ាត់ (Muharram) សករាជ ១៤៣៧ គឺជា​ថ្ងៃ​ចូលឆ្នាំថ្មី​របស់​សាសនិក​ឥស្លាម ទូទាំង​ពិភពលោក​។ ក្នុង​សារ​ជូនពរ​នោះ សម្តេច​ហ៊ុនសែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម កុំ​ជឿ​លើ​ការឃោសនា​ផ្លាស់ប្តូរ នាពេល​បច្ចុប្បន្ន ព្រោះ​ប្រយ័ត្ន​ដូច​ការផ្លាស់ប្តូរ​តាម​បណ្តា​ប្រទេស​មួយចំនួន នៅ​ម​ជ្ឈឹ​ម​បូព៌ា​។​

​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​ហ៊ុនសែន បានសរសេរថា "​ដូច​បងប្អូន​ខ្មែរឥស្លាម ដឹង​ច្បាស់​ហើយ​ថា រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុក​បងប្អូន​ជា​សាច់ឈាម​ខ្មែរ​តែមួយ ទោះបី​មាន​ជំនឿ​សាសនា​ខុសគ្នា​ក៏ដោយ​។ រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​គាំទ្រ និង លើកតម្កើង​សិទ្ធិសេរីភាព ជំនឿ​សាសនា និង​សិទ្ធិ​ប្រកបការងារ​និង​សិទ្ធិ​ចូលរួម​ក្នុង​កិច្ចការ​សង្គម​ទូទៅ​"​។​

​សម្តេច​ហ៊ុនសែន បន្តថា "​កាលពី​ជាង​៣០​ឆ្នាំមុន នយោបាយ​ផ្លាស់ប្តូរ​របស់​ខ្មែរក្រហម គឺ​បានធ្វើអោយ​សាសនិក​ខ្មែរឥស្លាម ត្រូវបាន​កម្ទេច​ស្ទើរ​ទាំងស្រុង​។ ប៉ុន្តែ​ក្រោយពី​ប្រទេសជាតិ ត្រូវ បាន​រំដោះ​ផុតពី​របប​ឃោរឃៅ​មួយ​នេះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ជួយ​ពង្រឹង​បងប្អូន​ខ្មែរឥស្លាម នៅ​ទូទាំងប្រទេស អោយ​មានឱកាស​គ្រប់យ៉ាង​ឡើងវិញ រួមទាំង​ការអភិវឌ្ឍ​សង្គម​គ្រួសារ និង​ជំនឿ​សាសនា ដោយ​គ្មាន​ការរើសអើង​។ នៅពេលនេះ សូម​បងប្អូន​ខ្មែរឥស្លាម ប្រុងប្រយ័ត្ន​ជាថ្មី​ម្តងទៀត ចំពោះ​ការឃោសនា​ញុះញុង អូសទាញ​អោយមាន​ការផ្លាស់ប្តូរ ដែល​ស្រដៀង​ទៅនឹង​ការផ្លាស់ប្តូរ​សម័យ​ខ្មែរក្រហម​។ ដូច​បងប្អូន បានឃើញ​ស្រាប់​នឹង​ភ្នែក​ហើយ អំពី​ការផ្លាស់ប្តូរ ដែល​កំពុង​កើតមានឡើង​នៅ​ម​ជ្ឈឹ​ម​បូព៌ា គឺ​ផ្លាស់ប្តូរ​ពី​មាន​ទៅ​ក្រ ពី​មាន​វិហារ ទៅជា​អត់​វិហារ មាន​សាលា​ទៅជា​អត់​សាលា មាន​ពេទ្យ​ទៅជា​អត់​ពេទ្យ មានផ្ទះ​​រស់នៅ បែរជា​ទៅ​រស់ នៅតាម​តង់​កៅស៊ូ នៅតាម​ព្រំដែន រត់លូន​កាត់​សង្គ្រាម ស្ទើរ​រាល់ថ្ងៃ​យ៉ាង​លំបាក​វេទនា​"​។​

​សម្តេច​តេ​ជោ ហ៊ុនសែន បាន​បញ្ជាក់ថា "​ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​បញ្ជាក់ជូន​បងប្អូន​ខ្មែរឥស្លាម​ទូទាំង​​ប្រទេស អោយបាន​ជ្រាបថា រាជរដ្ឋាភិបាល​កម្ពុជា​គាំទ្រ និង​ការពារ​នូវ​សិទ្ធិសេរីភាព​ជំនឿ​សាសនា និង​គាំទ្រ​សហគមន៍​ខ្មែរឥស្លាម ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស អោយ​កាន់តែ​រីកចម្រើន​។ សូម​បងប្អូន​មាន​ជំនឿ​ទុកចិត្ត​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែល​តែងតែ​ការពារ​ថែរក្សា​សន្តិភាព ដែលជា​កត្តា​ដ៏​សំខាន់បំផុត សម្រាប់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​"៕​