តើវា​ជាស្នេហា​ពិត ​ឬគ្រាន់តែ​ជា​តម្រេក​តណ្ហា?​

ធម្មជាតិ​បាន​បង្កើត​មនុស្ស​មក​ឱ្យមានការ​ស្រលាញ់ ​និងការស្អប់​ ដែល​ធ្វើឱ្យ​មនុស្ស​ចេះ​ទាស់ចិត្ដ​ចំពោះ​សម្ផស្ស​មិនស្អាត​ និងគាប់​ចិត្ដ​ចំពោះ​សម្ផស្ស​ស្រស់ស្អាត​។ នៅក្នុង​លំនាំ​នៃ​សេចក្ដី​ស្រលាញ់​នេះ ​បាន​ស្រូប​ទាញ​មនុស្ស​ឱ្យវង្វេង​លង់លក់​ ទៅក្នុង​សំណាញ់​នៃសេចក្ដី​ស្នេហា​ ដែល​ធ្វើ​ឱ្យមនុស្ស​ប្រែក្លាយ​ទៅជា​មនុស្ស​ខ្វាក់​ទាំងនៅភ្លឺ ​ឃើញ​អាក្រក់​ទៅ​ជាល្អ​តាម​បែប​ផែន​ នៃ​ចិត្ដ​ជាប់​ជំពាក់​។ សេចក្ដី​ស្នេហាពិត​ ឬគ្រាន់​តែជាចិត្ដ​ត្រេក​ត្រអាល​ដោយ​តណ្ហា​គេអាច​បែង​ចែក​បាន ​តាម​លក្ខណៈ​ដូចជា ​ប្រសិន​បើអ្នក ​ឃើញ​ភ្លាម​ ស្រលាញ់​ខ្លាំង​ភ្លែត ​ហើយ​មួយ​រយៈ​ក្រោយ​មក​សេចក្ដី​ស្រឡាញ់​ខ្លាំង​នោះ​ ក៏ប្រែទៅ​ជាបាត់​បង់​ទៅវិញ​ វាមិនមែន​ជាសេចក្ដី​ស្នេហា​នោះទេ​ វាគ្រាន់​តែជាតម្រេក​ត្រេក​ត្រអាល​ចំពោះ​អារម្មណ៍​តណ្ហា​ប៉ុណ្ណោះ​។ ភាព​ពុះ​កញ្រ្ជោល​ដោយ​តម្រេក​តណ្ហា​ និងសេចក្ដី​ស្នេហា​ពិត ​គឺវាបញ្ចេញ​តាមរយៈ​អារម្មណ៍​ដ៏មាន​អំណាច​ដូចគ្នា ​ហេតុដូច្នេះ​ហើយ​ទើប​ធ្វើឱ្យ​មនុស្ស​ ជាច្រើន​មាន​ការភ័ន្ដ​ច្រឡំ។​ តើវាមាន​លក្ខណៈ​ខុសគ្នា​បែបណា?​
តើវា​ជាស្នេហា​ពិត ​ឬគ្រាន់តែ​ជា​តម្រេក​តណ្ហា?​

អ្វីជា​ការត្រេក​ត្រអាល​នឹងកាម?​ការ​ត្រេកត្រ​អាល​នឹងកាម គឺមិន​មែន​អ្វីក្រៅ​អំពី​ការស្រូប​ទាញផ្នែក​រូប​សម្ផស្ស​ខាងក្រៅ​នោះ​ឡើយ។ ផ្អែក​លើការ​សិក្សា​ស្រាវជ្រាវ ​ក្រុម​អ្នកវិទ្យា​សាស្រ្ដ ​ក៏មិន​ទាន់​ជ្រាបប្រាកដថា​តើ ​ហេតុអ្វី​បាន​ជាមនុស្ស​ឈ្លក់​វង្វេង​ ជាប់​ជំពាក់ ​និងត្រូវ​បាន​ស្រូប​ទាញ​ដោយ​សម្ផស្ស ​នៃមនុស្ស​ម្នាក់​ទៀត​ដែរ​ ប៉ុន្ដែ​បណ្ដា​អ្នក​វិទ្យា​សាស្រ្ដ​មួយ​ចំនួន​ជឿ​ថាសេចក្ដី​ត្រេក​ត្រអាល​ក្នុង​កាមនេះ ​បណ្ដាល​មកពី​សារធាតុ ​Pheromone  ជាសារ​ធាតុគីមី​ម្យ៉ាង​នៅក្នុង​ខ្លួន​មនុស្ស​ ដែល​ធ្វើឱ្យ​កើត​ឡើង​នូវ​ប្រតិកម្ម​ និងអាក​ប្បកិរិយា​ឆ្លើយតប​ ទៅនឹង​រូបសម្ផស្ស​នោះ​។ នៅក្នុង​ខ្លួន​សត្វ​ អ័កម៉ូន​ភេទ ​Pheromone នេះ​ត្រូវបាន​ប្រើដើម្បី​បញ្ជាក់ថា​ សត្វញីគឺ​ដល់​ពេល​វេលា​ដើម្បី​បង្កាត់​ពូជហើយ។​  សរីរាង្គ​មាន​ជីវិត​តូចល្អិត​ សត្វ​ល្អិត​ និងសូម្បី​តែសត្វ​ធំក៏​ប្រើ ​អ័កម៉ូន ​Pheromone នេះ​ដើម្បី​ជាសញ្ញា​បញ្ជាក់​ នៃការបង្កាត់​ពូជដែរ​។ នៅពេល​និយាយ​ឱ្យចំៗថា ​សភាព​នេះ​គ្រាន់​តែជាសញ្ញា​ជាក់​ច្បាស់​ជាង​ការ​ណាត់​ជួប​ស្នេហា​ទៀត​នោះ​ វាស្ដាប់​ទៅមិន​រ៉ូមែន​ទិក​សោះ​មែនទេ?​​

ដើម្បី​ឱ្យយល់​បានកាន់​តែច្បាស់ថា​ អ្វីជាការ​ត្រេក​ត្រកាល​ក្នុងកាម​នោះ ​សូម​ចងចាំថា ​មនុស្ស​គឺជាសត្វ​មួយ​ប្រភេទ​ ក្នុង​ចំណោម​សត្វមួយ​ចំនួន​ទៀត​ ដែល​ពាក់ព័ន្ធ​នឹងការ​រួមភេទ​ដើម្បី​ភាព​ស្រណុក​សុខ​ស្រួល ​ជំនួស​ឱ្យការ​បង្កាត់​ពូជតែ​ម្យ៉ាង​។ បុរស ​និងស្រ្ដី ​តែងមាន​អារម្មណ៍​ដិត​ដាម​កួច​កាញ់ចំពោះ​បុគ្គល​ណាម្នាក់ ​ដោយ​ត្រឹមតែ​សម្ផស្ស​រាងកាយ​ ទោះបី​ពួកគេ​គ្មាន​បំណង​ប្រាថ្នា ​ដើម្បី​បង្កើត​កូនក៏ដោយ​។ សេចក្ដី​ត្រេក​ត្រអាល​ចំពោះ​កាមអាច​ប្រព្រឹត្ដ​ទៅត្រឹម​តែមួយ​យប់ ​ឬងប់ងល់​ពេក​អាច​ប្រព្រឹត្ដទៅ ​ច្រើន​សប្ដាហ៍ ​ឬច្រើនខែ​។ បើវែក​ញែក​តាម​សេចក្ដីពិត​នោះ ​អ្នក​អាច​ត្រេក​ត្រអាល​ចំពោះ​ការរួមភេទ​ សូម្បី​តែជា​មួយ​មនុស្ស ​ដែល​អ្នកមិន​ចូលចិត្ដ ​ដូច្នេះ​អ្នក​មិនចាំ​បាច់​មាន​អារម្មណ៍​ជ្រាល​ជ្រៅ​ចំពោះ​មនុស្ស​ណាម្នាក់​ ដើម្បី​ទទួល​ភាពរីក​រាយផ្នែក​តម្រេក​ផ្លូវកាយ​ពីគេ​នោះទេ​។ ម្យ៉ាង​ទៀត​អ្នក​អាច​ជ្រប់ងប់​នឹង​កាម​តម្រេក​ជាមួយ​មនុស្ស​ណាម្នាក់ ​ដែល​អ្នកចូល​ចិត្ដបំផុត​ យ៉ាងតិច​ក៏មួយ​រយៈ​ពេល​ខ្លីដែរ​។ ការ​ត្រេក​ត្រអាល​ក្នុងកាម​ជាកម្លាំង​ដ៏មាន​អំណាច​អាចបំពេញ​អារម្មណ៍​ នៃសេចក្ដី​រំភើប​សុខស្រួល​ក្រៃពេក​ និងអាច​ប្រើប្រាស់​អ្នកបាន​។ វាអាច​លេង​ល្បិច​កិច្ចកុល​ និង​សម្ដែង​ល្ខោន​ចំពោះ​ចិត្ដរបស់​អ្នក​ និងធ្វើ​ឱ្យអ្នក​ស្រពិច​ស្រពិល​នៅក្នុង​ការគិត​ និងការវិនិច្ឆ័យ​។ ភាព​ត្រេកត្រអាល​ក្នុង​កាមអាច​ធ្វើឱ្យ​អ្នកជឿ​ ឬធ្វើឱ្យ​អ្នកចង់​ជឿថា​អ្នក​បានរក​ឃើញ​ស្នេហ៍​ពិតហើយ​ ប៉ុន្ដែតាម​ការពិត​អ្វីដែល​អ្នក​រកឃើញ​នោះ ​គឺវាគ្រាន់​តែតម្រេក​ផ្លូវ​កាយប៉ុណ្ណោះ។​

អ្វីជា​ស្នេហាពិត?​ស្នេហា​ពិត គឺ​មិន​មែនជា​ការជាប់​ជំពាក់​ចំពោះ​សម្ផស្ស​ផ្លូវកាយ​នោះទេ​ គឺវាមាន​លក្ខណៈ​ជ្រាល​ជ្រៅជាង​នេះ។​ ស្នេហាពិត​គឺជាចំណង​មួយ​ ដែល​ត្រូវបាន​បង្កើត​ឡើងរ​វាងមនុស្ស​ពីរនាក់ ​ដោយ​ផ្នែក​លើការ​គោរពគ្នា ​ការកោត​សរសើរ ​ភាព​ស្មោះ​ត្រង់ ​ការគាំ​ទ្រលើក​ទឹកចិត្ដ  ​និងការ​បំពញ​ចិត្ដ ​និងអារម្មណ៍​។ ត្រង់​ចំណុច​នេះមាន​ន័យថា ​យើងត្រូវ​យកចិត្ដ​ទុកដាក់​ខ្វល់ខ្វាយ​ ចំពោះ​មនុស្ស​ម្នា្កក់ ​ឱ្យបាន​ច្រើន​ជាង​ខ្លួនឯង​។ ដៃគូ​ស្រឡាញ់​គ្នាពិត​ប្រាកដ ​តែងចែក​រំលែក​គោល​ដៅ​ជីវិតដូច​គ្នា ​និងប្រឹង​ប្រែង​ធ្វើរួមគ្នា​ ដើម្បី​សម្រេច​ឱ្យបាន​នូវគោល​ដៅនោះ​។ សេចក្ដី​ស្នេហាពិត​តែងពុះ​ពារយក​ឈ្នះ​គ្រប់​ឧបសគ្គ ​និងតែង​តែរួម​បញ្ចូល​ទាំងការ​លះបង់​ខ្លួន​ឯង​ផងដែរ​។ ស្នេហា​ពិត ​មាន​លក្ខណៈ​មិនដូច ​ការត្រេក​ត្រអាល​ក្នុងកាម​នោះទេ​ គឺវាមិន​ថយចុះ​បន្តិចម្ដងៗ​តាម​រយៈ​ពេល​វេលា​ឡើយ ​ផ្ទុយ​ទៅវិញ​វាកាន់​​តែ​វិវឌ្ឍខ្លាំងក្លា​ និងជ្រាល​ជ្រៅឡើងៗ។​​

ការ​ស្វែង​រក​ស្នេហ៍ពិត​បើពោល​ចំពោះ​ការស្វែងរក​ ការរួម​ភេទ​ដើម្បី​បំពេញ​តម្រេក​តណ្ហា​នោះ​វាមាន​លក្ខណៈ​ងាយស្រួល​ ជាងការ​ស្វែង​រកស្នេហា​ពិត។​ មនុស្ស​ស្ទើរ​តែគ្រប់​គ្នា​តែង​ប្រាថ្នា​ស្វែងរក​ដៃគូ​យល់​ចិត្ដយល់​ថ្លើមគ្នា ​ពោលគឺ​មនុស្ស​ដែល​ពួកគេ​អាចរួម​រស់​ជាមួយគ្នា ​និងមើល​ថែគ្នា​រហូត​ដល់ចាស់​។ ប៉ុន្ដែ​មនុស្សមាន ​រាប់លាន​នាក់នៅ​លើពិភព​លោក​ ដូច្នេះ​ធ្វើដូច​ម្ដេច​អ្នក​អាច​ស្វែងរក​មនុស្ស​ពិសេស​ ដែល​អាច​បំពេញ​សេចក្ដី​ប្រាថ្នាដ៏​ជ្រាល​ជ្រៅ​របស់​អ្នក​អញ្ចឹង​បាន​? ជាភ័ព្វ​មិនល្អ​ មិន​មាន​សៀវភៅ ​ឬផែនទី​ណាមួយ ​ជាមគ្គុទេស​ដឹកនាំអ្នក ​ក្នុងគោល​ដៅស្វែង​រកស្នេហាពិត​នោះទេ​ ប៉ុន្ដែអ្នក​អាច​ស្វែង​រក​ជំនួយ ​បំភ្លឺ​បាន​តាម​រយៈក្បួន​តារាក្នុង​ហោរា​សាស្រ្ដ​។ មនុស្ស​គ្រប់រូប​កើតមក​តែង​នាំមក​នូវបុគ្គលិក​លក្ខណៈ​ជាក់លាក់​ណាមួយ​មកជាមួយ ​នេះបើ​យោង​តាមក្បួន​ហោរាសាស្រ្ដ ​ដែល​បញ្ជាក់ពី​លក្ខណៈ​នៅពេល​មនុស្ស​នោះកើត​មក។​ ចំណុច​នេះ​ជាប្រការ​សំខាន់​ ដែល​មនុស្ស​តែង​តែមើល​រំលង ​នៅពេល​ស្វែង​រកស្នេហាពិត​។ អ្នក​អាច​កត់សម្គាល់ថា ​អ្នកជាប់​ចិត្ដឈ្លក់​វង្វេង​និងកាម​តម្រេក ​ឬចុះ​សម្រង់​នឹងការ​រួមភេទ​ដោយ​សញ្ញា​ជាច្រើន​ ប៉ុន្ដែ​អ្នកនឹង​មិនចុះ​សម្រង់​ផ្នែកអារ​ម្មណ៍​ និងចិត្ដ​ចំពោះ​វាគ្រប់​យ៉ាង​នោះទេ​។ វាអាច​គ្រាន់​តែជាការ​លេង​សើច​ និងការ​រំភើប ​សប្បាយ​ផ្ដេសផ្ដាស​ប៉ុណ្ណោះ​ ប៉ុន្ដែវា​នឹងមិន​ធ្វើឱ្យ​អ្នក​ក្លាយ​ជាដៃគូដ៏​ល្អនឹងគ្នា​ សម្រាប់​សម្ព័ន្ធ​ភាពយូរ​អង្វែង​នោះទេ​។ វាជាការ​ការយល់​ច្រឡំ​ទាំង​ស្រង់!!​​ជាភ័ព្វល្អ​ គ្រូទាយ​ដែល​បានហាត់​រៀន​ក្បួន​ហោរា​សាស្រ្ដ​ អាច​ដឹកនាំ​អ្នក​យ៉ាង​មានសុវត្ថិ​ភាព​ឆ្លងកាត់​ការភ័ន្ដ​ច្រឡំ ​ជួយ​អ្នកក្នុង​ការបែង​ចែក​រវាង​ស្នេហា​ និងតម្រេក​តណ្ហា​ និងជួយ​អ្នក​ក្នុងការ​ស្វែង​រកមិត្ដ ​១០០ឆ្នាំ។  ​គ្រូទាយ​អាច​ទាយ​ជោគ​ជតា​របស់អ្នក​ និងគូស្នេហ៍​របស់អ្នក ​ថាតើសម្ព័ន្ធភាព​របស់​អ្នក​ទាំងពីរ​ អាច​មានឱកាស​វិវត្ដន៍​ទៅរក​ស្នេហាពិត​ ឬក៏អត់។​ វិធីនេះ​មិន​ត្រឹម​តែ​អាច​ប្រាប់​អ្នកពីអ្វីៗ​ អំពីដៃ​គូរបស់​អ្នក​ប៉ុណ្ណោះទេ ​ប៉ុន្ដែ​ថែម​ទាំងអាច​ឱ្យអ្នក​ប្រើ​ពេល​វេលា​គ្រប់​គ្រាន់​ ក្នុងការ​ស្វែងរក​មិត្ដ ​១០០ឆ្នាំ​ទៀតផង៕​
អត្ថបទ៖ ដេវីដ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​