​គ្រោះ​ថ្នាក់​ចរាចរណ៍ខេត្ត​រតន​គិរី​គិត​ពីថ្ងៃ​២៨​ កញ្ញា ដល់​១៣តុលា ស្លាប់​២នាក់ របួស​ធ្ងន់​-ស្រាល​១១នាក់

ខេត្ត​រតន​គិរី​ ៖ ក្នុង​អំឡុង​ពិធី​កាន់​បិណ្ឌ និងបុ​ណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​១៥​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​២៨ ​​​ក​ញ្ញា ដល់​ថ្ងៃ​ទី​១៣​ តុលា​ ២០១៥ ​​​ក្នុង​ខេត្តរតនគិរី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍កើត​​ឡើង​បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ចំនួន​២​នាក់​​​​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ និង១១នាក់​ទៀត​របួស​ធ្ងន់-ស្រាល​​។

បើ​យោង​តាម​របាយការណ៍​ពី​ការិយាល័យ​កណ្តាល​សណ្តាប់ធ្នាប់​សាធារណៈ​បានឃើញ​ថា បើ​ប្រៀបធៀប​ឆ្នាំ​២០១៤​ និង​២០១៥​ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​១៥​ថ្ងៃ​ដូច​គ្នា​ឆ្នាំ​នេះ​មានការ​ថយ​ចុះ​ជាង​ឆ្នាំ​មុន​ ហើយ​ក្នុងឆ្នាំនេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​០៨​ករណី​ គឺ​ម៉ូតូ​បុក​ម៉​តូ​០១​ករណី រថយន្ត​បុក​ម៉​តូ​០៤​ករណី ម៉ូ​តូ​ដួល​ដោយ​ខ្លួនឯង​ចំនួន​០២​ករណី​ និង​ម៉ូតូ​បុក​អ្នក​ថ្មើរជើង​ចំនួន​០១​ករណី​។

គ្រោះថ្នាក់​ចរាចរណ៍​ទាំង​០៨​ករណី​ខាងលើ​មាន​តែ​មនុស្ស​ប្រុស​ប៉ុណ្ណោះ​ដែល​បាន​ស្លាប់​ ហើយ​រង​របួសធ្ងន់​ និង​ស្រាល ​ក្នុង​នោះ​ប​ណា្ត​ល​ឱ្យ​មានការ​ខូចខាត​រថយន្ត​ចំនួន​០៤​គ្រឿង​ និង​ម៉ូតូ​ចំនួន​០៩​គ្រឿង​។

ចំពោះ​មធ្យោបាយ​បង្កគ្រោះថ្នាក់​ទាំងអស់​មួយ​ចំនួន​បាន​រក្សារ​ទុក​នៅ​អធិការដ្ឋាន​តាម​បណ្តា​ស្រុក​ ហើយ​មួយ​ចំនួន​ទៀត​ក៏​បាន​យក​មក​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាច​ណ៍​ផ្លូវ​គោ​គ​នៃ​ស្នងការដ្ឋាន​ខេត្ត​ផង​ដែ​រ​ដើម្បី​ធ្វើ​កំណត់ហេតុ​រង់ចាំ​ដោះស្រាយ​ជា​បន្តបន្ទាប់​តាម​ក្រោយ​។

ប្រភព​ពី​នាយការិយាល័យ​កណ្តាល​សណ្តាប់ធ្នាប់​សាធារណៈ​បានឱ្យ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​នេះ​ច្រើន​ជាងគេ​ក្នុង​រយៈពេល​១៥​ថ្ងៃ​កន្លង​ទៅ ​គឺ​ស្រុក​អូរ​ជុំ​ ស្លាប់​មនុស្ស​០២​នាក់​ និង​ក្រុង​បាន​លុង​រង​របួស​ធ្ងន់​​ និង​ស្រាល ​ឯ​ស្រុក​ផ្សេង​ៗ​ទៀត​មិនសូវ​មាន​ទេ​។

មូលហេតុ​នៃ​ការ​បង្កគ្រោះថ្នាក់ ​គឺ​កត្តា​អ្នកបើកបរ​ស្រវឹង​៤៥%​ មិន​គោរព​សិទ្ធិ​អាទិភាព​ត្រង់​ផ្លូវ​ប្រសព្វ​៣០%​ ប្រជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​១៥% និង​ការ​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​​​១០%​ ហើយ​ឃើញ​ថា​ គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ​ចំនួន​០៥​ករណី ​រថយន្ត​ខូចខាត​មានការ​ថយ​ចុះ​ចំនួន​០៥​គ្រឿង​ និង​ម៉ូតូ​ខូចខាត​មានការ​ថយ​ចុះ​ចំនួន​០៣​គ្រឿង​។

ឯ​មនុស្ស​វិញ​ស្លាប់​មានកា​ថយ​ចុះ​ចំនួន​០៣​នាក់ ​របួសធ្ងន់​ថយ​ចុះ​ចំនួន​១២​នាក់ ​របួសស្រាល​ថយ​ចុះ​០៦​នាក់ ​នេះ​បើ​ប្រៀបធៀប​ឆ្នាំ​ចាស់​២០១៤៕