​កម្ពុជា​ចាញ់​ម្ចាស់ផ្ទះ​សិង្ហ​បុរី​២-១ យប់មិញ​

​កីឡា​៖​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​ចាញ់​ម្ចាស់ផ្ទះ​សិង្ហ​បុរី​ក្នុង​លទ្ធផល ២-១ សម្រាប់​ការប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨ នៅ​ពូ​ល E តំបន់​អាស៊ី ជុំ​ទី​ពីរ ជើង​ទី​ពីរ​កាលពី​យប់មិញ​។​

​នៅ​តង់​ទី​១ ក្រុម​ម្ចាស់ផ្ទះ​បាន​ទម្លាយ​សំណាញ់​ទី​របស់​កម្ពុជា​បាន​១​គ្រាប់​នៅ​នាទី​ទី​១៦ ដោយ​ខ្សែប្រយុទ្ធ Faris Ramli បន្ទាប់ពី​ទទួលបាន​បាល់​តែ​ត​ពី​ខ្សែបម្រើ​។ នៅ​នាទី​២២​កម្ពុជា​ទទួលបាន​ឱកាស​ពិសេស​មួយ​ស៊ុត​បាល់​យ៉ាង​ល្អ​ពី​ខ្សែបម្រើ សុះ ស៊ូ​ហា​ណា ប៉ុន្តែ​ត្រូវបាន​អ្នកចាំទី​សង្ហ​បុរី​ជួយ​សង្គ្រោះបាន​។ នៅ​ចុង​តង់ សិង្ហ​បុរី បាន​បាល់​ពិន័យ​១១​ម៉ែត្រ បន្ទាប់​បាល់​ប៉ះ​ដៃ​ខ្សែការពារ​កម្ពុជា ណុប តុលា ដែល​ទទួលបាន​កាត​លឿង​។ យ៉ាងណា គ្រាប់​បាល់​ពិន័យ​នេះ​ត្រូវបាន​អ្នកចាំទី​វ័យក្មេង អ៊ុំ សេរី​រ័ត្ន ជួយសង្គ្រោះ​បាន​។ ចប់​តង់​ទី​១ សិង្ហ​បុរី នាំមុខ​កម្ពុជា ១-០​។​

​ចំណែក​នៅ​តង់​ទី​ពីរ សិង្ហ​បុរី​បាន​វាយ​សម្រុក​យ៉ាងខ្លាំង​នៅ​ដើមតង់​រហូត​អាច​រកបាន​១ គ្រាប់​ទៀត​ដោយ​កីឡាករ  Fazrul Nawaz នៅ​នាទី​ទី​៤៧ បន្ទាប់​ខ្សែការពារ ញឹម សុវណ្ណារ៉ា បោះ​បាល់​មិនបាន​ល្អ​ដែល​បណ្តាល​ឲ្យ​ខ្សែប្រយុទ្ធ​សិង្ហ​បុរី​ដណ្តើមបាន និង​ស៊ុត​ចូល​យ៉ាង​ស្អាត​។ បន្ទាប់មកទៀត ម្ចាស់ផ្ទះ​នៅតែ​វាយ​សម្រុក និង​មានឱកាស​ស៊ុត​ជាច្រើនលើក ប៉ុន្តែ​ត្រូវបាន​អ្នកចាំទី​វ័យក្មេង សេរី​រ័ត្ន ជួយសង្គ្រោះ​បានជា​ច្រើនលើក​។​

​នៅ​នាទី​ទី​៦៥ កម្ពុជា​បាន​ទម្លាយ​សំណាញ់​ទី​របស់​សិង្ហ​បុរី​បាន​១​គ្រាប់​វិញ​ដោយ​ខ្សែ បម្រើ​មកពី​ក្លិប​ភ្នំពេញ​ក្រោ​ន សុះ ស៊ូ​ហា​ណា បន្ទាប់ពី​តារា​វ័យក្មេង​មកពី​បឹងកេត​អង្គរ ចាន់ វឌ្ឍនាកា អ៊ូ​ស​បាល់​ចូល​តំបន់​គ្រោះថ្នាក់ និង​បញ្ជូន​បាល់​យ៉ាង​ល្អ​។ ការទម្លាយ​សំណាញ់​ទី​ដៃគូ​នេះ​ត្រូវ​នឹង​អ្វីដែល​គ្រូបង្វឹក​ជម្រើស ជាតិ​កម្ពុជា​សង្ឃឹមថា ក្រុម​របស់លោក​អា​ចរក​គ្រាប់​បាល់​បាន​។​

​គួររម្លឹកថា កាលពី​ជើង​ទី​១​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ សិង្ហ​បុរី​បាន​យកឈ្នះ​កម្ពុជា​៤-០ ដែល​ពេលនោះ​គ្រាប់​ទី ១ រកបាន​ដោយ​កីឡាករ Khairul Amri នាទី​ទី ៩ គ្រាប់​ទី ២ រកបាន​ដោយ​កីឡាករ Safuwan Baharudin នាទី​ទី ២១ គ្រាប់​ទី ៣ រកបាន​ដោយ Safuwan Baharudin  ដដែល​នៅ​នាទី​ទី​៣៥ និង​គ្រាប់​ទី​៤​ដោយ Fazrul Nawaz នៅ​នាទី​ទី​៥៥៕

​កម្ពុជា​ចាញ់​ម្ចាស់ផ្ទះ​សិង្ហ​បុរី​២-១ យប់មិញ​