ស្ថាន​ទូត​រុស្ស៊ី​​ប្រចាំ​នៅ​ស៊ីរីរង​ការវាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​

ស្ថាន​ទូត​រុស្ស៊ី​​ប្រចាំ​នៅ​ស៊ីរីរង​ការវាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​

រូបភាព​ចេញ​ផ្សាយ​ដោយ​គេហទំព័រ​របស់​ក្រសួង​ការពារ​ប្រទេស​រុស្ស៊ី បង្ហាញ​រូប​ថត​ចេញ​ពី​វីដេអូ​ អំ​ពី​ការវាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​ ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ប្រទេស​ស៊ីរី។ (EPA/RUSSIAN DEFENCE MINISTRY)

កាល​ពី​ថ្ងៃ​អង្គារ ក្រុម​សកម្ម​ប្រយុទ្ធ​បាន​បាញ់​រ៉ុក្កែត​ដាក់​ស្ថានទូត​រុស្ស៊ី​ក្នុង​ក្រុង​ដាម៉ាស់ (Damascus)​ ដែល​លោក​រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី​ Sergei Lavrov ហៅ​ថា​ជា​ «សកម្មភាព​ភេរវកម្ម» មួយ​ដើម្បី​បំភិត​បំភ័យ​ក្រុម​ដែល​គាំទ្រ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម។

រ៉ុក្កែត​ពីរ​គ្រាប់ត្រូវ​បាន​បាញ់​ចំ​ស្ថានទូត​រុស្ស៊ី​កាល​ពី​ថ្ងៃ​អង្គារ ​នៅ​ពេល​ដែល​មនុស្ស​រាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំ​នៅ​ខាង​ក្រៅ​ទីនោះ​ ដើម្បី​គាំទ្រ​យុទ្ធនាការ​យោធា​ពីរ​អាទិត្យ​មក​ហើយ​របស់​រុស្ស៊ីនៅ​ក្នុង​ប្រទេស​ស៊ីរី។​ គ្មាន​របាយការណ៍​ជា​បន្ទាន់​អំពី​ចំនួន​មនុស្ស​ស្លាប់​ទេ។​

ការ​វាយ​ប្រហារ​នេះ​មិនមែន​ជា​ប្រតិកម្ម​តែ​មួយ​គត់​ប្រឆាំង​នឹង​រុស្ស៊ី​ទេ។​ ក្រុម​មន្ត្រី​សន្តិសុខ​រុស្ស៊ី​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ពួក​គេ​បាន​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន ​ដែល​បាន​គ្រោង​ធ្វើ​ការវាយ​ប្រហារ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ក្នុង​ក្រុង​ម៉ូស្គូ​ ហើយ​មាន​ចំណង​ទាក់ទង​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម។​

​នៅ​ក្នុងខ្សែ​អាត់សំឡេង​មួយ​ ដែល​ត្រូវ​បានផ្សាយ​ចេញ​ នៅ​ពេល​បន្ទាប់​មក​ទៀត​ក្នុង​ថ្ងៃ​ចន្ទ​នោះ​ដែរ​ មេដឹក​ឈ្មោះ​ Abu Mohamed al-Jolani ប្រធាន​សាខា​រណសិរ្ស​ Al-Nusra នៃ​ក្រុម​ al-Qaida ក្នុង​ប្រទេស​ស៊ីរី​បាន​សុំ​ដល់​ជន​សកម្ម​ប្រយុទ្ធ​ក្នុង​តំបន់ Caucasus ឱ្យ​ប្រឆាំង​នឹង​យុទ្ធនាការ​តាម​អាកាស​របស់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ ដោយ​យក​ជន​ជាតិរុស្ស៊ី​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ។

នៅ​ពេល​ជាមួយ​គ្នា​នេះ​លោក Staffan de Mistura ប្រេសិត​អ.ស.ប.​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​ស៊ីរី ​ធ្វើការ​ចរចា​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​អង្គារ​នេះ​ ជា​ផ្នែកមួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​យល់គ្នា​រវាង​ក្រុម​មន្ត្រី​រុស្ស៊ី​និង​ស.រ.អា.​និង​ធ្វើចលនា​ឆ្ពោះ​ទៅ​កាន់​ដំណើរការ​នយោបាយ​មួយ​សម្រាប់​បញ្ចប់​សង្គ្រាម​ក្នុង​ប្រទេស​ស៊ីរី។

រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​មាន​ការ​ខ្វែងគំនិតគ្នា​អំពី​មុខ​នាទី​ដែល​ប្រទេស​នីមួយៗ​បំពេញ​នៅ​ក្នុង​ប្រទេស​ស៊ីរី។​ លោក De Mistura ក៏​គ្រោង​នឹង​ធ្វើ​ដំណើរ​តាម​យន្តហោះ​ក្នុង​ពេល​បន្ទាប់​មក​ទៀត​មក​កាន់​រដ្ឋធានីវ៉ាស៊ីនតោន​ ដែរ​ដើម្បី​ធ្វើការ​ចរចា​ជាមួយ​ក្រុម​មន្ត្រី​អាមេរិកាំង៕​