គ្រោះថ្នាក់​ចរាចរណ៍ ក្រោយ​ភ្ជុំបិណ្ឌ​មួយថ្ងៃ នៅ​ថ្ងៃទី​១៣​តុលា សម្លាប់​មនុស្ស ៧ នាក់ របួស ៥៥ នាក់​

ភ្នំពេញ: ​របាយការណ៍​ប៉ូលិស​ក្រសួងមហាផ្ទៃ បាន​បង្ហាញថា នៅក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មួយថ្ងៃ គឺ​នៅ​ថ្ងៃទី​១៣​តុលា ដែលជា​ពេលវេលា​មមាញឹក ក្នុងការ​ធ្វើដំណើរ វិល​ត្រលប់​មកពី​ស្រុកកំណើត តាម​បណ្តា​ខេត្ត​នានា ចូលមក​កាន់​រាជធានី​ភ្នំពេញ គឺ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ២៧ លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៧ នាក់ និង​របួស ៥៥ នាក់​ផ្សេងទៀត​។

​ក្នុងនោះ បើ​បូកសរុប​រយៈពេល ៤ ថ្ងៃ ក្នុងពេល​បុណ្យ​ភ្ជុំបិណ្ឌ គិត​ចាប់ពី​ថ្ងៃទី​១០ ខែតុលា ដល់​ថ្ងៃទី​១៣​តុលា នៅ​ទូទាំងប្រទេស កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ១០១ លើក សម្លាប់​មនុស្ស ៤១ នាក់ និង​របួស ២០២ នាក់​។​

​របាយការណ៍​ប៉ូលិស បង្ហាញថា មូលហេតុ ដែល​បង្ក​អោយ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ នៅពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ គឺ​ល្មើស​ល្បឿន ៣៧​លើក មិន​គោរព​សិទ្ធិ​អាទិភាព ១៩​លើក ប្រជែង​គ្រោះថ្នាក់ ១៧​លើក ស្រវឹង ១១​លើក បត់​ឆ្វេង​ស្តាំ​មិន​ប្រុងប្រយ័ត្ន ៩​លើក និង​មិន​ប្រកាន់​ស្តាំ​៨​លើក​។

​ប៉ូលិស​ក៏បាន​កត់ត្រា​នូវ​ខេត្ត ដែល​កើតមាន​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើន​ក្នុងពេល​បុណ្យ​ភ្ជុំបិណ្ឌ រួមមាន​៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តកំពង់ចាម និង​ខេត្តព្រៃវែង​៕​