ក្រសួង​អប់រំ ដាក់វិន័យ​ទណ្ឌកម្ម លើ​គ្រូបង្រៀន នៅ​ស្រុក​រំដួល ដែល​បានដាក់​ទណ្ឌកម្ម សំរាត​សំពត់​សិស្សស្រី ក្នុង​ថ្នាក់រៀន​

ភ្នំពេញ: ​ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ពី​ការដាក់វិន័យ​ទណ្ឌកម្ម​លើ​លោកគ្រូ ដួង សា​នេ​ត គ្រូបង្រៀន​ថ្នាក់​ទី​២ ក នៅ​សាលាបឋមសិក្សា ហ៊ុនសែន វត្ត​ថ្មី​។ គ្រូបង្រៀន​នោះ បានដាក់​ទណ្ឌកម្ម​លើ​សិស្សស្រី ដោយបាន​ឲ្យ​សិស្ស​ប្រុស ជា​មិត្ត​រួម​ថ្នាក់ សម្រាត​សំពត់​នាង ពេល​អាន​មេរៀន​មិនចេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បានបង្ហាញ​នូវ​វិន័យ​ទណ្ឌកម្ម ៣ ចំណុច លើ​គ្រូបង្រៀន ដួង សា​នេ​ត រួមមាន​៖ ស្តីបន្ទោស​ជា​លាយលក្ខណ៍អក្សរ ផ្លាស់ចេញ​ដោយ​បង្ខំ ទៅ​បំពេញការងារ​នៅ​ការិយាល័យ​អប់រំ យុវជន និង​កីឡា ស្រុក​រំដួល និង​តម្រូវ​ឲ្យ​លោក ដួង សា​នេ​ត បំពេញការងា​រដ្ឋបាល​តូចតាច នៅ​ការិយាល័យ​អប់រំ យុវជន និង​កីឡា ស្រុក​រំដួល​។ ទណ្ឌកម្ម​ខាង​វិន័យ​នោះ ត្រូវបាន​ធ្វើឡើង តាំងពី​ថ្ងៃទី​២​មិថុនា បន្ត​ដល់​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥​។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចុះ​ថ្ងៃទី​១៤​តុលា​នេះ បង្ហាញថា "​ទណ្ឌកម្ម​ខាង​វិន័យ ដែល​លោកគ្រូ ដួង សា​នេ​ត បានទទួល​នេះ គឺ​ឆ្លើយតប​ទៅនឹង​មាត្រា ៤០ នៃ​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួចរាល់​ហើយ​។ រីឯ​ទណ្ឌកម្ម​តាមផ្លូវ​ច្បាប់​ផ្សេងទៀត គឺជា​សមត្ថកិច្ច​របស់​តុលាការ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ពុំមាន​សមត្ថកិច្ច ធ្វើ​អន្តរាគមន៍​ឡើយ​"​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៥ វេលា​ម៉ោង ៩ និង ១០ នាទី ព្រឹក នៅ​សាលាបឋមសិក្សា ហ៊ុន សែន វត្ត​ថ្មី ស្ថិតនៅ​ភូមិ​តា​បោង ឃុំ​សង្កែ ក្មេងស្រី​រងគ្រោះ អាយុ ១១ ឆ្នាំ ត្រូវបាន​គ្រូ ដួង សា​នេ​ត ដាក់ទណ្ឌកម្ម ដោយ​តម្រូវ​ឲ្យ​ឡើង​ឈរលើ​តុ ក្នុង​ថ្នាក់រៀន ហើយ​ឲ្យ​លើកដៃ​ឡើងលើ បែរមុខ​រក​សិស្ស​ក្នុង​ថ្នាក់ ហើយ​គ្រូ​នោះ បាន​ប្រើ​ឲ្យ​សិស្ស​ប្រុស សម្រាត​សំពត់ និង​ខោ​ក្នុង របូត​ដល់​កែងជើង និង​បញ្ជា​សិស្ស​ឲ្យ​មើល​សើច​លេង​ថែមទៀត​។ ក្មេងស្រី​រងគ្រោះ អះអាងថា គ្រូបង្រៀន​នោះ បានដាក់​ទណ្ឌកម្ម​ដោយ​ចាប់​សម្រាត​សំពត់​នាង​ដូច្នេះ ចំនួន ៣ លើក មកហើយ​។​

​ក្រោយ​កើតហេតុ​នោះ ជីដូន​របស់​ក្មេងស្រី អាយុ ៦៤​ឆ្នាំ បានដាក់​ពាក្យបណ្តឹង នៅ​តុលាការ ខេត្តស្វាយរៀង​។ តែ​ចៅក្រម​មិន​ចាត់ការ​។ លោកយាយ និង​ចៅស្រី​រងគ្រោះ បាន​អំពាវនាវ​ឲ្យ​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួយ​អន្តរាគមន៍ រក​យុត្តិធម៌​ឲ្យ​ក្មេងស្រី​នោះ​ផង​។
 
​ហេតុការណ៍​នោះ ត្រូវបាន​អ្នកកាសែត យកមក​ចុះផ្សាយ​តាម​កាសែត វិទ្យុ និង​ទូរទស្សន៍ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥​។ ចំណែក​បណ្តឹង​នៅ​តុលាការ គឺ​ពុំមាន​ចំណាត់ការ​អ្វី​នៅឡើយ​ទេ លើ​គ្រូបង្រៀន​អសីលធម៌ ដួង សា​នេ​ត នោះ​៕

ក្រសួង​អប់រំ ដាក់វិន័យ​ទណ្ឌកម្ម លើ​គ្រូបង្រៀន នៅ​ស្រុក​រំដួល ដែល​បានដាក់​ទណ្ឌកម្ម សំរាត​សំពត់​សិស្សស្រី ក្នុង​ថ្នាក់រៀន​