នៅ​ក្រុង​«គុជ» ពលរដ្ឋ​មួយ​គ្រួសារ​ត្អូញ​ថា គ្មាន​ទឹក​ស្អាត​ប្រើ​ប្រាស់

ក្នុងក្រុង«គុជ» នាពេលបច្ចុប្បន្ន ដែលមេដឹកនាំអួតអាងថា កំពុងមានការអភិវឌ្ឍន៍ រីកដូចផ្សិតនោះ មាន​ពលរដ្ឋ​មួយ​ចំនួន​កំពុង​រស់​នៅ​ទាំង​វេទនា និង​ត្អូញ​ត្អែរ​ពី​កង្វះ​ខាត ទឹកអនាម័យសម្រាប់ប្រើប្រាស់។
នៅ​ក្រុង​«គុជ» ពលរដ្ឋ​មួយ​គ្រួសារ​ត្អូញ​ថា គ្មាន​ទឹក​ស្អាត​ប្រើ​ប្រាស់
ទិដ្ឋភាពបូកខ្សាច់លប់បឹងកក់ លប់ដោយទាំងផ្ទះសម្បែងពលរដ្ឋ ដើម្បីអភិវឌ្ឍទីនោះ តាមគម្រោងរបស់រដ្ឋាភិបាល។ (រូបថត Reuters)

គ្រួសារមួយ ដែលកំពុងរស់នៅ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានថ្លែងត្អូញត្អែរ នៅ​ថ្ងៃ​ទី០៥ ខែតុលា ឆ្នាំ២០១៥ នៅមុខស្ថានទូតរុស្ស៊ី​ក្នុងទិវាសិទ្ធិលំនៅដ្ឋានពិភពលោក លើកទី៣០ថា សព្វថ្ងៃ​គ្រួសារលោក កំពុងរស់យ៉ាងវេទនា រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក គ្មានអ្នកទីពឹងទេ។ មូលហេតុ នៃការ​វេទនា​របស់គ្រួសារលោក គឺដោយសារការអភិវឌ្ឍន៍ តំបន់បឹងកក់ ដែលបណ្តាលឲ្យគ្រួសារមួយ ដែលមាន​ជីវភាពល្មមសមរម្យ ក្លាយទៅជាគ្រួសារ ដែលគ្មានអ្វីៗទាំងអស់។

លោក ឃិន ចន្ថា មេគ្រួសារខាងលើ ដែលកំពុងរស់នៅផ្ទះតូច ក្បែរពំនួកខ្សាច់ជាច្រើន ក្នុងទឹកដីបឹងកក់ ដែល​គ្មានទឹកអ្វី មួយដំណក់នោះ បានថ្លែងទាំងទឹកមុខស្រពោនថា សព្វថ្ងៃលោក និងគ្រួសារគ្មានទឹកប្រើប្រាស់ទេ រស់ទាំងវេទនា។ លោកបន្តថាតាំងពី សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យខ្មែរឥស្លាម សង់ព្រះវិហារថ្មីមក លោក​នឹងគ្រួសារ ត្រូវបានគេផ្តាច់ទឹក លែងឲ្យប្រើប្រាស់ក្នុងនោះទៀត។

អ្នកភូមិបឹងកក់ ដែលបានចូលរួម ក្នុងទិវាសិទ្ធិលំនៅដ្ឋាននឹងគេដែរនេះ បានអំពាវនាវ ដល់សាលា​រាជធានី​ភ្នំពេញ ឲ្យពន្លឿនការដោះស្រាយ ដល់ក្រុមអ្នកភូមិបឹងកក់ ដែលរងគ្រោះ ជាពិសេស អ្នកដែល​មិន​ទាន់​ទទួល​បាន សំណងសមរ្យនោះ ឲ្យបានឆាប់។ លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ គ្រួសារលោក នៅមិន​ទាន់​ទទួលបានសំណងណា ជាក់លាក់នោះទេ ដោយត្រូវរស់នៅក្នុងខ្ទម គ្មានទឹកភ្លើងប្រើប្រាស់ កណ្តាល​ទីក្រុង​គុជ ដែលមើលទៅ ហាក់«សម្បើម»មួយនេះ។

លោកបានឲ្យដឹងដែរថា ពាក្យសម្តីដែលអ្នកនាំពាក្យ សាលារាជធានីភ្នំពេញ ធ្លាប់បានបរិយាយ តែវាហាក់​ដូច ជាគ្មានដំណោះស្រាយ ជួនពួកគាត់សោះ។ ពីមួយលើកទៅមួយលើក នៅពេលហៅទៅប្រជុំម្តងថា កាត់​បែប​នេះ ម្តងថាសងបែបនោះ តែទីបំផុតទៅ នៅតែមិនបាន ទទួលការដោះស្រាយ ពិតប្រាកដដដែល។ លោក​លើក​ឡើងថា៖ «សមជារដ្ឋប្រជាធិបតេយ្យទេ ដែលឲ្យពលរស់ស្ទើរស្លាប់ ព្រោះគ្មានទឹកប្រើអ៊ីចឹងនោះ»។

មិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានទេ នៅព្រឹកថ្ងៃទី០៥ ខែតុលានេះ។ យ៉ាង​ណាក៏ដោយ គ្រួសារខាងលើធ្លាប់ប្រាប់ថា សាលារាជធានី បានហៅលោក និងអ្នកភូមិបឹងកក់ផ្សេងទៀត ទៅ​បំភ្លឺជាញឹកញាប់ហើយ តែដំណោះស្រាយ នៅតែគ្មានរហូតកមដល់ថ្ងៃនេះ។ ជាចុងក្រោយ គ្រួសារ​មួយ​នេះ បាន​សុំអំពាវនាវ ឲ្យអង្កការសប្បុរសធម៌នានា ទាំងជាតិនិងអន្តរជាតិ មេត្តាជួយគ្រួសារលោកផង៕