ផឹកស៊ី​ថ្ងៃ​ភ្ជុំ​ធំ ឈ្លោះ​ជាមួយ​ប្រពន្ធ​វាយ​១​ពូថៅ​ចំ​ក្បាល​ស្លាប់

ខេត្តកំពង់ចាម ៖ ប្រភព​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ តុលា នេះ បុរស​ជា​ប្តី​ឈ្មោះ​កោ​ក ឌឿ​ន ដែល​ជាប់ចោទ​ពី​បទ​សម្លាប់​ប្រពន្ធ​​ឈ្មោះ​ញ៉ែ​ម សា​រ៉​ន អាយុ​៤២​ឆ្នាំ មិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​បាន​នៅឡើយ​ទេ ដែល​អំពើ​ឃោរឃៅ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​យប់​ថ្ងៃ​ទី​១២ តុលា ២០១៥ កន្លង​ទៅ ស្ថិត​នៅ​ភូមិ​ប្រ​យុគ ឃុំ​ទំនប់ ស្រុក​បា​ធា​យ​ ។

លោក​អធិការ​នគរបាល​ស្រុក​បា​ធា​យ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ ត្រូវ​នឹង​ថ្ងៃ​ទី​១២ តុលា  បុរស​ជា​ប្តី​ឈ្មោះ​កោ​ក ឌឿ​ន  អាយុ​៣៧​ឆ្នាំ បាន​ជួបជុំ​មិត្តភក្តិ​ជិត​ឆ្ងាយ ព្រមទាំង​ក្រុម​សាច់ញាតិ​ផឹកស៊ី​សប្បាយ​នៅផ្ទះ​របស់​អ្នក​ដទៃ នៅ​ក្នុងភូមិ​របស់​ខ្លួន​រហូត​ដល់​ស្រវឹង​ធ្លាក់​ភ្នែក ។ លុះ​ពេល​យប់ ទើប​ត្រឡប់​មក​ផ្ទះ​វិញ ក៏​បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​យ៉ាង​តឹង​សរសៃ​.​ក ។

លោក​អធិការ​បន្ត​ថា គ្រានោះ​បុរស​ជា​ប្តី​ឈ្មោះ​ឌឿ​ន បាន​យក​ខ្នងពូថៅ​ទៅ​វាយ​ត្រូវ​ក្បាល​ប្រពន្ធ​ចំ​ពី​ខាងក្រោយ​ពេញ​មួយ​ទំហឹង​ដៃ  ជា​ហេតុ​បណ្តាល​ឱ្យ​បែក​ហូរ​ឈាម​ស្លាប់​ភ្លាម​ៗ ។ ដោយ​ឃើញ​បែប​នេះ ប្តី​បាន​ប្រញាប់​ចុះពីលើផ្ទះ​ទាញ​ម៉ូតូ​ជិះ​គេចខ្លួន ដោយ​ទៅ​ប្រាប់​សាច់ញាតិ​របស់​ខ្លួន​ឱ្យទៅ​មើល​ប្រពន្ធ​របស់​ខ្លួន​ថា កំពុង​តែ​ត្រូវ​របួស​លើ​ផ្ទះ​ឯណោះ ហើយ​ជន​នោះ​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​មិនដឹង​ទៅ​ទីណា​ឡើយ  ។