នៅ​ស្ពាន​ស្រែង​៖ ប្រណាំងទូក​រវាង​ឃុំ​មកពី​ស្រុក និង​ខេត្ត​២ ពេល​ឆ្លងបុណ្យ​ភ្ជុំបិណ្ឌ

ខេត្តបន្ទាយមានជ័យ: ប្រជាពលរដ្ឋ​បាននាំគ្នា​ប្រណាំងទូក​បែប​ប្រពៃណី ជា​លើកដំបូង នៅក្នុង​ប្រឡាយទឹក​ដែល​ទើប​កសាង​ថ្មី​សន្លាង ខ្វាត់ខ្វែង​នៅ​ប្រព័ន្ធធារាសាស្ត្រ​ស្ពាន​ស្រែង ក្នុង​ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។

​ទូក​អុំ​ចំណុះ​ទូក​ពី​១២ ទៅ ២០​នាក់ បាន​ប្រណាំង​រវាង​ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ និង​ឃុំ​តា​អាន ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១៣ និង​ថ្ងៃទី​១៤​តុលា ឆ្នាំ​២០១៥ ដើម្បី​បង្កលក្ខណ​:​សប្បាយរីករាយ​ផង និង​ដើម្បី​រំលឹក​ប្រវត្តិ​ប្រពៃណីជាតិ​ផង រួមទាំង​ដើម្បី​អបអរ​នឹង​សមិទ្ធផល​ប្រព័ន្ធ​ទំនប់​ប្រឡាយ​កសាង​ថ្មី ដោយ​រាជរដ្ឋាភិបាល​ផង និង​ដើម្បី​អបអរ​ឆ្លងបុណ្យ​ភ្ជុំបិណ្ឌ​ផង​។​

​ការប្រណាំង​ទូក​ជា​មិត្តភាព​នោះ បានការ​ឧបត្ថម្ភ​ពី​ព្រះគ្រូ​ចៅអធិការ​វត្ត​ស្ពាន​ស្រែង ហើយ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​រាប់រយ​ពាន់​នាក់​។​
 
​លោក ព្រំ ឆៃ មេឃុំ​ស្ពាន​ស្រែង និយាយថា នេះ​ជាការ​ប្រណាំងទូក​ប្រពៃណី ជា​លើកដំបូង រវាង​ឃុំ​ទាំងពីរ ដែល​នៅជាប់​នឹង​ទំនប់​១​មិថុនា ត្រង់​ស្ពានថ្ម​បូរាណ ស្ពាន​ស្រែង ដែល​កសាង​នៅ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ជាទី​ដែល​ប្រជាជន​កម្ពុជា រង​ទុក្ខ​បុក​ម្នេញ ទារុណកម្ម និង​ការសម្លាប់​ដោយ​វាយចោល ដោយ​ធ្វើការ​បាក់កម្លាំង បង្អត់អាហារ ឈឺ​មិន​ព្យាបាល ជាដើម​។​
 
​លោក ព្រំ ឆៃ ក៏​ឆ្លៀត​ទាញ​ការចាប់អារម្មណ៍​ពី​ថ្នាក់លើ​នៃ​ក្រសួង​ស្ថាប័ន​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ឆាប់ បាន​ជួសជុល​ស្ពាន​រលំ​ជ្រៃ​នៃ​ប្រព័ន្ធ​អាង​ស្ពាន​ស្រែង ដែល​ខូចខាត តាំងពី​ឆ្នាំ​២០១៣ នោះ​ឡើងវិញ​ផង​។​
 
​ក្នុង​ពិធី​ប្រណាំងទូក​នោះ ក៏មាន​ការចូលរួម​ពី​លោក យ៉​ត សុផល អធិការនគរបាល​ស្រុក​ភ្នំស្រុក លោក ចាន់ តារា ស្នងការរង​នគរបាល​ខេត្ត​ផងដែរ​។ មន្ត្រី​ទាំងនោះ បាន​ដឹកនាំ​កម្លាំង​ថែរក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុងឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្យ​នៅ​ស្រុក​ភ្នំស្រុក បាន​យ៉ាង​ល្អ​ផងដែរ​៕